Friday, April 26, 2024
Homeព័ត៌មានជាតិប្តីរវល់ការងារស្រុកឆ្ងាយ ប្រពន្ធចោទមានស្រី រួចក៏ធ្វើរឿងនេះទៅ

ប្តីរវល់ការងារស្រុកឆ្ងាយ ប្រពន្ធចោទមានស្រី រួចក៏ធ្វើរឿងនេះទៅ

ខេត្តកំពង់ធំ ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវប្តីចេញទៅធ្វើការសំណង់នៅស្រុកឆ្ងាយ មិនឃើញត្រឡប់មកផ្ទះ ក៏ទូរស័ព្ទទៅសួរនាំ រួចក៏កើតជាជម្លោះព្រោះភ្លើងប្រចណ្ឌ ដោយបានចោទថាប្តីលួចលាក់មានស្រី ទើបមិនព្រមមកផ្ទះ ហើយទោះជាបុរសជាប្តីពន្យល់ប្រាប់យ៉ាងណាក៏មិនជឿ លុះនិយាយទូរស័ព្ទជាមួយប្តីចប់ ស្រាប់តែស្ត្រីជាប្រពន្ធបានសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន។ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិអូរសាលា ឃុំអូរស្វាយ ស្រុកកំពង់ស្វាយ។

ស្ត្រីចំណាស់ដែលគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះស៊ឹម នី អាយុ៥០ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះទុន លឿន មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះទុន បញ្ញា អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួននៅតែពីរនាក់ម្តាយនៅក្រោមផ្ទះ ហើយពេលនោះឪពុករបស់ខ្លួនឈ្មោះទុន លឿន បានតេទូស័ព្ទមកនិយាយជាមួយម្តាយខ្លួនថា គាត់នៅខេត្តព្រះសីហនុ ធ្វើសំណង់នៅទីនោះ។ ពេលនោះ ខ្លួនបានស្តាប់ឮម្តាយ និងឪពុកជជែកឈ្លោះគ្នា ដោយម្តាយបានចោទឪពុកថាមានស្រី ស្រាប់តែមួយស្របក់ក្រាយមក ម្តាយខ្លួនក៏បានបិទទូរស័ព្ទ ឈប់និយាយ។ បន្តិចក្រោយមក ឪពុកខ្លួនខលមកទៀត តែម្តាយមិនឱ្យលើក ខ្លួនក៏ឡើងមើលរឿងក្នុងទូរស័ព្ទលើផ្ទះ រីឯម្តាយនៅដាំបាយក្រោមផ្ទះ លុះដល់ម៉ោង១១និង៣០នាទី ខ្លួនចុះដី រកហូបបាយ ស្រាប់តែឃើញម្តាយចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ រួចក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយ ធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES