Friday, April 26, 2024
Homeព័ត៌មានជាតិយី!!! ស្រុកខ្មែរ គេដឹងក្រយៅអស់ រត់ទៅថៃ ទៀត

យី!!! ស្រុកខ្មែរ គេដឹងក្រយៅអស់ រត់ទៅថៃ ទៀត

ខេត្តឧត្តរមានជ័យ ៖ បុរសជាជនជាតិខ្មែរ ចំនួន៣នាក់ បានឆ្លងដែនដោយខុសច្បាប់ ចូលទៅរកធ្វើការនៅក្នុងប្រទេសថៃ តែបែរជាបែកគំនិតនាំគ្នា កោរសក់ ស្លៀកស្បង់ បន្លំខ្លួនធ្វើជាសង្ឃ ដើរបិណ្ឌបាតតាមទីសាធារណៈផ្សេងៗក្នុងទឹកដីថៃ ទីបំផុត ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនបាន ក៏បញ្ជូនត្រឡប់មកទឹកដីខ្មែរវិញ។

ការបញ្ជូនជនក្លែងខ្លួនជាសង្ឃចំនួន៣នាក់ ត្រឡប់មកទឹកដីកម្ពុជាវិញនេះ ធ្វើឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ តាមច្រកអន្តរជាតិជាំ។

តាមប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិជាំ បានបញ្ជាក់ប្រាប់ថា ជនទាំង៣នាក់ ដែលត្រូវប៉ូលិសថៃ បញ្ជូនខ្លួនប្រគល់មកឱ្យភាគីកម្ពុជា នេះ ត្រូវបានភាគីថៃ ចាប់ខ្លួនបាន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ មិនត្រឹមតែឆ្លងដែនដោយខុសច្បាប់ប៉ុណ្ណោះទេ តែជនសង្ស័យទាំង៣នាក់ ថែមទាំងបានបន្លំខ្លួនជាសង្ឃ ដើរបិណ្ឌបាតនៅតាមទីសាធារណៈលើទឹកដីថៃ ទៀតផង។

ជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ខាងលើ រួមមាន ទី១-ឈ្មោះទត វឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ ទី២-ឈ្មោះប៉ក់ ភេន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងទី៣-ឈ្មោះ សេង សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

បច្ចុប្បន្ន ជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ ត្រូវបានអាជ្ញាធរធ្វើការអប់រំឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ៕

RELATED ARTICLES