Saturday, April 27, 2024
Homeព័ត៌មានជាតិភ្លើងឆេះផ្ទះប៊ិះស្លាប់កូនតូច២នាក់ សំណាងរំដោះចេញទាន់

ភ្លើងឆេះផ្ទះប៊ិះស្លាប់កូនតូច២នាក់ សំណាងរំដោះចេញទាន់

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះ បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប លេខ៤៥៦ ស្ថិតក្នុងក្រុមទី៦ ភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

លំនៅដ្ឋាន ដែលត្រូវត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងខាងលើ ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ស័ង្កសី សង់បណ្តែតទឹកលើផ្ទៃបឹងទន្លេសាប ជាកម្មសិទ្ធិរបស់ឈ្មោះសែន សុខភិន អាយុ៣៨ឆ្នាំ មុខរបរអ្នកយាមសត្វនៅតំបន់អភិរក្ស មានប្រពន្ធឈ្មោះសែម ឡាក់គី អាយុ៣២ឆ្នាំ មុខរបរលក់បង្អែម។

លោកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបែកផ្កាភ្លើងចេញពីក្នុងផ្ទះមួយសន្ទុះ រួចក៏បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុកមួយរំពេចតែម្តង ធ្វើឱ្យមនុស្សក្មេងចាស់ចំនួន៣នាក់ បានជាប់គាំងនៅក្នុងនោះ។ ភ្លាមនោះ សមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋរស់នៅក្បែរខាង ក៏បាននាំគ្នាចូលទៅជួយរំដោះអ្នកទាំង៣ចេញពីក្នុងផ្ទះ ស្ទើរចេញមិនទាន់។ តែយ៉ាងណាក្តី ក្មេងទាំង២នាក់ រួមនឹងស្ត្រីចំណាស់ម្នាក់ ត្រូវបានសង្គ្រោះនាំចេញពីក្នុងផ្ទះកំពុងឆេះបានទាន់ពេល។

តាមការអះអាងពីម្ចាស់ផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ចំណែកប្រាក់ចំនួនប្រហែល៦០លានរៀល ក៏ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ដែរ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ ផ្តើមចេញពីមូលហេតុឆ្លងចរន្តអគ្គិសនី តែយ៉ាងណា មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ ឬឆេះរាលដាលដល់លំនៅដ្ឋានអ្នកជិតខាងឡើយ៕

RELATED ARTICLES