Saturday, April 27, 2024
Homeព័ត៌មានជាតិរវល់រួមស្នេហ៍ជាមួយសង្សាយយ៉ាងត្រជាក់ល្ហឹម អត់ដឹងចោរលួចម៉ូតូ ទាល់តែសមត្ថកិច្ចទៅហៅ

រវល់រួមស្នេហ៍ជាមួយសង្សាយយ៉ាងត្រជាក់ល្ហឹម អត់ដឹងចោរលួចម៉ូតូ ទាល់តែសមត្ថកិច្ចទៅហៅ

ខេត្តកណ្តាល ៖ យុវជនម្នាក់បានបើកម៉ូតូ១គ្រឿង ទៅឈប់នៅមុខផ្ទះជួលមួយកន្លែង បន្ទាប់មក បានចាក់សោក និងយកច្រវាក់ចាក់កង់ក្រោយថែមទៀត រួចហើយបានឡើងទៅជាមួយសង្សារបណ្តូលចិត្ត នៅក្នុងបន្ទប់ជាន់ទី២ យ៉ាងសុខសាន្ត។

ខណៈដែលត្រូវបានជនសង្ស័យចំនួន៣នាក់ ចូលទៅធ្វើសកម្មភាពកាច់សោកយក ក្រោយកាច់សោកបានសម្រេច បញ្ឆោះជិះមិនកើត ជនសង្ស័យក៏បាននាំគ្នាអូសរត់ ។ ប៉ុន្តែសំណាងអាក្រក់បានជួបជាមួយកម្លាំងនគរបាលប៉ុស្តិ៍បែកចាន និងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល កំពុងល្បាត ក៏មានការសង្ស័យ បានឃាត់ត្រួតពិនិត្យ តែជនទាំងនោះមិនព្រមឈប់ បាននាំគ្នារត់ ហើយនគរបាលបានដេញតាមចាប់បានម្នាក់ និងដកហូតបានម៉ូតូមកវិញ ។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះ ម៉ៅ មឿន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នគរបាលដកហូតបានកូនសោម៉ូតូ ឧបករណ៍សម្រាប់ឆ្កឹះសោកម៉ូតូ ចំនួន០២ ទួណឺវីសចំនួន១ សោខ្សៀរចំនួន១ មួកសុវត្ថិភាពចំនួន០២ និងមួកក្រណាត់ពណ៌ខ្មៅចំនួន១។

ដោយឡែក បក្ខពួក២នាក់ទៀតរត់គេចខ្លួន ទី១. ឈ្មោះ ជា អាយុប្រហែល២៥ឆ្នាំ និងទី២ ឈ្មោះ កក អាយុប្រហែល២៧ឆ្នាំ ពួកគេស្នាក់នៅមិនពិតប្រាកដ ។ រីឯម៉ូតូដែលត្រូវចោរលួចនោះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GH-1340 លេខតួ និងលេខម៉ាស៊ី៤១៣៨៨៦ ជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ជឿន វ៉ាន់ដា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមមន្ត្រីនគរបាល បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅរកនារីម្នាក់ដែលជាសង្សាររបស់ខ្លួន ស្ថិតនៅត្រង់ចំណុចកើតហេតុខាងលើ ។ លុះពេលទៅដល់ បានទុកម៉ូតូនៅក្នុងបរិវេណផ្ទះជួលនោះ ដោយបានចាក់សោក សោថាសហ្វ្រាំងមុខ និងចាក់សោច្រវាក់កង់ក្រោយត្រឹមត្រូវ ទើបចូលទៅដេកនៅបន្ទប់ជាមួយសង្សារនៅលើជាន់ទី២ ។ ខណៈនោះក្រុមចោរបានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច ប៉ុន្តែបញ្ឆោះមិនឆេះមិនអាចជិះរួច ក៏បាននាំគ្នាអូសរត់គេចខ្លួន ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពេលសាកសួរ ជនសង្ស័យឈ្មោះ ម៉ៅ មឿន បានសារភាពថា ខ្លួននិងបក្ខពួក២នាក់ទៀតបានធ្វើសកម្មភាពកាច់សោកម៉ូតូខាងលើ ហើយបណ្តើរចេញដល់ផ្លូវជាតិលេខ៤ ស្រាប់តែជួបសមត្ថកិច្ចល្បាតភ័យពេក ក៏បាននាំគ្នារត់គេចខ្លួន ហើយបក្ខពួកបានរត់រួច រីឯរូបគេរត់មិនរួច ក៏ត្រូវបាននគរបាលដេញតាមឃាត់ខ្លួនបានវិញ ។

នគរបាលបន្តទៀតថា ចំណែកយុវជនដែលជាម្ចាស់ម៉ូតូកំពុងមានសេចក្តីសុខជាមួយសង្សារ មិនបានដឹងថា ចោរលួចម៉ូតូនោះឡើយ ទាល់តែក្រោយមក នគរបាលទៅកាន់ផ្ទះជួលនោះ សួររកម្ចាស់ម៉ូតូ ទើបយុវជននេះដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួច និងដាក់ពាក្យបណ្តឹងឱ្យចាត់ការចោរតាមច្បាប់៕

RELATED ARTICLES