Saturday, April 27, 2024
Homeព័ត៌មានជាតិចាប់ស្រីម៉ាស្សាម្នាក់ ព្រោះអស់១ពាន់ដុល្លារ

ចាប់ស្រីម៉ាស្សាម្នាក់ ព្រោះអស់១ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ជាជនបរទេសម្នាក់ បានចូលទៅរកសេវាកម្មម៉ាស្សាសម្រួលសរសៃនៅក្នុងហាងម៉ាស្សាបែបបុរាណខ្មែរមួយកន្លែង ស្រាប់តែម៉ាស្សារួច បើកកាបូបមើលទើបភ្ញាក់ខ្លួនថា បាត់លុយអស់ចំនួន១ពាន់ដុល្លារ ជាហេតុធ្វើឱ្យបុរសបរទេសកើតទុក្ខមិនសុខចិត្ត ស្រែកឡូឡា និងរត់ទៅប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នារីម៉ាស្សាម្នាក់ នាំយកទៅសួរនាំ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោ ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បុរសរងគ្រោះដែលចូលម៉ាស្សាមួយភ្លែតបាត់លុយអស់១ពាន់ដុល្លារ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនបរទេស មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។ ចំណែកនារីម៉ាស្សាដែលសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ មិនស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណជាង២០ឆ្នាំ និងមានរបរជាបុគ្គលិកម៉ាស្សាក្នុងហាងខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ដែលជាជនបរទេស មិនស្គាល់អត្តសញ្ញាណ មិនដឹងថាដើរមកពីណានោះទេ សង្ស័យអត់សូវស្រួលខ្លួន ក៏បានដើរចូលទៅក្នុងហាងម៉ាស្សាខាងលើ ដើម្បីរកសេវាកម្មម៉ាស្សាសម្រួលសរសៃ។ លុះចូលទៅដល់ ក៏ត្រូវនារីសង្ស័យខាងលើ បានចេញមកទទួល និងហៅឱ្យចូលក្នុងបន្ទប់ ដើម្បីម៉ាស្សា និងបានតម្រូវឱ្យជនរងគ្រោះរូបនោះ ដោះខោអាវចេញទុកមួយកន្លែង រួចឡើងទៅដេកផ្កាប់មុខនៅលើគ្រែ ដើម្បីទួលសេវាកម្មម៉ាស្សាតាមបែបបុរាណខ្មែរ។

ប្រភពដដែលបន្តថា លុះក្រោយពីម៉ាស្សារួចរាល់ ជនរងគ្រោះក៏ក្រោកមកលើកខោអាវស្លៀកពាក់វិញ រួចក៏ហូតយកកាបូបលុយពីក្នុងហោប៉ៅ មកបើកបំណងយកប្រាក់ឱ្យថ្លៃម៉ាស្សា ស្រាប់តែឃើញបាត់លុយចំនួន១ពាន់ដុល្លារ ទើបធ្វើឱ្យជនរងគ្រោះជាជនបរទេសស្រែកឆោឡោពេញហាងម៉ាស្សា ប៉ុន្តែត្រូវបាននារីម៉ាស្សារូបនោះប្រកែក ទើបជនរងគ្រោះមិនអស់ចិត្ត ក៏រត់ទៅប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍សួរនាំ និងឃាត់ខ្លួននារីជាអ្នកម៉ាស្សាឱ្យជនជាតិបរទេសរូបនោះ យកទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំជាបន្តទៀត។

ក្រោយពេលកើតហេតុ ជនបរទេសរងគ្រោះខាងលើ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកលុយរបស់គាត់មកវិញ៕

RELATED ARTICLES