Friday, April 26, 2024
Homeព័ត៌មានជាតិដេកចាំផ្លូវស្រីថ្លៃវិលវិញ!!! ប្រពន្ធចេញពីធ្វើការ ទៅលេងផ្ទះមិត្តភក្តិ បានត់ខ្លួនជាង២០ថ្ងៃ ប្តីប្តឹងសមត្ថកិច្ច

ដេកចាំផ្លូវស្រីថ្លៃវិលវិញ!!! ប្រពន្ធចេញពីធ្វើការ ទៅលេងផ្ទះមិត្តភក្តិ បានត់ខ្លួនជាង២០ថ្ងៃ ប្តីប្តឹងសមត្ថកិច្ច

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ កំពុងតែរួមរស់នឹងគ្នាមានសុភមង្គលសុខៗ ស្រាប់តែស្ត្រីជាប្រពន្ធបានចុះចោលផ្ទះបាត់ដោយគ្មានដំណឹង លុះបុរសជាប្តីព្យាយាមដើរតាមស្វែងរកប្រពន្ធសព្វកន្លែង​ អស់រយៈពេលជាង២០ថ្ងៃ នៅតែមិនឃើញ ក៏ដាច់ចិត្តរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសអភ័ព្វដែលត្រូវប្រពន្ធចុះចោលផ្ទះដោយគ្មានដំណឹង មានឈ្មោះផេង សំរេច អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់បន្ទប់ជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកស្ត្រីជាប្រពន្ធដែលនៅសុខៗបាត់ខ្លួនដោយគ្មានដំណឹង មានឈ្មោះហេង សុភ័ណ្ឌ អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា និងមានស្រុកកំណើតនៅភូមិដុល ឃុំវិហារសួគ៍ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមសម្តីបុរសបាត់ប្រពន្ធ បានរៀបរាប់ទាំងអួលដើមកថា ប្តីប្រពន្ធពួកគាត់បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី និងបានរួមរស់នឹងគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសចំនួន២នាក់ ជាចំណងនិស្ស័យ សព្វថ្ងៃពួកគេកំពុងរៀនសូត្រនៅក្នុងសាលាអង្គការ។

បុរសជាប្តីរូបនេះ បានបន្តទាំងអួលអាក់ថា ក្រោយពេលរៀបការរួច គាត់បាននាំប្រពន្ធទៅនៅស្រុកកំណើតរបស់គាត់ឯខេត្តកំពង់ធំ ដោយប្រកបមុខរបរជាកសិករ ប៉ុន្តែដោយសារតែពឹងលើរបរធ្វើស្រែចម្ការ ចេះតែខ្វះមុខខ្វះក្រោយមិនឈប់ ទើបប្តីប្រពន្ធគាត់បានពិភាក្សាគ្នា នាំគ្នាឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើចិញ្ចឹមជីវិត ដោយប្រឹងពួតដៃគ្នារកស៊ីដើម្បីអនាគត។

បុរសជាប្តី បានឱ្យដឹងទៀតថា នៅពេលឡើងមកដល់ភ្នំពេញ ពួកគាត់បានយកកូនប្រុសទាំង២នាក់ ទៅសុំអង្គការមួយ ដើម្បីចូលរៀនសូត្រ រហូតដល់សព្វថ្ងៃ។ ចំណែកគាត់ជាប្តីបានរកការងារសំណង់ធ្វើ រីឯប្រពន្ធបានចូលធ្វើការងាររោងចក្រ ប្រឹងរកលុយរៀងខ្លួនដើម្បីទប់ទល់ជីវភាពគ្រួសារ ហើយកន្លងមក ប្តីប្រពន្ធពួកគាត់រួមរស់នឹងគ្នាប្រកបដោយការយោគយល់អធ្យាស្រ័យ និងមានសុភមង្គលល្អណាស់ ត្បិតថា ជីវភាពមិនធូរធារដូចគេ ប៉ុន្តែមិនដែលមានជម្លោះអ្វីធ្ងន់ធ្ងរនោះទេ។

បុរសជាប្តី បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ប្រពន្ធរបស់គាត់បានចេញទៅធ្វើការងាររោងចក្រ ដូចសព្វដង រហូតដល់ល្ងាចថ្ងៃដដែល ដល់ម៉ោងចេញពីធ្វើការទៅហើយ នៅតែមិនទាន់ឃើញប្រពន្ធត្រឡប់មកវិញទៀត ទើបគាត់នឹកឆ្ងល់ ក៏ខលទូរស័ព្ទទៅសួរប្រពន្ធថា “អូននៅឯណា ពេលណាត្រឡប់មកផ្ទះវិញ?” ពេលនោះប្រពន្ធក៏បានឆ្លើយតបមកវិញថា “នៅផ្ទះមិត្តភក្តិ តែមិនទាន់ត្រឡប់ទៅវិញភ្លាមទេ ដ៏យូរបន្តិច”។ លុះដល់យប់ថ្ងៃដដែល នៅតែមិនឃើញប្រពន្ធមកវិញទៀត ទើបគាត់បានចុចទូរស័ព្ទទៅសួរប្រពន្ធ ស្រាប់តែខលលែងចូលរហូតតែម្តង។

បុរសជាប្តី បានបន្ថែមថា តាំងពីប្រពន្ធបាត់ខ្លួនមក គាត់បានព្យាយាមដើរតាមស្វែងរកប្រពន្ធសព្វកន្លែង មិនថាកន្លែងធ្វើការ ផ្ទះមិត្តភក្តិ ផ្ទះសាច់ញាតិ ឬកន្លែងដែលប្រពន្ធធ្លាប់ទៅនោះទេ ពោលគឺដើររុករកគ្មានសល់ ប៉ុន្តែមិនមានដំណឹងអ្វីសូម្បីបន្តិច ធ្វើឱ្យគាត់ជាប្តីបានត្រឹមអស់សង្ឃឹម ដេកទន្ទឹងចាំផ្លូវប្រពន្ធប៉ុណ្ណោះ។ រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ក្រោយពីបាត់ប្រពន្ធជាង២០ថ្ងៃនៅតែរកមិនឃើញ ទើបគាត់និងម្តាយ ដាច់ចិត្តមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកប្រពន្ធត្រឡប់មកវិញ៕

RELATED ARTICLES