Saturday, April 27, 2024
Homeព័ត៌មានជាតិចេញស្ទាក់ទាំងយប់... ព្រឹកឡើងជាប់ខ្នោះតែម្តង រកឃើញមានរបស់ហ្នឹងទៀត

ចេញស្ទាក់ទាំងយប់… ព្រឹកឡើងជាប់ខ្នោះតែម្តង រកឃើញមានរបស់ហ្នឹងទៀត

ភ្នំពេញ ៖ ករណីអំពើហិង្សាមួយ ដោយសារ បុរសម្នាក់ ទើបនឹងចេញពីធ្វើការ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក៏ស្រាប់តែត្រូវបុរសម្នាក់ស្ទាក់វ៉ៃ បណ្តាលឱ្យរងរបួស លុះជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាន ព្រមទាំងឆែកឃើញមានថ្នាំញៀនជាប់ខ្លួនទៀតផង ទើបនាំខ្លួនយកទៅចាត់ការតាមច្បាប់ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះអាប់ ឌុលរ៉ូហ្សិត អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះសួន សុខណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ សម្រស់បុប្ផា១ មានលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ (រងរបួសស្រាល)។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទើបនឹងចេញពីធ្វើការ ធ្វើដំណើរត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក៏ស្រាប់តែពេលមកដល់ចំណុចទីតាំងកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ចេញមកស្ទាក់វ៉ៃរូបគេ បណ្តាលឱ្យរងរបួស។ បន្ទាប់មក រូបគេជាជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រាះ នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះអាប់ ឌុលរ៉ូហ្សិត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងត្រួតពិនិត្យ លើខ្លួនជនសង្ស័យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន៤កញ្ចប់ថង់តូច រួចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

RELATED ARTICLES