Saturday, April 27, 2024
Homeព័ត៌មានជាតិជនសង្ស័យសារភាពថា "អត់លុយបង់ថ្លៃផ្ទះជួល" ទើបបែកគំនិតធ្វើដូច្នេះ

ជនសង្ស័យសារភាពថា “អត់លុយបង់ថ្លៃផ្ទះជួល” ទើបបែកគំនិតធ្វើដូច្នេះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ព្រោះតែអត់លុយបង់ថ្លៃបន្ទប់ជួល ក៏បែកគំនិតបបួលគ្នាចេញឆក់លុះឆក់ទូរស័ព្ទដៃពីនារីវ័យក្មេងម្នាក់បាន សម្រេចហើយ ក៏ព្យាយាមជិះរត់គេច តែត្រូវជនរងគ្រោះដេញតាមស្រែកផ្អើលប្រជាពលរដ្ឋ និងប៉ូលិស ប្រដេញចាប់យ៉ាងប្រកិត ធ្វើឱ្យជនសង្ស័យភ័យរត់ធ្លាក់ស្រែ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

ករណីចោរស្ទើរភ្លើងឆក់ទូរស័ព្ទដៃគេបានសម្រេច តែរត់មិនរួចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសំអាងការ ស្រីពៅ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល តែក្រោយកើតហេតុ ត្រូវសមត្ថកិច្ចប្រដេញតាមចាប់ជនសង្ស័យទាំង២នាក់បាន នៅចំណុចវាលស្រែ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមមាន ទី១-ឈ្មោះម៉ន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ និងទី២-ឈ្មោះនៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ សុភ័ក្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ដោយឡែកទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក iPhone 7 plus ពណ៌ប្រផេះ (ដកហូតមកវិញ)។

តាមសម្តីនារីរងគ្រោះជាម្ចាស់ទូរស័ព្ទ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នាងទើបវិលត្រឡប់មកពីយកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AX-9134 ពីម្តាយមីងនៅរោងចក្រសីកូ លុះវិលត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចមុខផ្ទះសំអាងការ ស្រីពៅ ស្រាប់តែជនលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម  សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY-6229 តាមពីក្រោយ លុះពេលជិះដល់ទន្ទឹមនាង ជនសង្ស័យជិះខាងក្រោយ ក៏លូកដៃឆក់យកទូរស័ព្ទដៃរបស់នាង ពីឃ្លប់ម៉ូតូខាងមុខបានសម្រេច ហើយព្យាយាមជិះរត់គេច។ ភ្លាមនោះ នាងបានស្រែកឆោឡោផង និងប្រដេញតាមផង រហូតត្រូវបានកម្លាំងប៉ូលិសសង្កាត់ពងទឹក រួមនឹងប្រជាពលរដ្ឋ ប្រដេញតាមព័ទ្ធចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ ដែលរត់ធ្លាក់ស្រែ និងដកហូត ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ព្រមទូរស័ព្ទដៃរបស់នាងត្រឡប់មកវិញផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ន ដារ៉ា បានព្យាយាមឆ្លើយដោះសារថា នៅមុនពេលកើតហេតុ ពួកគេបំណងនាំគ្នាទៅ ផឹកស៊ីនៅ ដូនកុក សង្កាត់បឹងធំ លុះជិះតាមផ្លូវ ដល់ត្រង់ចំណុចកើតហេតុ ឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូដាក់ទូរស័ព្ទប្រហែសពេក ណាមួយ ដោយសារតែពួកខ្លួនបានអត់មានលុយសម្រាប់ជួលបន្ទប់ដេកផង ទើបបែកគំនិតឆក់ទូរស័ព្ទនារីរងគ្រោះបានសម្រេច តែរត់មិនរួច ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាននាំទៅសាកសួរបឋមនៅប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ រួចនាំខ្លួនទៅសាកសួរកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES