Saturday, April 27, 2024
Homeព័ត៌មានជាតិផ្សារអង្គតាសោម ទឹកស្អុយជន់លិច អាជ្ញាធរមិនរវល់

ផ្សារអង្គតាសោម ទឹកស្អុយជន់លិច អាជ្ញាធរមិនរវល់

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ រួមនឹងអាជីវករលក់ដូរនៅក្នុងផ្សារអង្គតាសោម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ បានរអ៊ូរទាំគ្រប់គ្នាថា ផ្សារអង្គតាសោម គឺជាផ្សារធំមួយក្នុងខេត្តតាកែវ មានអាជីវករលក់ដូរទំនិញគ្រប់មុខជាច្រើនប្រភេទ ព្រមទាំងមានភ្ញៀវទេសចរជាតិ-អន្តរជាតិចេញចូលមិនដាច់ បែរជាមានទឹកស្អុយហូរចេញពីលូ ធ្វើឱ្យជន់លិច ស្អុយគគ្រុក បង្កការលំបាក ទាំងអ្នកចេញចូលផ្សារ ទាំងអាជីវករលក់ដូរ ប៉ុន្តែអាជ្ញាធរដែនដី ហាក់ធ្វើមិនដឹងមិនឮ មិនចេញមុខដោះស្រាយសោះ។

ប្រជាពលរដ្ឋបានបន្តថា ចំណុចដែលមានទឹកលូហូរចេញមកនោះ គឺនៅត្រង់ចំណុចកន្លែងផ្ញើកង់ម៉ូតូរបស់ឈ្មោះឈឿន ហើយមិនតែប៉ុណ្ណោះនៅមានកាកសំណល់កាហ្វេ និងស្បោងប្លាស្ទិករាយប៉ាយ គ្មានសណ្តាប់ធ្នាប់ និងអនាម័យសោះតែម្តង តែបើនិយាយពីរឿងភាស៊ីវិញ មានអ្នកដើរប្រមូលជារៀងរាល់ថ្ងៃ មិនដែលភ្លេចសោះ តែអ្នកដើរទារភាស៊ីនោះ ហាក់មើលមិនឃើញទឹកស្អុយចេញពីលូលិចផ្លូវ លិចផ្សារនោះសោះ ហើយបើនៅតែបណ្តោយឱ្យបញ្ហានេះកើតមានឡើងទៀត ផ្សារអង្គតាសោម នឹងគ្មានមនុស្សចេញចូលទិញទំនិញទៀតឡើយ ព្រោះតែបរិស្ថានមិនស្អាត មានទឹកលូជន់លិចផ្លូវ ជះក្លិនស្អុយគគ្រុក ព្រមទាំងមានសំរាមរាយប៉ាយ ខ្វះអនាម័យសម្បើមណាស់។

 

ក្រុមអាជីវករលក់ដូរនៅផ្សារអង្គតាសោម បានអំពាវនាវដល់អាជ្ញាធរដែនដី ពិសេសម្ចាស់គ្រប់គ្រងផ្សារជួយចុះពិនិត្យមើលស្ថានភាពផ្សារផង កុំរវល់តែរាប់លុយភាស៊ីពេក គួរចុះមកពិនិត្យផ្ទាល់ភ្នែក ថាតើអាជីវករលក់ដូរជួបប្រទះទុក្ខលំបាកអ្វីខ្លះ ព្រោះរាល់ថ្ងៃនេះ ដោយសារទឹកស្អុយនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្លះលែងចង់ចូលផ្សារទិញទំនិញ ចំណែកពួកគាត់អ្នកលក់ដូរ ក៏លក់លែងដាច់ និងថែមទាំងទ្រាំហិតក្លិនស្អុយឆ្អេះឆ្អាប ចេញពីទឹកលូ និងសំរាមទាំងនោះជារៀងរាល់ថ្ងៃ រហូតដល់កើតមានជំងឺរមាស់ដៃជើង និងផ្លូវដង្ហើមជាបន្តបន្ទាប់។

លោកអ៊ុំ ចេន មេភូមិអង្គតាសោម បានឱ្យដឹងតាមទូរស័ព្ទមកថា ចំពោះទឹកលូដែលហៀរចេញមកនេះ គាត់ធ្លាប់បានរាយការណ៍ប្រាប់អាជ្ញាធរដែនដី និងអ្នកគ្រប់គ្រងផ្សារដែរ តែត្រង់គេជួលរថយន្តមកបូម ឬមិនបូម គាត់ក៏មិនិបានដឹងដែរ។

ចំណែកលោកតុប ប៊ុនថន មេឃុំអង្គតាសោម បានប្រាប់តាមទូរស័ព្ទមកថា លោកទទួលស្គាល់ថា ពិតជាមានទឹកលូស្អុយហៀរចេញមក នៅចំណុចកន្លែងផ្ញើកង់ម៉ូតូផ្សារអង្គតាសោម មែន នេះគឺបណ្តាលមកពីលូខ្លះបែកបាក់ ហើយកន្លែងខ្លះស្ទះសំរាម ទើបធ្វើឱ្យទឹកស្អុយហៀរចេញមកបែបនេះ ហើយរឿងនេះ អាជ្ញាធរដែនដី នឹងធ្វើឡើងវិញម្តងទៀត។

ដោយឡែក លោកកៅ វ៉ាក់សែល អភិបាលស្រុកត្រាំកក់ បានឆ្លើយប្រាប់តាមទូរស័ព្ទថា លោកកំពុងជាប់រវល់ មិនអាចផ្តល់បទសម្ភាសន៍បានទេ។

យ៉ាងណា ទាំងប្រជាពលរដ្ឋ រួមនឹងអាជីវករលក់ដូរនៅផ្សារអង្គតាសោម បានស្នើសុំឱ្យអាជ្ញាធរដែនដី និងអ្នកគ្រប់គ្រងផ្សារ ជួយស្តារលូទឹកស្អុយខាងលើជាបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ពិសេសក្រុមអាជីវករ ហើយការនាំមកនូវបរិស្ថាន និងអនាម័យស្អាត នៅក្នុងផ្សារអង្គតាសោម នេះ គឺមិនត្រឹមតែជាប្រយោជន៍ចំពោះសុខភាពទូទៅរបស់ប្រជាពលរដ្ឋនោះទេ តែក៏ជាមុខមាត់មួយរបស់ស្រុកត្រាំកក់ ផងដែរ៕

 

RELATED ARTICLES