Friday, April 26, 2024
Homeព័ត៌មានជាតិឪក្មេកត្រូវគេកាប់ កូនប្រសាដឹកទៅពេទ្យលឿន ក្រឡាប់រថយន្តស្លាប់

ឪក្មេកត្រូវគេកាប់ កូនប្រសាដឹកទៅពេទ្យលឿន ក្រឡាប់រថយន្តស្លាប់

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានផ្ទុះជម្លោះរឿងព្រំដីជាមួយអ្នកជិតខាង ស្រាប់តែត្រូវគូទំនាស់ កាប់ពុះ1កាំបិតផ្គាក់ពីលើក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបុរសជាកូនប្រសា ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ស្រាប់តែជួបគ្រោះអកុសល ទុក្ខជាន់លើទុក្ខ ខណៈដែលដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះ រថយន្តបានក្រឡាប់កណ្តាលផ្លូវ បណ្តាលឱ្យបុរសជាកូនប្រសាស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនរងគ្រោះជាឪពុកក្មេក រងរបួសកាន់តែធ្ងន់។

ហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យនេះ បានកើតឡើង កាលពីវេលាម៉ោង6និង05នាទីព្រលប់ ថ្ងៃទី22 ខែឧសភា ឆ្នាំ2018 នៅតាមបណ្តោយផ្លូវជាតិលេខ64 ត្រង់ចំណុចខ្នងគោល ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើនោះ មានឈ្មោះ គាំ ជា ភេទប្រុស អាយុ31ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន (ស្លាប់ក្រោយដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពកោះកេរ)។ ចំណែកជនរងគ្រោះដែលទទួលរងការកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ រួចមកជួបហេតុការណ៍ក្រឡាប់រថយន្ត ធ្វើឱ្យរបួសកាន់តែធ្ងន់ឡើងថែមទៀតនោះ មានឈ្មោះវក់ ជ័យ ភេទប្រុស អាយុ54ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។ ជនរងគ្រោះទាំង2នាក់ ត្រូវជាឪពុកក្មេក និងកូនប្រសា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង4និង40នាទីល្ងាច ថ្ងៃទី22 ខែឧសភា ឆ្នាំ2018 មានករណីហិង្សាដោយចេតនាមួយ ប្រើប្រាស់កាំបិតខ្វែវកាប់ បណ្តាលឱ្យរបួសចំពីលើក្បាល នៅចំណុចស្រែអូរខ្លុងខាងត្បូង ភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយប្រហែល1500ម៉ែត្រ។

ជនរងគ្រោះក្នុងអំពើកាប់ប្រហារខាងលើនោះ មានឈ្មោះវក ជ័យ ភេទប្រុស អាយុ54ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះជា ជឿន ភេទប្រុស អាយុ54ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។ ចំណែកមូលហេតុផ្តើមចេញពីទំនាស់គ្នារឿងព្រំដី។ ក្រោយធ្វើសកម្មភាពរួច ជនបង្កហេតុបានរត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ សាច់ញាតិក្រុមគ្រួសារបានលើកជនរងគ្រោះ ដាក់លើរថយន្ត1គ្រឿង ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-2764 បើកបដោយជនរងគ្រោះឈ្មោះគាំ ជា ត្រូវជាកូនប្រសារបស់ជនរងគ្រោះ ដើម្បីដឹកឪពុកក្មេកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ លុះមកដល់វេលាម៉ោង6និង05នាទីព្រលប់ថ្ងៃដដែល ខណៈដែលរថយន្តដឹកជនរងគ្រោះបើកបរមកដល់ចំណុចខ្នងគោល ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ដែលជាចំណុចផ្លូវកោង ចំណែករថយន្តបើកបរដោយល្បឿនលឿនខ្លាំងពេក បណ្តាលឱ្យបួងចង្កូតមិនទាន់ ក៏ក្រឡាប់ទាំងកំរោលតែម្តង។

ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយពីរថយន្តដឹកអ្នករបួសខាងលើបានក្រឡាប់ បណ្តាលឱ្យអ្នកបើកបរដែលត្រូវជាកូនប្រសាជនរងគ្រោះទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានគេដឹកបញ្ជូន ភ្លាមៗទៅសង្គ្រោះនៅមណ្ឌលសុខភាពកោះកេរ តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។ ចំណែកជនរងគ្រោះជាឪពុកក្មេកដែលរងរបួសដោយសារការកាប់ប្រហារចំក្បាលយ៉ាងធ្ងន់នោះ កាន់តែទទួលរងរបួសធ្ងន់ទ្វេដង និងត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពកោះកេរ ផងដែរ។

ដោយឡែក សាច់ញាតិជនរងគ្រោះចំនួន 4នាក់ផ្សេងទៀត ដែលរួមដំណើរជាមួយ រួមមាន ទី1-ឈ្មោះតឹង តុងហ៊ួ ភេទប្រុស អាយុ 23ឆ្នាំ មុខរបរកសិករ ទី2-ឈ្មោះគង់ កន ភេទប្រុស អាយុ35ឆ្នាំ មុខរបរកសិករ ទី3-ឈ្មោះធុន ធាង ភេទស្រី អាយុ58ឆ្នាំ មុខរបរកសិករ និងទី4-ឈ្មោះម៉ៅ ភេទប្រុស អាយុ25ឆ្នាំ មុខរបរកសិករ មិនមានទទួលរងរបួសអ្វីធ្ងន់នោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យសាច់ញាតិដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តត្រូវក្រុមគ្រួសារហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង។

ដោយឡែក ជនដៃដល់ដែលកាប់ប្រហារជនរងគ្រោះក្នុងជម្លោះរឿងព្រំដីនោះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES