Friday, April 26, 2024
Homeព័ត៌មានជាតិគូដណ្តឹងជិតចូលរោងការ ដឹកដៃគ្នាទៅប្តឹងបូលិសទាំងយប់

គូដណ្តឹងជិតចូលរោងការ ដឹកដៃគ្នាទៅប្តឹងបូលិសទាំងយប់

ភ្នំពេញ ៖ គូដណ្តឹងវ័យក្មេងមួយគូ ជិតដល់ថ្ងៃចូលរោងការទៅហើយ កំពុងជិះម៉ូតូដឹកគ្នាដើរលេងសុខៗ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូតាមមកឆក់កាបូប ធ្វើឱ្យដួលទាំងម៉ូតូ និងមនុស្សអូសលើទ្រូងផ្លូវ បណ្តាលឱ្យដាច់រលាត់ដៃជើង រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីយុវជនជាគូដណ្តឹង និងជាអ្នកបើកម៉ូតូ មានឈ្មោះ នួន រ័ត្ន អាយុ២៣ឆ្នាំ មុខរបរកសិករ។ ចំណែកនារីជាគូដណ្តឹង ដែលរួមដំណើរជាមួយ មានឈ្មោះហ៊ុន កូឡន អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ជនរងគ្រោះទាំង២នាក់ ជាគូដណ្តឹងនឹងគ្នា និងកំពុងត្រៀមខ្លួនចូលរោងការក្នុងពេលខាងមុខ សព្វថ្ងៃស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីយុវជនរងគ្រោះ បានឱ្យដឹងថា ពួកគេទាំង២នាក់ជាគូដណ្តឹងនឹងគ្នា ហើយនឹងចូលរោងការនៅចុងខែនេះផងដែរ ដោយយល់ឃើញជិតចូលរោងការទៅហើយ ក៏ឆ្លៀតជិះម៉ូតូឌុបគ្នាដើរលេង ដើម្បីសាងអនុស្សាវរីយ៍ខ្លះៗ លុះក្រោយពីដើរលេងឆ្អែតហើយ ក៏ឌុបគ្នាត្រឡប់ ទៅផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខស្វាយរៀង 1K-0952 តាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់យកកាបូបពណ៌ខ្មៅ ដែលនារីជាគូដំណ្តឹងរបស់ខ្លួនកាន់ជាប់ដៃបានសម្រេច បណ្តាលឱ្យម៉ូតូរបស់ខ្លួនដួល អូសទៅលើថ្នល់ ធ្វើឱ្យរងរបួសយ៉ាងដំណំទាំង២នាក់ ដោយដាច់រលាត់ដៃជើងអស់។ ចំណែកជនសង្ស័យក្រោយពេលធ្វើសកម្មភាពរួច ក៏បានជិះគេចបាត់ស្រមោលអស់ដោយសុវត្ថិភាព។

នារីរងគ្រោះ បានបញ្ជាក់ថា នៅក្នុងកាបូបខាងលើមានលុយខ្មែរចំនួន២៥ម៉ឺនរៀល និងលុយដុល្លារ២ដុល្លារ ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី​ ១សន្លឹក និងបង្កាន់ដៃមួយចំនួន។

ក្រោយកើតហេតុ គូដណ្តឹងទាំង២នាក់ បានត្រឹមដឹកគ្នាទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ឱ្យជួយស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកគូដណ្តឹងទាំង២ បានត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ៕

RELATED ARTICLES