Saturday, April 27, 2024
Homeព័ត៌មានជាតិប្រុសស្កាត់ពីភ្នំពេញ ទៅជួបស្រីស្នេហ៍នៅបន្ទាយមានជ័យ អត់លុយ កាច់ក

ប្រុសស្កាត់ពីភ្នំពេញ ទៅជួបស្រីស្នេហ៍នៅបន្ទាយមានជ័យ អត់លុយ កាច់ក

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាជំនាញខាងកាច់សោកម៉ូតូនៅរាជធានីភ្នំពេញម្នាក់ បានណាត់ជួបស្រីស្នេហ៍រស់នៅ ខេត្តបន្ទាយមានជ័យ លុះស្កាត់ដំណើរឡើងពីភ្នំពេញមក អស់លុយពីហោប៉ៅ ក៏បែកគំនិតធ្វើសកម្មភាពកាច់សោកម៉ូតូ តែអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចកន្លែងកម្សាន្តអាងហែលទឹក BMC ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផៃ សុភាព អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ខែម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន បញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះផៃ សុភាព បានធ្វើសកម្មភាពចូលលួច កាច់សោកម៉ូតូ នៅចំណុចអាងហែល BMC ក្រុងសិរីសោភ័ណ ម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេចដោយសារម្ចាស់ម៉ូតូបានឃើញ ហើយជននេះក៏រត់គេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យបានបន្តមកធ្វើសកម្មភាពកាច់សោកម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះហួត កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខណៈដែលជនរងគ្រោះទុកម៉ូតូនៅក្នុងកន្លែងអាងហែលទឹក រំពេចនោះកម្លាំងនគរបាលដែលប្រចាំការនៅចំណុចកើតហេតុ បានប្រទះឃើញ ក៏ដេញចាប់ឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផៃ សុភាព បានសារភាពថា រូបគេបានទាក់ទងស្នេហាតាមទូរស័ព្ទ ជាមួយនារីម្នាក់រស់នៅខេត្តបន្ទាយមានជ័យ ក្រោយមក ក៏បានណាត់ជួបមុខគ្នា។ លុះឡើងមកដល់ខេត្តបន្ទាយមានជ័យ អស់លុយពីហោប៉ៅ ក៏បែកគំនិតកាច់កម៉ូតូទៀត ដឹងអី! កាច់លើកទី១ ម្ចាស់គេតាមទាន់ រត់បះសក់ លុះលើកទី២ បែរជាត្រូវប៉ូលិសតាមទាន់ ចាប់វាយខ្នោះជាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES