Thursday, May 9, 2024
Homeព័ត៌មានជាតិកូនដេញវ៉ៃគ្នារយះក្បាល ម៉ែឪសុំស្មើគ្នា

កូនដេញវ៉ៃគ្នារយះក្បាល ម៉ែឪសុំស្មើគ្នា

ខេត្តប៉ៃលិន ៖ យុវជន២ក្រុម មិនដឹងជាមានគំនុំអ្វីនឹងគ្នា ស្រាប់តែបានជិះម៉ូតូប្រដេញវ៉ៃគ្នាប្រសាចពេញផ្លូវ បណ្តាលឱ្យយុវជនម្នាក់ រងរបួសបែកក្បាល ជាហេតុធ្វើឱ្យឪពុកម្តាយយុវជនរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមណ៍ រហូតឈានដល់ ការស្រាវជ្រាវឃាត់ខ្លួនភាគីបង្កបានម្នាក់ ខណៈដែលបក្ខពួក៣នាក់ទៀត  បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចជិតសួនកុមារ ស្ថិតក្នុងក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

យុវជនរងគ្រោះ ដែលត្រូវគូទំនាស់វាយរយះក្បាល មានឈ្មោះស៊ីម ពិសិដ្ឋ អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (រងរបួសបែកក្បាលផ្នែកខាងស្តាំ)។ ចំណែកយុវជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចយ ចំណាប់ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

សមត្ថកិច្ចជំនាញនៃស្នងការខេត្តប៉ៃលិន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឪពុកម្តាយយុវជនរងគ្រោះខាងលើថា កូនប្រុសរបស់ពួកគាត់ ត្រូវបានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយខ្សែក្រវាត់ បានជិះម៉ូតូប្រដេញតាមវាយ បណ្តាលឱ្យបែកក្បាល ខណៈដែលកូនប្រុសរបស់គាត់ រួមនឹងមិត្តភក្តិ២នាក់ទៀត កំពុងជិះម៉ូតូដើរលេងនៅចំណុចសួនកុមារ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមក្មេងទំនើងខាងលើ  មានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿងដេញតាមវាយបណ្តាលឱ្យកូនប្រុសគាត់រងរបួសតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន យុវជនសង្ស័យខាងលើ នាំយកមកសាកសួរ ខណៈដែលបក្ខពួក៣នាក់ទៀតរត់គេចអស់ទៅហើយ៕

RELATED ARTICLES