Friday, April 26, 2024
Homeតារាខ្មែរពិតទេ អ្នកនាងយុគ ចិន្តា កំពុងប្រេះឆាស្នេហ៍?

ពិតទេ អ្នកនាងយុគ ចិន្តា កំពុងប្រេះឆាស្នេហ៍?

ចំណងស្នេហ៍ជាង៥ឆ្នាំ រវាងអ្នកនាងយុគ ចិន្តា និងពោះម៉ាយនៅអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ កំពុងត្រូវបានពិធីការិនីជ្រកកោន​ក្រោមដំបូល CTN បានបង្ហើបឱ្យដឹងថា ឈានដល់ដំណាក់កាលចែកផ្លូវគ្នាហើយ បើសិនជាគ្មានការផ្សះផ្សាស្នេហ៍នោះ ព្រោះអ្នកទាំង២ ហាក់ខ្វែងគំនិតគ្នានាពេលចុងក្រោយនេះ…។

យុគ ចិន្តា ដែលភ្ជាប់ស្នេហាឆ្លងទ្វីប ជាមួយអាណិកជនខ្មែរនៅអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ជាង៥ឆ្នាំ តែទើបបើកចំហជាង២ឆ្នាំចុងក្រោយនេះ ឥឡូវចំណងស្នេហានេះបានឈានទៅដល់ភាពប្រេះឆាស្នេហ៍ ដោយអ្នកទាំង២ លែងបណ្តើរគ្នាទាល់តែសោះ ហើយទៅណាតែម្នាក់ឯងរៀងៗខ្លួន ស្របពេលដែលអ្នកនាងយុគ ចិន្តា មិននិយាយរឿងស្នេហានេះឡើយ។ អ្នកយកព័ត៌មានយើងបានជួបពិធីករនៅ CTN ដែលជិតស្និទ្ធអ្នកនាងយុគ ចិន្តា ក្នុងកម្មវិធីថតសិល្បៈអបអរចូលឆ្នាំខ្មែរ កាលពីពេលថ្មីៗនេះ ត្រូវបានពិធីកររូបនោះបង្ហើបឱ្យដឹងថា អ្នកនាងយុគ ចិន្តា មិនដែលដើរចូលគ្នាជាមួយលោកវុទ្ធី បណ្ឌិត ទៀតទេ ព្រោះថា អ្នកទាំង២ បានបែកបាក់គ្នាហើយ។ ប្រភពនោះឱ្យដឹងទៀតថា កុំថាឡើយអ្នកកាសែត ទោះជាអ្នកសិល្បៈដូចគ្នាសួររឿងរៀបការនោះ អ្នកនាងយុគ ចិន្តា ក៏មិនដែលនិយាយដែរ ព្រោះចាត់ទុកថាជារឿងឯកជនផ្ទាល់ខ្លួន ហើយនាពេលចុងក្រោយនេះ អ្នកនាងចិន្តា និងលោកសម័យ ដើរទៅញ៉ាំអីនៅពេលថ្ងៃឬយប់ គឺទៅតែម្នាក់ៗឯងរហូត ហេតុនេះហើយបានជាអ្នកធ្វើការជាមួយគាត់និយាយថា ពិធីការិនីជើងចាស់រូបនេះ បែកបាក់ស្នេហាថ្មីទៅហើយ។

យុគ ចិន្តា ធ្លាប់ត្រូវបានលោកសម័យ រៀបចំធ្វើខួបកំណើតឱ្យអ្នកនាងជារៀងរាល់ឆ្នាំ ដោយអ្នកទាំង២ បង្ហាញភាពផ្អែមល្ហែមស្នេហ៍មិនចាញ់គូសង្សារយុវវ័យឡើយ ដូចជាលោកបណ្ឌិត ឱបចង្កេះ និងបញ្ចុកនំខេក ដល់អ្នកនាងចិន្តា ជាដើម។ អ្នកនាងចិន្តា ក៏ធ្លាប់ដឹកដៃលោកសម័យ ទៅដើរលេងកម្សាន្តនៅប្រទេសសិង្ហបុរី ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀតដែរ នៅមុនពេលដែលអ្នកទាំង២ គ្រោងដឹកដៃគ្នាចូលរោងការ កាលពីឆ្នាំ២០១៦ ដែលធ្វើឱ្យតារាជាច្រើនរង់ចាំអបអរសាទរនោះ ពេលនេះបែរជាត្រូវខកចិត្តទៅវិញ ព្រោះថា ចំណងស្នេហាមានការប្រែប្រួលទៅហើយ ដែលពិបាកក្នុងការផ្សះផ្សាជាថ្មី។

យ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងសាកសួរតារាដែលស្និទ្ធជាមួយអ្នកនាងចិន្តា ហើយសាកសួរពីដើមហេតុដែលនាំឱ្យពិធីការិនីល្បីល្បាញរូបនេះ ឈានទៅចែកផ្លូវគ្នាជាមួយបុរសអាមេរិក នោះ គ្មានតារាណាម្នាក់ដឹងច្បាស់ឡើយ ដោយពួកគេនិយាយថា មិនមែនជារឿងទំនាស់ទេ តែជាការមិនចុះសម្រុងគ្នា ទើបមិនដែលដើរចូលគ្នាដូចមុនទៀត។

យុគ ចិន្តា ធ្លាប់ប្រាប់អ្នកកាសែតថា អ្នកនាងមានមនុស្សនៅក្នុងចិត្តហើយ គ្រាន់តែមិនអាចឈានទៅរៀបការបាន ដោយសារតែមានភាពរវល់ផ្ទាល់ខ្លួនពេក ទាំងការងារសិល្បៈ និងមុខជំនួញ ហេតុនេះហើយបានជាពិធីរៀបមង្គលការ មិនអាចកំណត់ឱ្យបានជាក់លាក់ថា ពេលណានឹងចេញជារូបរាងឡើយ ព្រោះថា សម្រាប់អ្នកនាងការងារជាជំហានទី១ ស្នេហាជំហានទី២។

យុគ ចិន្តា បានទិញវីឡាទ្រនំស្នេហ៍ស្កឹមស្កៃមួយ នៅទួលគោក ដោយលេចឮថា លោកសម័យ ក៏រស់នៅផ្ទះនេះ មុនពេលដែលពួកគេរៀបការជាមួយគ្នាជាសាធារណៈនោះ ហើយអ្នកនាងចិន្តា មានភាពកក់ក្តៅខ្លាំង ព្រោះសង្សារថ្មីនេះស្រលាញ់កូនស្រីខ្លួន កញ្ញាអម ដែលមានអាយុ១២ឆ្នាំនោះ ដូចកូនបង្កើតអ៊ីចឹង។ ប៉ុន្តែ ពេលនេះភាពរីករាយទាំងនោះ ត្រូវបានរសាយចេញបាត់ទៅហើយ ព្រោះថា មិនទាន់បានរៀបការផង ស្រាប់តែលែងដើរចូលគ្នាទៀត។

តារាសិល្បៈដែលស្និទ្ធស្នាលខ្លាំងជាមួយអ្នកនាង យុគ ចិន្តា នោះ បានសម្តែងការខកចិត្ត នៅពេលដែលឮថា ពេលនេះអ្នកនាងយុគ ចិន្តា មិនមែនពន្យារពេលរៀបការទេ តែគឺជាការលុបចោលមង្គលការទាំងស្រុង ជាមួយលោកសម័យ ហើយមើលទៅអ្នកទាំង២ គ្មានបំណងក្នុងការផ្សះផ្សាគ្នាជាថ្មីឡើងវិញទេ ព្រោះថា អ្នកនាងចិន្តា ច្រើនតែសម្រេចចិត្តក្នុងការធ្វើអ្វីមួយ ហើយមិនកែប្រែឡើយ។

យុគ ចិន្តា ឈរក្នុងអាជីពពិធីការិនីល្បីល្បាញជាង១ទសវត្សមកហើយ និងមានមុខជំនួញជាច្រើនក្នុងកណ្តាប់ដៃ រួមទាំងផ្ទះជួលទៀតផង ដែលមិនចាញ់សេដ្ឋិនីឡើយ។ អ្នកនាងចិន្តា ធ្លាប់រងបរាជ័យស្នេហ៍២លើកមកហើយ ដែលតាមប្រភពថា កាលពីជាង១០ឆ្នាំមុន អ្នកនាងមានស្នេហាជាមួយលោកឧកញ៉ាម្នាក់ ហើយប្រែទៅជារាប់អានគ្នាធម្មតាវិញ ក្រោយពីលោកឧកញ៉ានោះរៀបការ។ ក្រោយមកលេចឮថា ពិធីការិនីរូបនេះសាងស្នេហ៍ជាមួយ DJ ឃ្លាំង ហើយក៏ចែកផ្លូវគ្នាទៀត ព្រោះលោកឃ្លាំង ទៅរៀបការប្រពន្ធនៅក្រុងព្រះសីហនុ។ ចំណែកចំណងស្នេហាជាមួយលោកវុទ្ធី បណ្ឌិត ហៅសម័យ ជាង៥ឆ្នាំហើយ ត្រូវបានអ្នកសិល្បៈ និងក្រុមគ្រួសារអ្នកនាងចិន្តា គាំទ្រយ៉ាងពេញទំហឹង ដោយជំរុញឱ្យពួកគេរៀបការនោះ ស្រាប់តែពេលនេះ បែរជាប្រែប្រួលដូចមុនទៀត ទើបតារាមួយចំនួនបានខ្សឹបខ្សៀវគ្នាថា យុគ ចិន្តា ជោគជ័យតែសិល្បៈ និងមុខជំនួញ តែរឿងស្នេហាវិញ គឺមិនសមប្រកបសោះ…៕

RELATED ARTICLES