Saturday, April 27, 2024
Homeព័ត៌មានជាតិញ៉ែស្រីពីល្ងាចដល់យប់ជ្រៅមិនបាន ខឹងទាញកាំភ្លើងបាញ់១គ្រាប់ ធ្លាយកំភួនជើង

ញ៉ែស្រីពីល្ងាចដល់យប់ជ្រៅមិនបាន ខឹងទាញកាំភ្លើងបាញ់១គ្រាប់ ធ្លាយកំភួនជើង

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមកឈប់ក្បែរនារីរូបស្រស់ម្នាក់ ក្នុងបំណងចង់ញ៉ែ លុះសាសងមិនត្រូវរ៉ូវ ក៏បង្កជាទំនាស់បែកផ្សែងតាំងពីក្បាលល្ងាច រហូតដល់យប់ជ្រៅ ស្រាប់តែជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានដកកាំភ្លើងបាញ់នារីរងគ្រោះ បណ្តាលឱ្យធ្លាយកំភួនជើងម្ខាង រួចព្យាយាមរត់គេចខ្លួន ដោយប៉ុនប៉ងប្លន់ម៉ូតូ១គ្រឿង ជិះគេចខ្លួនទៀត តែរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព័ទ្ធចាប់បានរួចព្រួតវ៉ៃរហូតសល់ដង្ហើមចង្រិត។

ហេតុការណ៍បាញ់ប្រហារនារីម្នាក់ធ្លាយកំភួនជើង ខឹងញ៉ែមិនបាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចសួនច្បារណាហ្គាវើល តាមបណ្តោយផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះដែលទទួលរងការបាញ់ប្រហារ បណ្តាលឱ្យធ្លាយកំភួនជើង មានឈ្មោះគីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយ វត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះឡុង សម្បត្តិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានមកអង្គុយហូបអីនៅសួនមុខណាហ្គាវើល ស្រាប់តែជនសង្ស័យម្នាក់មានបំណងញ៉ែនារីរងគ្រោះ តែមិនដឹងជាញ៉ែបែបណា ក៏ស្រាប់តែកើតជាទំនាស់ពាក្យសម្តីនឹងគ្នា  រហូតដល់ជនសង្ស័យបានដកកាំភ្លើងខ្លី ម៉ាកK59 មួយដើម បាញ់ចំកំភួនជើងឆ្វេងរបស់នារីរងគ្រោះ បណ្តាលឱ្យរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។

ប្រភពដដែលបន្តថា ឃើញបែបនេះ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ជនសង្ស័យជាខ្មាន់កាំភ្លើងក្រឡេករកបក្ខពួកមិនឃើញ ក៏ព្យាយាមរត់សំដៅទៅស្ពាននាគ លុះទៅដល់ឃើញបុរសម្នាក់កំពុងឈប់អង្គុយលើម៉ូតូ ក៏ដកកាំភ្លើងបម្រុងបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះ ដើម្បីជិះរត់គេចខ្លួន តែកាំភ្លើងបាញ់មិនចេញ ក៏ត្រូវប្រជាពលរដ្ននៅក្បែរនោះចាប់បាន នាំគ្នាព្រួតវាយយ៉ាងចាស់ដៃតែម្តង។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងបានកើតមានទំនាស់ជាមួយជនសង្ស័យជាខ្មាន់កាំភ្លើង តាំងពីល្ងាច ស្រាប់តែយប់ជ្រៅ ពេលនាងកំពុងតែផឹកស៊ីជុំគ្នានៅលើសួនមុខណាហ្គាវើល ក៏ឃើញបុរសខាងលើជិះម៉ូតូ២-៣ជុំសួនច្បារ ឃើញដូចនោះ នាងក៏ប្រាប់ក្រុមបងធម៌របស់នាងថា បុរសនឹងហើយដែលរករឿងខ្ញុំពីល្ងាច។ ឮបែបនេះ ក្រុមបងធម៌របស់នាងបាននាំគ្នាទៅកាក់ម៉ូតូជនសង្ស័យដើម្បីសួរនាំ និងបានវាយទៅលើបុរសដែលហ៊ានឈ្លោះគ្នាជាមួយនាងជាច្រើនដៃ ទើបធ្វើឱ្យបុរសនោះខឹងក៏ដកកាំភ្លើងបាញ់ត្រូវចំកំភួនជើងរបស់នាង១គ្រាប់ បង្កការភ្ញាក់ផ្អើលអ្នកនៅជិតនោះ ស្មានថាជាករណីបាញ់ប្លន់។ ក្រោយពីបាញ់នាងឱ្យរបួសហើយ ខ្មាន់កាំភ្លើងបំរុងគេចខ្លួន តែត្រូវក្រុមជនស្ទាវដែលនៅជិតនោះ នាំគ្នាដេញចាប់និងវាយសល់តែដង្ហើមចង្រិត ទើបប្រគល់ឱ្យសមត្ថកិច្ច និងដកហូតបានកាំភ្លើងខ្លី K59 មួយដើម នៅសល់គ្រាប់ចំនួនប្រាំគ្រាប់ទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរ៉ឺម៉កម៉ូតូដឹកយកជនសង្ស័យជាខ្មាន់កាំភ្លើងទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រោះត្រូវគេវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីរកឱ្យឃើញថា មកពីមូលហេតុអ្វីគ្រាន់តែរឿងទំនាស់សោះ ឈានដល់ថ្នាក់បាញ់បែបនេះ៕

RELATED ARTICLES