Friday, April 26, 2024
Homeព័ត៌មានជាតិនរណាអាចខន្តីបាន មិននឹកស្មានថា គាត់ដល់ថ្នាក់នេះ

នរណាអាចខន្តីបាន មិននឹកស្មានថា គាត់ដល់ថ្នាក់នេះ

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩  បុរសម្នាក់ត្រូវប្រពន្ធរត់ចោលជាច្រើនខែមកហើយ ទើបធ្វើឱ្យតូចចិត្តចេះតែដើរផឹកស្រាស្រវឹងជាប្រចាំ លុះបន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែក ក៏ទៅសុំលុយពីអ្នកជិតខាងម្នាក់ បំណងយកទៅផឹកស៊ីបន្ត តែសុំមិនបាន បែរជាផ្ទុះកំហឹង ស្ទុះទៅវាយបំផ្លាញរថយន្ត និងទ្រព្យសម្បត្តិរបស់គេ ធ្វើឱ្យខូចខាតអស់មួយចំនួនធំ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះចាប់វ៉ៃខ្នោះនាំយកទៅចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល។

ជនរងគ្រោះមានឈ្មោះជុំ សុង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះសុង សង់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹង ហើយបានវាយចានឆ្នាំងនៅផ្ទះខ្លួនឯង បណ្តាលឱ្យបែកខ្ទេចអស់ រួចហើយមកស្រែកជេរប្រមាថជនរងគ្រោះ ដោយហៅជនរងគ្រោះឱ្យចេញមកខាងក្រៅ តែជនរងគ្រោះមិនចេញ ទើបជនសង្ស័យយកដែកគាស់មកវាយទ្វារផ្ទះបែក ២ផ្ទាំង ហើយទៅវាយរថយន្តខាងលើដែលទុកនៅមុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់មុខក្រោយ និងវាយទូកញ្ចក់ដាក់ចានឆ្នាំងដែលនៅក្រៅផ្ទះនោះ បណ្តាលឱ្យបែកចានមួយចំនួនទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ដែកគាស់១ ប្រវែង១,២០ម៉ែត្រ។ សម្ភារខូចខាត រួមមាន ១-រថយន្តម៉ាកកាមរីបាឡែន ១គ្រឿង ពណ៌ស ស៊េរី២០០១ ពាក់ស្លាកលេខភ្នំពេញ 2AR-2101 លេខម៉ាស៊ីន៧១២១១០២ លេខតួ ៥៥៦២១៧ បែកកញ្ចក់មុខក្រោយ និងចំហៀងខាងឆ្វេង។ ២-កញ្ចក់ទ្វារ ២ផ្ទាំង និងបែកទូរចានចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុមកពីខ្លូនផឹកស្រាស្រវឹង ហើយតូចចិត្តនិងប្រពន្ធរត់ចោលផង ណាមួយខឹងសុំលុយជនរងគ្រោះមិនឱ្យផង ទើបវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងអស់នេះចោលទៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES