Friday, April 26, 2024
Homeព័ត៌មានជាតិអរបានត្រីច្រើន យកត្រីក្រាញ់ដាក់ចូលមាត់ ត្បុលចូលប្រកាច់ស្លាប់

អរបានត្រីច្រើន យកត្រីក្រាញ់ដាក់ចូលមាត់ ត្បុលចូលប្រកាច់ស្លាប់

ខេត្តឧត្តរមានជ័យ ៖ អ្នកភូមិ១ក្រុម បាននាំគ្នាចុះចាប់ត្រីនៅក្នុងទំនប់ លុះបុរសម្នាក់ ចាប់បានត្រីច្រើនពេកអត់កន្លែងទុក ក៏យកត្រីក្រាញ់កខាំជាប់មាត់ ស្រាប់តែអកុសល ត្រីក្រាញ់បានត្បុលចូលទៅក្នុងមាត់ បណ្តាលឱ្យចូលទៅក្នុងបំពង់ខ្យល់ ស្លាក់ប្រកាច់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះបានឡើយ។

ហេតុការណ៍ត្រីក្រាញ់ត្បុលចូលមាត់បុរសម្នាក់ បណ្តាលឱ្យស្លាក់ខ្យល់ប្រកាច់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចទំនប់តាអុន ស្ថិតនៅខាងជើងភូមិមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះបឿន រីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមនឹងអ្នកភូមិប៉ុន្មាននាក់ទៀត បាននាំគ្នាចុះទៅចាប់ត្រីក្នុងទំនប់ ក្នុងនោះជនរងគ្រោះចាប់បានត្រីច្រើនពេក អត់មានកន្លែងទុក ក៏បែកគំនិតយកត្រីក្រាញ់១ក្បាល មកខាំជាប់នឹងមាត់ ស្រាប់តែអកុសល ត្រីក្រាញ់១ក្បាលនោះ បានប្រឹងត្បុលចូលទៅក្នុងមាត់ជនរងគ្រោះ រហូតដល់ធ្លាក់ចូលបំពង់ខ្យល់ បណ្តាលឱ្យជនរងគ្រោះស្លាក់ ប្រកាច់ស្លាប់នឹងកន្លែងតែម្តង។

ប្រភពដដែលបន្តថា នៅពេលកើតហេតុភ្លាមៗនោះ ប្រជាពលរដ្ឋបានព្យាយាមជួយខ្វេះយកត្រីក្រាញ់នោះ ចេញពីបំពង់ករបស់ជនរងគ្រោះដែរ តែមិនអាចសង្គ្រោះបានឡើយ បានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យប៉ុណ្ណោះ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែត្រីក្រាញ់ត្បុលចូលបំពង់ក បណ្តាលឱ្យស្លាក់ខ្យល់ស្លាប់ដោយខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះមានការធ្វេសប្រហែស ចាប់យកត្រីក្រាញ់មកចាំជាប់មាត់ តែត្រូវត្រីក្រាញ់ត្បុលចូលបំពង់កស្លាក់ស្លាប់បែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES