Saturday, April 27, 2024
Homeព័ត៌មានជាតិប្រពន្ធថា មិនក្រោម១០ដងនោះទេ ប្តីតបវិញថា មានភស្តុតាងជាក់ស្តែង

ប្រពន្ធថា មិនក្រោម១០ដងនោះទេ ប្តីតបវិញថា មានភស្តុតាងជាក់ស្តែង

ភ្នំពេញ ៖រឿងរ៉ាវស្ត្រីម្នាក់បានប្តឹងចោទប្រកាន់ថា ប្តីជាមនុស្សប្រចណ្ឌខុសរឿង តែងប្រើអំពើហិង្សាវាយដំរហូតដល់នាងទ្រាំលែងបាន ចុះចេញពីផ្ទះមកស្នាក់នៅជាមួយបងស្រីបង្កើត បែរជាប្តីតាមវ៉ៃច្របាច់ក ឆូតមុខ កាលពីព្រលប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជិតជ្រោះបាត់ស្នេហ៍ ភូមិឡឥដ្ឋទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ នោះ ពេលនេះសមត្ថកិច្ចបានតាមប្រមាញ់ចាប់ខ្លួនបុរសជាប្តីបានហើយ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ប៉ុន្តែបែរជាផ្ទុះរឿងរ៉ាវថា មូលហេតុដែលឈានដល់ហិង្សានេះគឺផ្តើមចេញពីរឿងប្រពន្ធលួចមានប្រុសសហាយ ហើយបុរសជាប្តីនោះថែមទាំងមានភ័ស្តុតាងរូបថតឱបគ្នាយ៉ាងស្អិតល្មួតរវាងប្រពន្ធនិងប្រុសសហាយ មកបង្ហាញសមត្ថកិច្ចទៀតផង។

បុរសជាប្តីដែលរងការចោទប្រកាន់ថា បានវ៉ៃច្របាច់ក ឆូតមុខប្រពន្ធ រួចយកលុយ៣០០ដុល្លារ និងទូរស័ព្ទ២គ្រឿងទៅបាត់នោះ មានឈ្មោះហន សម្ផស្ស អាយុ២៤ឆ្នាំ មុខរបរតៃកុងរថយន្ត មានស្រុកកំណើតនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះអាត លីណា អាយុ២៣ឆ្នាំ មុខរបរធ្វើការងារនៅបារ៍បារាំង មានស្រុកកំណើតនៅខេត្តរតនគិរី ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានកូនស្រីម្នាក់ក្នុងបន្ទុកអាយុជាង១ខួប។

ក្រោយពេលសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្រាប់តែជនសង្ស័យជាប្តីបានអះអាងថា ការចោទប្រកាន់របស់ប្រពន្ធថាខ្លួនវាយដំ និងយកកាំបិតឆូតមុខនោះ មិនមែនជាការពិតទេ ហើយមូលហេតុដែលនាំឱ្យផ្ទុះហិង្សា គឺដោយសារប្រពន្ធមានសហាយ ហើយខ្លួនជាប្តីថែមទាំងមានភ័ស្តុតាងច្បាស់លាស់ទៀតផង។ ព្រមជាមួយនេះ ទាំងស្ត្រីជាម្តាយក៏ដូចជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ក៏បានកាន់រូបថត១សន្លឹក បង្ហាញពីសកម្មភាពស្ត្រីជាប្រពន្ធជនសង្ស័យឈរថតញញឹមខ្ជឹបឱបប្រុសស្នេហ៍យ៉ាងស្អិតល្មួត ខណៈដែលប្រុសស្នេហ៍រូបនោះ (ដោះអាវ) កំពុងដាក់អារម្មណ៍បិទភ្នែក ឱបថើបថ្ងាសគូស្នេហ៍យ៉ាងត្រជាក់ល្ហឹម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានកើតមានទំនាស់ជាមួយប្រពន្ធ ដោយសារតែខ្លួនបានសួរនាំប្រពន្ធរឿងរូបថតដែលប្រពន្ធរបស់ខ្លួនមានសហាយថតឱបជាមួយប្រុសថ្មីយ៉ាងល្អូកល្អិន។ ខណៈនោះ ស្រីជាប្រពន្ធបានស្ទុះមកច្រានខ្លួន និងវាយនឹងអំបោស ហើយជេរអាឆ្កែ ទើបខ្លួនខឹងទ្រាំមិនបាន វាយមួយដៃសងវិញិ បណ្តាលឱ្យប្រពន្ធដួលត្រូវកូនសោរងរបួសបែកមុខតែម្តង។ កន្លងមក ឱ្យតែឈ្លោះគ្នា ខ្លួនតែងរងការធ្វើបាបពីសំណាក់ប្រពន្ធជារឿយៗ ហើយតាមពិត ខ្លួនមិនបានប្រចណ្ឌប្រពន្ធហួសហេតុដូចការចោទប្រកាន់នោះទេ តែរឿងគឺផ្តើមចេញពីប្រពន្ធរបស់ខ្លួនមានប្រុស និងថតឱបគ្នាទៀតផង ដោយមិនគិតថា ខ្លួនមានប្តីនិងមានកូនទៅហើយនោះទេ។

ជនសង្ស័យជាប្តី បានបន្តថា គ្រាន់តែសំដីតែម្ខាងដែលបានឡាយនោះ បែរជាបងប្អូនមកជេរប្រមាថខ្ញុំទាំងមិនដឹងការពិតទៅវិញ។ មិនតែប៉ុណ្ណោះ ជេរដល់អ្នកខេត្តព្រៃវែង ទៀត។ ខ្លួននិងនារីជាប្រពន្ធបានរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៦ ដោយទៅសែននៅផ្ទះខាងស្រីក្នុងខេត្តរតនគីរី។ ការរស់នៅជាមួយគ្នាបានកូនស្រី១ អាយុ១ឆ្នាំ និង៦ខែ មិននឹកស្មានថា ប្រពន្ធទៅមានប្រុសថ្មីបែបនោះ ហើយថែមទាំងចោទប្រកាន់ថា ខ្លួនបានវាយនិងយកកាំបិតឆូតមុខនាងទៀត។ ហេតុនេះដើម្បីបំភ្លឺពីការពិត ខ្លួនបានទាក់ទងហៅអ្នកយកព័ត៌មានទៅបំភ្លឺដល់បន្ទប់ជួល ក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្តង។

នៅចំពោះមុខអ្នកយកព័ត៌មាន ស្ត្រីឈ្មោះក្រួច នាង អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយជនសង្ស័យជាប្តី បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនជាមនុស្សស្លូតត្រង់ នេះជារឿងអយុត្តិធម៌ ហើយសូមឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យកូនប្រុសរបស់គាត់ផង។

ចំណែកប្អូនស្រីជនសង្ស័យក៏បានឱ្យដឹងដែរថា ការទាស់ទែងគ្នានេះគឺផ្តើមចេញពីបងថ្លៃស្រីរបស់ខ្លួនមានសហាយ ហើយបងប្រុសមិនបានវាយទេ គឺគ្រាន់តែយកដៃរុញប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពស្ត្រីម្នាក់ឈ្មោះអាត លីណា រងរបួសនិងមានឈាមពេញផ្ទៃមុខ ជិះលើម៉ូតូកង់បី និងបានរៀបរាប់ថា ស្ត្រីរងគ្រោះឈ្មោះលីណា ត្រូវបានប្តីវាយវ៉ៃនិងចាប់ឆូតមុខ រួចប្រមូលយកលុយ និងទូរស័ព្ទទៅអស់ ហើយគាត់ (ម្ចាស់គណនីហ្វេសប៊ុក) បានផ្តល់លុយឱ្យ៥ម៉ឺនរៀល ដើម្បីទៅមន្ទីរពេទ្យ។ លុះក្រោយការបង្ហោះរូបភាពនិងខ្លឹមសារខាងលើ បានធ្វើឱ្យមានការភ្ញាក់ផ្អើលកក្រើកពេញហ្វេសប៊ុក រហូតដល់សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ស្រាវជ្រាវជាបន្ទាន់។

តាមសម្តីស្ត្រីឈ្មោះអាត លីណា បានឱ្យដឹងថា ដោយសារតែត្រូវប្តីកំណាចកំពូលប្រចណ្ឌចេះតែរករឿងឈ្លោះប្រកែកប្រើអំពើហិង្សាវាយដំដូចសត្វធាតុ ទើបនាងទ្រាំលែងបានក៏វេចបង្វេចចុះចោលប្តី មកសម្ងំរស់នៅជាមួយបងស្រីបង្កើតខ្លួនឯង ធ្វើឱ្យប្តីខឹងសម្បាតាមរករឿងមិនឈប់ លុះតាមមកសុំត្រូវគ្នាបបួលឱ្យនាងទៅរួមរស់ជុំគ្នាវិញ តែនាងមិនព្រម ស្រាប់តែប្តីកំណាចផ្ទុះកំហឹងចាប់ច្របាច់កវាយដំនាងយ៉ាងចាស់ដៃ និងថែមទាំងយកកាំបិតឆូតផ្ទៃមុខ បណ្តាលឱ្យរងរបួសធ្ងន់ថែមទៀត។

ស្ត្រីជាប្រពន្ធរូបនេះ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយ ដោយមិនបានរៀបការអ្វីធំដុំនោះទេ គ្រាន់តែសែនព្រេនបន្តិចបន្តួចប៉ុណ្ណោះ រួចក៏រួមរស់បង្កើតបានកូនស្រីម្នាក់ជាចំណងដៃ សព្វថ្ងៃមានអាយុ១ខួបជាង កំពុងរស់នៅជាមួយតាយាយឯស្រុកកំណើត។ តាំងពីរួមរស់ជាប្តីប្រពន្ធនឹងគ្នាប្រមាណជាង៣ឆ្នាំមកនេះ នាងតែងទទួលនូវការវាយធ្វើបាបពីបុរសជាប្តី សរុបមិនតិចជាង១០លើកនោះទេ ព្រោះតែប្តីនេះមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់។ ដោយសារតែត្រូវប្តីវាយធ្វើបាបគ្មានស្រាកស្រាន្ត ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ចាកចេញពីប្តីមកស្នាក់នៅជាមួយបងស្រីបង្កើតរបស់នាងវិញ ធ្វើឱ្យប្តីខឹងសម្បាចេះតែតាមរករឿងនាងមិនឈប់។ ជាក់ស្តែង កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ប្តីរបស់នាងបានមកហៅនាងឱ្យទៅរស់នៅជាមួយគេវិញ តែនាងមិនព្រមទៅ ដោយសុខចិត្តរស់នៅជាមួយបងស្រីបង្កើត ព្រោះខ្លាចរង់នូវអំពើហិង្សា។ លុះពេលនាងឆ្លើយបដិសេធបែបនេះ ស្រាប់តែប្តីកំណាចរបស់នាងច្រឡោតខឹងយ៉ាងខ្លាំង រួចក៏បានចាប់ច្របាច់កវាយដំច្រំធាក់នាង រួចក៏យកកាំបិតឆូតមុខរបស់នាង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយមិនតែប៉ុណ្ណោះ ប្តីហេងស៊យនេះ នៅបានលួចយកទូរស័ព្ទរបស់នាងចំនួន២គ្រឿង និងលុយជាង៣០០ដុល្លារ រត់គេចខ្លួនបាត់ស្រមោលទៀតផង។ 

ស្ត្រីខាងលើ បានអះអាងថា ក្រោយកើតហេតុ នាងត្រូវបានបងស្រី និងអ្នកជិតខាងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តាមម៉ូតូកង់បីភ្លាមៗ និងត្រូវគ្រូពេទ្យដេរមុខរបួស ត្រង់ច្រមុះដេរ៤ថ្នេរ ត្របកភ្នែកដេរ២ថ្នេរ។ រហូតដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពរបួសរបស់នាងបានធូរស្រាល ក៏ចាកចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះវិញហើយ។ ជាមួយនេះ នាងក៏បានទៅដាក់ពាក្យបណ្តឹងឱ្យនគរបាលមូលដ្ឋាន ជួយចាត់ការប្តីកំណាចនោះផងដែរ ដើម្បីសុវត្ថិភាពរបស់នាងនៅថ្ងៃក្រោយផងដែរ៕

RELATED ARTICLES