Saturday, April 27, 2024
Homeព័ត៌មានជាតិម្ចាស់ផ្ទះដាក់មេប្រូច លោកចោរខឹងចិត្ត បាញ់ទម្លុះជញ្ជាំងផ្ទះផង បាញ់ដីផង

ម្ចាស់ផ្ទះដាក់មេប្រូច លោកចោរខឹងចិត្ត បាញ់ទម្លុះជញ្ជាំងផ្ទះផង បាញ់ដីផង

ខេត្តបាត់ដំបង ៖ ជនមិនស្គាល់មុខម្នាក់ ប្រដាប់ដោយកាំភ្លើងប្រភេទ អាកា៤៧មួយដើម បានចូលទៅធ្វើសកម្មភាពភ្ជង់ ប្រជាពលរដ្ឋដល់ក្នុងផ្ទះ បំណងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ដោយសារម្ចាស់ផ្ទះរត់គេចខ្លួនទាន់ និងស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាង ទើបធ្វើឱ្យចោរក្តៅចិត្ត បានត្រឹមបាញ់គំរាម៣គ្រាប់ រួចរត់គេចខ្លួនបាត់ ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍ប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបរិវេណចម្ការឥណ្ឌា ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ម្ចាស់ផ្ទះដែលត្រូវជនសង្ស័យចូលទៅប្លន់ដល់ក្នុងផ្ទះ មានឈ្មោះសេង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងចំណុចកើតហេតុខាងលើ។ ដោយឡែក ជនសង្ស័យជាខ្មាន់កាំភ្លើងអាកានោះ បើតាមម្ចាស់ផ្ទះថា មានតែម្នាក់ទេ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ប្រដាប់ដោយកាំភ្លើងអាកា៤៧ ហើយថែមទាំងមានពាក់មួកសុវត្ថិភាពការពារ កុំឱ្យគេស្គាល់មុខទៀតផង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ចោរកាំភ្លើងអាការនោះ បានភ្ជង់កាំភ្លើងចម្ងាយប្រហែល៦ម៉ែត្រ តម្រង់ទៅជនរងគ្រោះ ហើយគំរាមទារប្រាក់។ ប៉ុន្តែពេលនោះ ម្ចាស់ផ្ទះក៏បានដាក់មេប្រូចរត់ចេញពីផ្ទះ ហើយស្រែកឱ្យអ្នកភូមិជួយអន្តរាគមន៍។ ដោយសារតែជនរងគ្រោះស្រែកឱ្យផ្អើលបែបនេះ ទើបធ្វើឱ្យលោកចោរកាំភ្លើងវែងក្តៅក្រហាយ ក៏បាញ់៣គ្រាប់ទម្លុះជញ្ជាំងផ្ទះផង បាញ់ដីផង ហើយរត់គេចខ្លួនបាត់ស្រមោលទាំងបរាជ័យ។

ជុំវិញករណីចោរកាំភ្លើងអាការបាញ់គំរាមប្លន់មិនបានសម្រេចខាងលើនេះ បើតាមសមត្ថកិច្ចបានប្រាប់ថា ខ្មាន់កាំភ្លើងបានបាញ់ទម្លុះជញ្ជាំងផ្ទះជនរងគ្រោះ១គ្រាប់ ក្នុងចំណោមស្នូរផ្ទុះកាំភ្លើងចំនួន៣គ្រាប់។

ដោយឡែក ស្ថិតនៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល៦០ម៉ែត្រ មន្ត្រីជំនាញបានរកឃើញគ្រាប់ដែលមិនទាន់បាញ់ប្រភេទអាកានេះ ចំនួន២គ្រាប់ផងដែរ។ ប៉ុន្តែសមត្ថកិច្ចនៅ់មិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយ ជុំវិញសមាសភាពខ្មាន់កាំភ្លើងអាការខាងលើ ដោយអះអាងថា សមត្ថកិច្ចកំពុងស៊ើបអង្កេត៕

RELATED ARTICLES