Friday, April 26, 2024
Homeសម្រស់តិចនិកថែទាំក្រចក និងប្រអប់ដៃ ឱ្យនៅតែស្រស់ស្អាត

តិចនិកថែទាំក្រចក និងប្រអប់ដៃ ឱ្យនៅតែស្រស់ស្អាត

បើចង់បានដៃស្អាត ក្រចកស្អាត អនុវត្តតាមការណែនាំនេះ ធានាថា បានលទ្ធផលល្អយ៉ាងជាក់ប្រាកដ។ វិធីមានដូចតទៅនេះ គឺ…

១-តែងមុខរួចត្រូវលាង និងកាត់ក្រចកឱ្យស្អាត ៖

ពេលលាងសម្អាតដៃហើយ ពុំគួរជូតដៃឱ្យស្ងួតពេកទេ ព្រោះវានឹងនាំឱ្យស្បែកប្រអប់ដៃស្ងួតក្រៀម។ ដូច្នេះ គួរចំណាយពេលម្តង ក្នុងមួយសប្តាហ៍ ដើម្បីថែទាំ និងដុសខាត់ (Scrub) ក្រចកខ្លះផង ដោយជ្រលក់ប្រអប់ដៃចូលក្នុងទឹកក្តៅឧណ្ហៗ រួចត្រាំចោលមួយស្របក់ សឹមយកច្រាសជ្រលក់ក្នុងសាប៊ូសម្រាប់ក្មេងៗប្រើ ហើយធ្វើការដុសខាត់ឱ្យសព្វក្រចក។ បន្ទាប់ពីដុសខាត់ក្រចករួច ជូតល្មមៗបានហើយ កុំឱ្យស្ងួតពេក រួចហើយលាបឡេបំប៉នតាមក្រោយ។ ក្នុងករណីស្បែកប្រអប់ដៃស្ងួតខ្លាំង ចូរលាបប្រេងអូលីវ ឬ Facial Oil ឱ្យសព្វ ដោយធ្វើម៉ាស្សាបាតដៃយឺតៗផង។

២-កាត់តម្រឹមក្រចកឱ្យបានស្អាតជានិច្ច ៖

រីឯក្រចកវិញ ក៏សំខាន់ដូចគ្នា ព្រោះវាមានចំណែកជួយលើកសម្រស់ផងដែរ។ មិនគួរទុកក្រចកឱ្យវែងហួសហេតុពេកទេ ព្រោះមើលទៅដូចក្រចកបិសាច យ៉ាងដូច្នោះដែរ។ ដូចនេះ គួរតែកាត់ក្រចកឱ្យបានស្អាតផង ដោយទុកឱ្យវាលយចេញពីស្បែកម្រាមតែបន្តិចបានហើយ។  ទម្រង់ក្រចកដែលកំពុងពេញនិយម និងជួយឱ្យមើលឃើញម្រាមស្រលននោះ មិនចាំបាច់កាត់ឱ្យចុងក្រចកស្រួចទេ  គួរតែកាត់តម្រឹមវាឱ្យស្មើគ្នា ទើបជាការល្អ។

៣-លាបពណ៌ក្រចកឱ្យស៊ីនឹងពណ៌ស្បែក ៖

មិនខុសគ្នានឹងការលាបក្រែមបបូរមាត់ទេ ការលាបពណ៌ក្រចក ក៏ត្រូវតែឱ្យសមនឹងពណ៌សម្បុរស្បែកផងដែរ ព្រោះស្ត្រីដែលស្រស់ស្អាត ក៏អាស្រ័យលើការទាក់ទាញពីក្រចកនេះផងដែរ។ ចំពោះស្ត្រីសម្បុរស គួរលាបពណ៌ខ្ចីបន្តិច ឬក៏ពណ៌ផ្កាឈូកខ្ចីក៏បាន។ ចំណែកសម្បុរទឹកឃ្មុំ គួរចៀសវាងថ្នាំលាបក្រចកណាដែលមានលាយពណ៌ស ព្រោះនាំឱ្យដៃមើលទៅរឹតតែខ្មៅជាងមុន។ យកល្អ គួរតែប្រើពណ៌ណាដែលមានលាយដោយពណ៌ក្រហមចាស់។ រីឯពណ៌ French Manicure វិញ ជាជម្រើសសម្រាប់គ្រប់ពណ៌សម្បុរ។

៤-លាបក្រចកឱ្យបានត្រឹមត្រូវតាមក្បួនវិធី ៖

ថ្នាំលាបក្រចក មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះគុណភាពក្រចក ក្នុងរយៈពេលវែង។ ដូច្នេះ  គួរប្រើថ្នាំលាបក្រចកដែលមានគុណភាពល្អ ទើបជាការប្រសើរ។ រីឯការលាបទៀតសោត គួរលាបទឹកថ្នាំការពារក្រចកជាមុនសិន មុននឹងលាបពណ៌ក្រចកជាក្រោយ ហើយទុកចោលប្រមាណ១០នាទី សឹមលាបពណ៌ដដែលនេះ មួយសាទៀត។ បន្ទាប់ពីលាបពណ៌ក្រចកចប់ហើយ ត្រូវលាបទឹកថ្នាំ Top Coat ស្រោបពីលើ មួយជាន់ទៀត។ ចំពោះអ្នកដែលលាបក្រចក ដោយ Acrylic វិញ គួរទុកគម្លាតរយៈពេលយ៉ាងតិច១ខែ បើចង់លាបថ្នាំពណ៌ផ្សេងទៀត ដើម្បីបង្ការកុំឱ្យក្រចកស្តើង ឬស្រួយឆាប់បាក់។

៥-លាងក្រចកដោយថ្នមដៃ ៖

បើទុកថ្នាំលាបក្រចកនៅជាប់លើក្រចកឱ្យយូរពេក ឬចេះតែលាបថ្នាំក្រចក ដោយមិនទុកឱ្យក្រចកនៅទំនេរខ្លះ អាចបណ្តាលឱ្យពណ៌របស់ក្រចកឡើងលឿង។ ដូច្នេះ សុភាពនារីទាំងឡាយ គួរតែឧស្សាហ៍លាងក្រចក ប៉ុន្តែលាងឱ្យបានត្រឹមត្រូវតាមក្បួនវិធី។ វិធីដែលត្រឹមត្រូវក្នុងការលាងក្រចក គឺមិនត្រូវប្រើសំឡីត្រដុស រហូតទាល់តែពណ៌ថ្នាំលាបនោះជ្រុះចេញទេ  ហើយបើលាបពណ៌រាងចាស់ទៀតនោះ វារឹតតែពិបាកក្នុងការលាងសម្អាតទៅទៀត។ យកល្អ ត្រូវប្រើសម្លីជ្រលក់ក្នុងទឹកលាងសម្អាត ដែលមានគុណភាពល្អ ហើយបិទប៉ាតទុកចោលនៅលើក្រចកមួយស្របក់ បន្ទាប់មកបកសម្លីចេញ ហើយជូតអូសពីគល់រហូតមកដល់ចុងក្រចក ដោយជូតដដែលៗឱ្យបានច្រើនសា (មិនត្រូវជូត ទៅជូតមកបញ្ច្រាសទិសគ្នាទេ)។ លុះជូតសម្អាតរួចរាល់ហើយ សឹមលាប Vaseline នៅតាមគែមក្រចក ដើម្បីបង្ការកុំឱ្យក្រចកស្ងួត៕

RELATED ARTICLES