Friday, April 26, 2024
Homeនយោបាយលោកមាជ សុវណ្ណារ៉ា ថាលោកសម រង្ស៊ី-កឹម សុខា គួរបង្កើតបក្សថ្មី បន្តវេនបក្សសង្គ្រោះជាតិ

លោកមាជ សុវណ្ណារ៉ា ថាលោកសម រង្ស៊ី-កឹម សុខា គួរបង្កើតបក្សថ្មី បន្តវេនបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ លោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាននៃអតីតគណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានឱ្យយោបល់ដល់លោកសម រង្ស៊ី-កឹម សុខា អតីតគណបក្សសង្គ្រោះជាតិ គួរបង្កើតបក្សថ្មី បន្តវេនបក្សសង្គ្រោះជាតិ ដើម្បីចូលរួមការ បោះឆ្នោតជាតិ ឆ្នាំ២០១៨ តាមរយៈការធ្វើ សមាជបក្ស ចេញពីបក្សពន្លឺភ្លើងទៀន ឬបក្ស សិទ្ធិមនុស្សប្រសើរជាងការបង្កើតចលនាសង្គ្រោះជាតិ ឬរង់ចាំគណបក្សសង្គ្រោះជាតិ រស់វិញ។

ជាមួយគ្នានេះ អតីតយុជននៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានបញ្ចោញយោបល់យល់ ស្របនឹងគំនិតរបស់លោកមាជ សុវណ្ណារ៉ា ផង ដែរ ដោយបានលើកឡើងថា មិនត្រូវដេករង់ចាំ ការចាប់ជាតិជាថ្មីរបស់អតីតគណបក្សសង្គ្រោះជាតិ នោះទេ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាម រយៈគណនីហ្វេសប៊ុករបស់អ្នកស្រីសិទ្ធ ចំរើន ភរិយារបស់លោកដែលសព្វថ្ងៃកំពុងរស់នៅឯ សហរដ្ឋអាមេរិក លោកមាជ សុវណ្ណារ៉ា បានលើក នូវទស្សនៈរបស់លោកថា “ទស្សនៈខ្ញុំ, មាជ សុវណ្ណារ៉ា តើចាំបាច់បង្កើតចលនាសង្គ្រោះជាតិ ឬក៏មានចលនាថ្មីនៃអ្នកបន្តវេនសង្គ្រោះជាតិ?

-រឿងចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយ តុលាការកំពូលកម្ពុជា ដែលត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា ជារឿងហេតុផល នយោបាយជាជាងការអះអាងរបស់រដ្ឋអំណាច លោកហ៊ុន សែន ថាគោរពនីតិរដ្ឋបង្ក្រាបចលនា បដិវត្តន៍ពណ៌ ដើម្បីស្ថិរភាព និងសន្តិភាព គឺ វាគ្រាន់ជាលេសក្នុងការពង្រឹងអំណាច តាម រយៈការបំផ្លាញឱ្យខ្ទេចខ្ទីគូប្រកួត ហើយយក ឈ្នះស្របច្បាប់តាមការបោះឆ្នោតដែលគ្មាន គូបក្សប្រឆាំងខ្លាំងស្មើនឹងខ្លួន។ ដូច្នេះថ្នាក់ដឹកនាំ បក្សប្រឆាំង តើគួរបង្កើតចលនាថ្មីមួយ ដែល មានក្រុមបញ្ញវន្ត ឬអ្នកស្នេហាជាតិជំនាន់ថ្មី ឱ្យ មានវត្តមានឡើងដើម្បីបន្តវេនក្នុងការជំរុញ ចលនាថ្មីសន្លាងមួយនេះ ធ្វើការជាមួយអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ជាងកន្លះនគរ (អ្នកបោះឆ្នោតជាង៣លាននាក់) និងសហគមន៍ខ្មែរ នៅឯនាយសមុទ្រដោយមានការគាំទ្រទាំងស្រុង ពីសំណាក់ថ្នាក់ដឹកនាំសង្គ្រោះជាតិឆ្ពោះទៅរក ការត្រៀមខ្លួនចូលរួមការបោះឆ្នោតជាតិ នៅ ឆ្នាំ២០១៨ ខាងមុខនេះ។ ចំណែកមេដឹកនាំ បក្សសង្គ្រោះជាតិវិញ ក៏ត្រូវតែបន្តបេសកកម្ម តស៊ូមតិក្នុងឆាកនយោបាយការទូតក្រៅប្រទេស ដូចដែលខ្លួនកំពុងតែធ្វើបច្ចុប្បន្នជាមួយបណ្តា ប្រទេសលោកខាងលិច មិនថាសហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប ក្នុងគោលបំណងដើរ ទៅរកផ្លូវដំណោះស្រាយមួយក្នុងការចរចាគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ក្រោម ការសម្របសម្រួល ឬការដាក់សម្ពាធផ្នែកនយោបាយពីសំណាក់សហគមន៍អន្តរជាតិ។

-ក្រុមចលនាថ្មីនៃអ្នកជំនាន់ថ្មីបន្តវេន និង មេដឹកនាំបក្សសង្គ្រោះជាតិ ដែលត្រូវបង្ខាំង ដោយច្បាប់របស់អំណាចលោកហ៊ុន សែន ឱ្យ ឈប់ធ្វើនយោបាយ៥ឆ្នាំ តើអាចត្រូវតែពិគ្រោះ យោបល់នៃបេសកកម្ម និងចក្ខុវិស័យនយោបាយ គ្នាឆ្ពោះទៅមុខបន្តទៀតបានឬទេ ដើម្បីចៀស វាងការភ័ន្តច្រឡំនៃការបែកបាក់ផ្ទៃក្នុង និង ភាពមិនទុកចិត្តគ្នា?

-កិច្ចដំណើរការស្វែងរកដំណោះស្រាយ នយោបាយរវាងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ជាមួយបក្សកាន់អំណាច និងសហគមន៍អន្តរជាតិ ក្នុងការធ្វើឱ្យស្ថានការណ៍នយោបាយងាក ត្រឡប់ថយក្រោយទៅរកប្រក្រតីភាពដើម ឡើងវិញ គឺជាពេលវេលាដែលត្រូវតែធ្វើការងារ បន្តបន្ទាប់ទៅតាមកាលៈទេសៈនៃការវិវត្ត ស្ថានការណ៍នយោបាយ។

-រីឯគម្រោងមេ (Master Plan) នៃ បេសកកម្ម និងចក្ខុវិស័យនយោបាយទៅថ្ងៃខាង មុខ តើចាំបាច់ត្រូវតែមានការរៀបចំផែនការ នៃអ្នកជំនាន់ថ្មីបន្តវេនឬយ៉ាងណា? ដែលចលនា ថ្មីបន្តវេននេះ គឺជាប្លង់មេ ឆ្ពោះទៅរកអនាគត បក្សនយោបាយថ្មីមួយ ដែលជាកង់សឺគួរ បម្រុង ដាក់ជំនួសបក្សសង្គ្រោះជាតិ ក្នុងហេតុការណ៍ អាសន្នដែលបក្សប្រឆាំងបច្ចុប្បន្នមិនទាន់អាច រកច្រកចេញរួចនៅឡើយ ប្រយោជន៍កុំឱ្យគ្រោះ ថ្នាក់ដល់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ និងអ្នកគាំទ្រសង្គ្រោះជាតិ ជាង៣លាននាក់ ជាម្ចាស់ឆ្នោត ធ្លាក់ប្រយោជន៍ឱ្យទៅបក្សកាន់ អំណាច ដោយងាយស្រួលបំផុតនោះ ដែលមេ បក្សប្រឆាំង ទាំងលោកសម រង្ស៊ី ក្តី លោកកឹម សុខា ក្តី និងស្ថាបនិកបក្សនយោបាយប្រឆាំង ជាច្រើននាក់ទៀតដែលបានខិតខំបូជាទាំងកម្លាំង កាយ សំឡេង ទឹកចិត្ត និងបញ្ញាចំណេះដឹង រហូតកសាងបានជិតសម្រេចផលជូនប្រជាជាតិ និងប្រជារាស្ត្រ អស់រយៈពេលមកជាង២ទសវត្សរ៍ កុំឱ្យរលាយបាត់បង់ដោយឥតន័យ។

-កាលៈទេសៈវាគ្មានទេ ការបែកបាក់ កម្លាំងពលរដ្ឋគាំទ្រ និងកម្លាំងស្នូលសមាជិកបក្ស ឬថ្នាក់ដឹកនាំណាក្តីនោះ បើយើងតម្កល់ឆន្ទៈ ជាតិ ចេះស្តាប់គ្នា ដោយមិនឈ្នានីសច្រណែន បង្កបក្ខពួកបំបែកបំបាក់ ព្រោះតែការលោភលន់ និងការប្រមាថគ្នានោះ។ ដូច្នេះចាប់ពីឥឡូវ នេះ ទៅប៉ុន្មានខែខាងមុខទៀត រហូតទៅដល់ ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺពេលវេលាខ្លីណាស់ សម្រាប់បក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី, លោក កឹម សុខា និងឥស្សរជនជាន់ខ្ពស់ជាច្រើននាក់ ទៀត ត្រូវគិតគូរឱ្យទាន់ពេលវេលា ដើម្បីយក ជ័យជម្នះ ដោយប្រកាន់ខ្ជាប់នូវការលះបង់នូវ នាទីទឹកនយោបាយចុងក្រោយ ក្នុងការប្រកាស រៀបចំរចនាសម្ព័ន្ធបក្សនយោបាយ ដែលមាន ស្រាប់ឱ្យរស់ឡើងវិញ ក្រោមជំហរបញ្ជាក់ពី សំណាក់មេដឹកនាំទាំងពីរនាក់ (សម រង្ស៊ី-កឹម សុខា) នូវពីក្រោយការប្រកាស ឬអំពាវនាវ ជាសាធារណៈឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសស្រទាប់ពលរដ្ឋម្ចាស់ឆ្នោតជាង៣លាន នាក់ថា (ចលនាថ្មីមួយនៃអ្នកជំនាន់ថ្មីបន្តវេន និងឈានទៅរកការបង្កើតបក្សនយោបាយថ្មី ចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ តាមរយៈ ការធ្វើសមាជបក្ស ចេញពីបក្សពន្លឺភ្លើងទៀន ឬ បក្សសិទ្ធិមនុស្សក្តីជាបក្សបន្តវេនពីបក្សសង្គ្រោះជាតិ)?”។

លោកមាជ សុវណ្ណារ៉ា បានបន្ថែមថា “កំណត់ ចំណាំ ៖ គំនិតគិតផ្តល់យោបល់រកដំណោះស្រាយ ចេញពីភាពនយោបាយទាល់ច្រក (ក្តីសង្ឃឹម ឬ គ្មានសង្ឃឹមនៃការរស់ឡើងវិញ របស់បក្សសង្គ្រោះជាតិ (CNRP) គឺវាអាស្រ័យលើភាព ឈ្លាសវៃ ដែលចេញពីការឱ្យតម្លៃគ្នា, ការទុក ចិត្តគ្នា, ការពិគ្រោះគំនិតយោបល់ដោយចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ដើម្បីបុព្វហេតុជាតិ)។

ជុំវិញយោបល់លោកមាជ សុវណ្ណារ៉ា ខាងលើនេះ មិនទាន់មានការឆ្លើយតបពីលោកសម រង្ស៊ី និងលោកកឹម សុខា ក៏ដូចជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ យ៉ាងណា នៅឡើយ ស្របពេលដែលលោកសម រង្ស៊ី និង អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដើម្បីទាមទារឱ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ និង អ្នកទោសមនសិការទាំងអស់ ព្រមទាំងឱ្យអតីត គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ ចំណែកអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ភាគច្រើនមកពី ក្រុមលោកកឹម សុខា (កូតាគណបក្សសិទ្ធិមនុស្ស) បានប្រឆាំងនឹងការបង្កើតចលនាសង្គ្រោះជាតិ ដោយប្តេជ្ញាថែរក្សាការពារអតីតគណបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពនយោបាយ ឬ សកម្មភាពអ្វីផ្សេងៗក្នុងនាមគណបក្សសង្គ្រោះជាតិ គឺមិនព្រមឱ្យមានការបង្កើតគណបក្សថ្មី ឬចលនាថ្មី ក្រៅពីគណបក្សសង្គ្រោះជាតិនោះ ឡើយ។

ទោះជាយ៉ាងណា អតីតយុវជននៃអតីត គណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាង ត្បូង លោកយឹម ស៊ីណន បានបញ្ចោញយោបល់ យល់ស្របនឹងគំនិតរបស់លោកមាជ សុវណ្ណារ៉ា ដែលចង់ឱ្យលោកសម រង្ស៊ី និងកឹម សុខា អតីត គណបក្សសង្គ្រោះជាតិ បង្កើតគណបក្សនយោបាយថ្មី បន្តវេនគណបក្សសង្គ្រោះជាតិ ដើម្បី ចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ តាមរយៈ ការធ្វើសមាជបក្ស ចេញពីបក្សពន្លឺភ្លើងទៀន ឬបក្សសិទ្ធិមនុស្សប្រសើរជាងការបង្កើតចលនា សង្គ្រោះជាតិ ឬរង់ចាំគណបក្សសង្គ្រោះជាតិ រស់វិញ ដោយលោកបានលើកឡើងថា មិនត្រូវ ដេករង់ចាំការចាប់ជាតិជាថ្មីរបស់អតីតគណបក្សសង្គ្រោះជាតិ នោះទេ។

ជាមួយគ្នានេះ លោកយឹម ស៊ីណន បាន លើកឡើងតាមគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ថា “តើគួរ ការបង្កើតចលនាសង្គ្រោះជាតិ ឬគួរបង្កើតយន្តការដោះស្រាយបញ្ហាដែលកំពុងប្រឈម?

តាមពិតទៅ ខ្ញុំជឿថា លោកសម រង្ស៊ី គាត់ មិនអាចយកចលនានេះទៅបង្កើតបក្សដើម្បី ចូលរួមក្នុងការបោះឆ្នោតនោះទេ។ ដូច្នេះការ ចោទប្រកាន់របស់សមាជិក និងអ្នកគាំទ្រ ដែល មាននិន្នាការកឹម សុខា និយម គឺមិនមែនជារឿង ត្រឹមត្រូវនោះឡើយ។ ដោយហេតុថា ទោះ ក្នុងកាលៈទេសៈណាក៏ដោយបើសម រង្ស៊ី និង កឹម សុខា បែកគ្នានោះ ចរន្តទាំងពីនេះ នឹង ស្លាប់មិនខាន។

មកដល់ត្រង់នេះ ខ្ញុំសូមធ្វើការបង្ហាញពី ការយល់ឃើញខ្លះៗ ចំពោះបញ្ហាចំពោះមុខ។ ក្រោយពេលគេរំលាយ Cnrp ថ្នាក់ដឹកនាំទាំងអស់បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីពឹងពាក់ឱ្យអន្តរជាតិ ជួយសង្គ្រោះបក្សនេះឡើងវិញ។ ហើយការតស៊ូទាំងនោះ ក៏កំពុងទទួល បានការគាំទ្រជាច្រើនពីសំណាក់សហគមន៍អន្តរជាតិ និងពលរដ្ឋទូទៅផងដែរ។ ប៉ុន្តែការដេក រង់ចាំនូវអន្តរាគមន៍របស់អន្តរជាតិ វាមិនមែនជាជម្រើសល្អមួយសម្រាប់ Cnrp នោះទេ ពោល គឺខ្លួនត្រូវចេញធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីស្វែងរកដំណោះស្រាយ។

លោកយឹម ស៊ីណន អតីតយុវជនបក្សប្រឆាំង ជាមួយលោកសម រង្ស៊ី

តើចលនាសង្គ្រោះជាតិនេះ អាចមាន ឥទ្ធិពល និងតួនាទីបែបណា ដើម្បីចូលរួមដោះ ស្រាយបញ្ហាដែលកំពុងប្រឈម?

១-ដើម្បីលើកទឹកចិត្តទៅអ្នកគាំទ្រ ជាង ៣លាននាក់ថា យើងមិននៅស្ងៀមទេ?

២-ដើម្បីចងក្រងប្រមូលសមាជិក ដែល កំពុងបែកខ្ញែកគ្នាគ្រប់ទិសទីឱ្យមករួមគ្នាវិញ?

៣-ដើម្បីយកឈ្មោះចលនានេះ ទៅពឹង អន្តរជាតិបន្ថែមទៀត?

៤-ដើម្បីប្រមូលថវិកា ជួយដល់អ្នកដែល កំពុងភៀសខ្លួន និងតំណាងរាស្ត្រដែលមានបញ្ហា?

៥-ដើម្បីយកឈ្មោះចលនានេះ ក្នុងការ ប្រតិកម្ម និងប្រឆាំងនូវរាល់ទង្វើរបស់រដ្ឋាភិបាល?

៦-ដើម្បីដឹកនាំឱ្យពលរដ្ឋក្រោកឈរក្នុង ការប្រឆាំងរដ្ឋាភិបាល?

៧-ដើម្បីកុំឱ្យអ្នកគាំទ្រយល់ថា លោក សម រង្ស៊ី គ្មានបានធ្វើអ្វី?

ក្នុងកាលៈទេសៈនេះ ទោះយើងធ្វើសកម្មភាពនៅក្នុងរូបភាពចលនា ឬបក្សក៏ដោយ ក៏ មិនអាចធ្វើឱ្យមានដំណោះស្រាយណាមួយកើត ឡើងដែរ ហើយបើទោះយកឈ្មោះចលនានេះ ទៅនិយាយជាមួយអន្តរជាតិ ឬមហាជន ក៏នៅ តែក្នុងរូបភាពបក្សដដែល ព្រោះថា អ្នកដឹកនាំ ចលនានេះ គឺជាសមាជិកបក្ស។ និយាយរួមមក ចលនានេះ គ្មានឥទ្ឋិពលអ្វីឱ្យជាដុំកំភួន សម្រាប់ ដោះស្រាយវិបត្តិនយោបាយនេះឡើយ”។

អតីតយុវជនបក្សប្រឆាំងដដែលនេះ បាន សរសេរបន្តថា “តើ Cnrp គួរដោះស្រាយវិបត្តិ នយោបាយនៅពេលនេះដោយរបៀបណា?

ដូចយើងបានដឹងហើយថា ទោះបីប្រទេស កម្ពុជា ជាប្រទេសប្រកាន់យករបបសេរី ដោយ មានការបោះឆ្នោតក៏ដោយចុះ តែសកម្មភាព នៃការដឹកនាំជាតិសព្វថ្ងៃ ពលរដ្ឋដឹងច្បាស់ថា ជារបបផ្តាច់ការយោធានិយម។ ដូច្នេះ ការតស៊ូ នៅក្នុងរបបបែបនេះ គេមិនអាចតស៊ូត្រឹមការ ចរចាឱ្យមានការបោះឆ្នោត ដើម្បីបង្គ្រប់កិច្ច នោះទេ។

ដូច្នេះ អ្វីដែល Cnrp ត្រូវធ្វើនៅ ពេលនេះ ៖

១-បង្កើតក្រុមយុទ្ឋសាស្ត្រ (Think tank) ដើម្បីធ្វើការវាយតម្លៃស្ថានភាព និងរៀបចំកំណត់ គោលដៅរួម សម្រាប់ ២០១៨ និង២០២៣។

២-បង្កើតគណកម្មការចំពោះកិច្ច ទទួល បន្ទុកគ្រប់គ្រង និងចែកចាយព័ត៌មានទៅដល់ បណ្តារចនាសម្ពន្ឋ័នៅគ្រប់ទូទាំងពិភពលោក។

៣-បង្កើតក្រុមការទូត ដើម្បីបង្ហាញ ព័ត៌មាន និងការវិវត្តរបស់ស្ថានភាពនយោបាយ ដល់អន្តរជាតិ។

៤-បង្កើតគណកម្មការមួយ ដើម្បីទទួល បន្ទុកទាក់ទងសុំការសហការពីបណ្តាសមាគមន៍ និងសហជីពធំៗ ព្រមទាំងបក្សនយោបាយតូចៗ។

៥-បង្កើតក្រុមធ្វើព័ត៌មាន និងប្រតិកម្ម រហ័ស។

-យុទ្ធសាស្ត្រទី១ ៖ “ឆ្ពោះទៅការចូលរួម បោះឆ្នោត ២០១៨”

កត្តាដែលអាចឱ្យយើងចូលរួមបោះឆ្នោត បាន រួមមាន ៖

១-កត្តាសម្ពាធអន្តរជាតិ និងមហាជន ដែលចង់បានការផ្លាស់ប្តូរ

២-កត្តា Cpp ចង់បានភាពស្របច្បាប់

៣-កត្តាឯកភាពជាតិ។

ដូច្នេះ ក្រុមទទួលបន្ទុកការទូត ត្រូវបង្កើន ការធ្វើការទូត Lobby ទ្វេដង ដើម្បីទាមទារ ឱ្យដាក់សម្ពាធកាន់តែធ្ងន់ ប្រយោជន៍បើកផ្លូវ ចរចាមួយដែលអាចទទួលយកបានពីគ្រប់ភាគី។ ហើយគណកម្មការទទួលបន្ទុកទំនាក់ទំនងជាមួយសមាគម សហជីព និងបក្សតូចៗ ត្រូវ បើកប្រតិបត្តិការ Lobby ពីការមិនគាំទ្រការ បោះឆ្នោតដែលគ្មានវត្តមាន Cnrp។

ទន្ទឹមនេះ Cnrp ត្រូវបង្កើតក្រុមចរចាមួយ ដែលមានភាពច្បាស់លាស់ក្នុងការចរចា សមាសភាពត្រូវជ្រើសរើសមនុស្សដែលមាននិន្នាការ កណ្តាលនិយម តម្កល់ប្រយោជន៍ជាតិជាធំ។

បើសិនការចរចា ព្រមព្រៀងស្របតាម ស្មារតីនៃ៣ចំណុចខាងលើ បើកឱ្យមានការបោះឆ្នោតនោះ លទ្ឋផល Cnrp អាចឈ្នះ និង Cpp អាចចាញ់។

ប៉ុន្តែបើ Cnrp ចាញ់ឆ្នោតវិញ ស្ថានភាព នយោបាយក៏គ្មានអ្វីប្រែប្រួលលើសពីពេលបច្ចុប្បន្ននោះដែរ។ យ៉ាងហោចណាស់ ចំណេញ បានតំណាងតំណាងរាស្ត្រខ្លះ ហើយនិង Cpp ចំណេញភាពស្របច្បាប់ និងកាន់អំណាចបន្ត ដដែល។ និយាយរួម វាគ្មានចំណេញអីបន្តិច ឡើយសម្រាប់ជាតិ និងប្រជាពលរដ្ឋ។

ប៉ុន្តែបើសិន Cnrp ឈ្នះវិញ ស្ថានភាព អាចមានការប្រែប្រួលច្រើនសម្រាប់សង្គម កម្ពុជា បើសិន Cpp ព្រមប្រគល់អំណាចឱ្យ ដោយសន្តិវិធី។

ចុះបើ Cpp មិនព្រមប្រគល់អំណាចឱ្យ វិញ តើស្ថានភាពនឹងទៅជាបែបណា? (មិន ហ៊ានទាយទុកមុន)។

ដូច្នេះ សម្រាប់យុទ្ឋសាស្ត្រទី១ ក្នុងការ ចូលរួមបោះឆ្នោត ២០១៨ វាគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លី ហើយពុំមានប្រយោជន៍ ណាច្រើនដល់ប្រទេសជាតិនោះទេ ពោលគឺ មានតែផលចំណេញដល់បក្សនយោបាយទាំង ពីរប៉ុណ្ណោះ។

-យុទ្ឋសាស្ត្រទី២ ៖ “ដំណើរឆ្ពោះទៅការបោះឆ្នោត ២០២៣”

បើការចរចាគ្មានលទ្ធផល ប្រាកដណាស់ ថា Cnrp មិនមានឱកាស ដើម្បីចូលរួមបោះឆ្នោត ២០១៨ នោះឡើយ។

ដូច្នេះ Cnrp ត្រូវធ្វើយុទ្ឋនាការប្រឆាំង នឹងការបោះឆ្នោតដែលគ្មានការទទួលស្គាល់ពី មហាជន និងអន្តរជាតិ ដោយយន្តការមហាជន និងការដាក់សម្ពាធផ្សេងៗពីអន្តរជាតិ។

Cnrp ត្រូវបញ្ជាឱ្យមេទព័ទាំងអស់របស់ ខ្លួន វិលចូលអង្គភាព ដើម្បីត្រៀមដឹកនាំទ័ព ប្រយុទ្ឋជាមួយពួកក្រុមរំលោភ និងជាន់ឈ្លី លទ្ឋិប្រជាធិបតេយ្យ។

ទោះបីយុទ្ឋសាស្ត្រប្រឈមភាពគ្រោះថ្នាក់ បន្តិចក៏ពិតមែន ប៉ុន្តែលទ្ធផលក្រោយការប្រយុទ្ឋ នឹងអាចធ្វើឱ្យមានផលវិជ្ជមានច្រើន សម្រាប់ អនាគតសង្គមកម្ពុជា។

ការប្រឆាំងនឹងរបបផ្តាច់ការ មិនអាច ប្រើប្រាស់យន្តការបោះឆ្នោតមួយមុខនោះទេ គឺត្រូវការការតស៊ូពីគ្រប់ភាគី ជាពិសេស ចលនា មហាជន ដែលជាម្ចាស់ប្រទេសទាំងមូល។

ទាំងនេះគ្រាន់តែជាការយល់ឃើញជា លក្ខណៈបុគ្គលប៉ុណ្ណោះ បើមានការខ្វះខាត សូមជួយកែសម្រួលតាមការគួរ។ សូមអរគុណ ! ពីខ្ញុំ យឹម ស៊ីណន”៕

ខៀវទុំ

RELATED ARTICLES