Friday, April 26, 2024
Homeព័ត៌មានជាតិឃាតករនេះសាហាវណាស់ អីលូវសមត្ថកិច្ចស្រាវជ្រាវរកមុខហើយ

ឃាតករនេះសាហាវណាស់ អីលូវសមត្ថកិច្ចស្រាវជ្រាវរកមុខហើយ

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពស្អុយរលួយដង្កូវចោះ និងមានស្ថានភាពរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល និងមុខមាត់  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងកណ្តាលវាលស្រែ ដែលករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជាករណីឃាតកម្មវាយសម្លាប់ រួចអូសសពយកទៅប្លុងចោល រហូតដល់ស្អុយរលួយ ទើបមានអ្នកប្រទះឃើញ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។

តាមប្រភពពីមន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់ប្រាប់ថា សាកសពបុរសខាងលើ ដែលគេប្រទះឃើញ ពុំទាន់ស្គាល់អត្ត សញ្ញាណនៅឡើយ គ្រាន់តែដឹងថា ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែងពណ៌ស ពាក់អាវក្រណាត់ដៃវែងផ្កា ពណ៌ក្រហម ខៀវ ស ធ្មេញលើធំ២ ធ្មេញក្រោមល្អិត មានកម្ពស់១,៥០ម៉ែត្រ។ ដោយឡែកនៅក្បែរសាកសព មានមួក១ ពណ៌ក្រឡាការ៉ូ ស ខ្មៅ ខ្សែក្រវាត់១ ពណ៌សក្រហម ចំណែកនៅក្នុងហោប៉ៅខោខាងមុខមានកូនសោ១។

បន្ទាប់ពីធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សាកសពជនរងគ្រោះស្លាប់នៅជាប់ភ្លឺស្រែ ក្បាលមកទិសខាងលិច ជើងមកខាងកើត មានដីនៅពីលើ សាកសពមានសភាពស្អុយរលួយ និងស្រាំលលាដ៍ក្បាលសងខាង (ដោយសារប៉ះនឹងវត្ថុរឹង) ចំណែកថ្គាមខាងឆ្វេង មានស្នាមប្រេះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាជំហានដំបូងថា សាកសពជនរងគ្រោះស្លាប់ដោយករណីឃាតកម្ម។ យ៉ាងណា ពេលនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់់ ដើម្បីប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES