Friday, April 26, 2024
Homeតារាខ្មែរនាយចឺម យល់ថា មិនធ្ងន់ធ្ងរទេរឿងកាឡៃបទចម្រៀងពីដើម កុំឲ្យតែលួចចម្លងចម្រៀងពីប្រទេសជិតខាង

នាយចឺម យល់ថា មិនធ្ងន់ធ្ងរទេរឿងកាឡៃបទចម្រៀងពីដើម កុំឲ្យតែលួចចម្លងចម្រៀងពីប្រទេសជិតខាង

បទ ”អូនជាអ្នកមាន សមនិងអ្នកមានដូចគ្នា” របស់តារាចម្រៀងសាន់ដេ នាយចឺម បានផ្ទុះប្រតិកម្មពីអ្នកលេងបណ្ដាញសង្គម ដោយពួយគេបានលើកឡើងថា នាយចឺម បានច្រៀងកាឡៃច្រៀងអាឡូអាឡាតាមចិត្ត បើទោះជាកែភ្លេងថ្មីក៏ដោយ តែបទនេះ​ជាបទដើមរបស់រាជិនីសំឡេងមាស អ្នកស្រីរស់ សេរីសុទ្ធា បទ ”នឹកភូមិភ្នំធំ” ដែលនិពន្ធដោយកវី​ គង្គ ប៊ុនឈឿន ។

លោកមុត ថារី និងភរិយា

ក្រុមគ្រួសារលោកគង្គ ប៊ុនឈឿន បានចេញមុខព្រមានផលិតកម្មសាន់ដេ ក៏ដូចជា នាយចឺម ផងដែរថា បើមិនលុបចេញ នឹងមិនបញ្ឈប់ការកាឡៃបទចម្រៀងនោះទៀតទេ លោកនឹងប្ដឹងទៅតាមផ្លូវច្បាប់កម្មសិទ្ធិបញ្ញាតែម្ដង។

លោកមុត ថារី ដែលជាកូនប្រសាររបស់លោកគង្គ ប៊ុនឈឿន បានប្រាប់អ្នកកាសែតថា ”នេះជាការប្រមាថមើលងាយមួយ របស់នាយចឺម ក៏ដូចជាអ្នកនិពន្ធ និងផលិតកម្ម ដែលបានយកបទមរតកដើម មកច្រៀងកាឡៃអាឡូអាឡាតាមចិត្តនេះ។ អ្នកសរសេរកាឡៃច្រៀងឡូឡាតាមចិត្ត និងក្រុមហ៊ុននោះ មានខួរក្បាលគិតឬអត់? ប្រសិនបើយើងយកបទគេមកច្រៀង ហើយទទួលបានសិទ្ធិពីម្ចាស់ដើមនោះ មានន័យថា យើងចូលរួមថែរក្សា តែបើយើងយកបទគេមកកាឡៃ មានន័យថា បំផ្លាញ ហើយតម្លៃមរតកដែលកវីគង្គ ប៊ុនឈឿន បានខិតខំតាក់តែងឡើង”។

​ទាក់ទងរឿងលោកមុត ថាវី គ្រោងប្ដឹងនេះ នាយចឺម បានអះអាងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ថា លោកជាតារាចម្រៀង គឺធ្វើទៅតាមក្រុមហ៊ុនប៉ុណ្ណោះ មិនមានសិទ្ធិលុបចេញបានទេ តែសម្រាប់នាយយល់ថា រឿងនោះមិនធ្ងន់ធ្ងរខ្លាំងណាស់ណាទេ ព្រោះពេលនេះ សាន់ដេ បានកែថាបទភ្លេងមរតកដើមហើយ។

នាយចឺម បញ្ជាក់ថា ”មិនមែនតែខ្ញុំម្នាក់ទេ ដែលច្រៀងបទកែច្នៃបទមរតកដើមនោះ គឺសឹងតែគ្រប់ផលិតកម្មទៅហើយ ដែលច្រៀងដូចតែគ្នានេះ។ ខ្ញុំយល់ថា បើយើងលួចយកបទចម្រៀងពីបរទេស ទើបជារឿងបាក់មុខមាត់ ខ្មាសគេ តែបើយើងយកបទរបស់ខ្មែរយើង ច្រៀងកែច្នៃខ្លះ មិនអាប់ឱនដូចលួចពីប្រទេសជិតខាងទេ។ ខ្ញុំធ្លាប់ច្រៀងបទកែច្នៃច្រើនមកហើយ ខ្ញុំក៏មិនឌឺដែរ បទ​”អូនជាអ្នកមាន សមនិងអ្នកមាន” នេះ បើក្រុមហ៊ុនឲ្យច្រៀង គឺខ្ញុំនឹងយកទៅច្រៀងនៅតាម Concert ទៀត។ ចំពោះការលុបចេញនោះ ខ្ញុំជាអ្នកចម្រៀង គ្មានសិទ្ធិទេ តែខ្ញុំយល់ថា ប្រហែលជាមិនអាចទេ ព្រោះសាន់ដេ បានកែថា លំនាំបទភ្លេងមរតកដើមហើយតើ‌‌!”។

លោកមុត ថារី បញ្ជាក់ថា បើសាន់ដេ ព្រមលុបបទ ”អូនជាអ្នកមាន សមនិងអ្នកមាន” នោះចេញ លោកនឹងមិនប្ដឹងផ្ដល់ឡើយ ព្រោះមិនចង់វែងឆ្ងាយ៕

RELATED ARTICLES