Friday, April 26, 2024
Homeព័ត៌មានជាតិម៉ែលក់ផ្ទះ កូនឃាត់អត់ស្តាប់ ដុតឆេះហ្មត់

ម៉ែលក់ផ្ទះ កូនឃាត់អត់ស្តាប់ ដុតឆេះហ្មត់

ខេត្តក្រចេះ ៖ បុរសម្នាក់ ព្រោះតែខឹងនឹងម្តាយរបស់ខ្លួនសម្រេចលក់ផ្ទះឱ្យគេ រារាំងមិនបាន ក៏សម្រេចចិត្តទិញសាំងយកមកចាក់ដុតផ្ទះចោលទាំងកណ្តាលអធ្រាត្រ ធ្វើឱ្យភ្លើងឆាបឆេះផ្ទះទាំងស្រុងគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិវេវច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល។

លំនៅដ្ឋានដែលត្រូវភ្លើងឆាបឆេះគ្មានសល់ សង្ស័យត្រូវកូនប្រុសបង្កើតដុតចោលនេះ មានទំហំ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះចេត យុំ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះអែល ហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម (ត្រូវជាកូនម្ចាស់ផ្ទះ) ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ និងត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ បានសម្រេចលក់ផ្ទះខាងលើ ទៅឱ្យអ្នកដទៃម្នាក់ ក្នុងតម្លៃ៥ពាន់ដុល្លារ តែគេពុំទាន់មកធ្វើការរុះរើនៅឡើយទេ។ អំឡុងពេលឮថា ម្តាយលក់ផ្ទះនោះ ជនសង្ស័យបានព្យាយាមរារាំង ឃាត់ឃាំងកុំឱ្យស្ត្រីជាម្តាយលក់ផ្ទះនេះដែរ តែរារាំងមិនបាន ជាហេតុធ្វើឱ្យកូនប្រុសនេះមួម៉ៅក្តៅចិត្ត ក៏លបលួចចាក់សាំងដុតផ្ទះចោលតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ខណៈដែលមនុស្សម្នាក់កំពុងដេកលង់លក់ ស្រាប់តែឮសំឡេងស្រែកឆោឡោថា ភ្លើងឆេះផ្ទះហើយៗ ជាហេតុធ្វើឱ្យមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋផ្សេងទៀត នាំគ្នាជួយពន្លត់ដែរ តែមិនឈ្នះ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្នួល ចំនួន២គ្រឿង ទៅបាញ់ពន្លត់ភ្លាមៗ រហូតមកដល់វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃដដែល ទើបភ្លើងបានរលត់ជាស្ថាពរ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ ត្រូវបានគេសង្ស័យថា ជាស្នាដៃកូនប្រុសរបស់ម្ចាស់ផ្ទះជាអ្នកលួចដុត ព្រោះតែខឹងម្តាយរឿងលក់ផ្ទះ ឃាត់មិនស្តាប់។ យ៉ាងណា ទំហំនៃការខូចខាត នៅមិនទាន់អាចបូកសរុបបាននៅឡើយ គ្រាន់តែដឹងថា គ្រោះអគ្គិភ័យនេះមិនបង្កឱ្យមានការឆេះរាលដាលដល់លំនៅដ្ឋានផ្សេងនោះទេ ហើយក៏មិនមានអ្នករងរបួសដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់”

RELATED ARTICLES