Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធពោះធំឈឺ ប្តីគ្មានលុយជូនទៅពេទ្យ បានត្រឹម...

ប្រពន្ធពោះធំឈឺ ប្តីគ្មានលុយជូនទៅពេទ្យ បានត្រឹម…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៤ខែ ស្រាប់តែកើតមានអាការទន់ដៃជើងនិងអស់កម្លាំងល្ហិតល្ហៃ ប៉ុន្តែដោយសារជីវភាពទីទ័លក្រពេក ទើបគ្មានលទ្ធភាពទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ស្រាប់តែរយៈពេលប្រមាណ១០ថ្ងៃក្រោយមក ស្ត្រីរងគ្រោះក៏ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនស្រី២នាក់ ដែលម្នាកស្វិតដៃជើង ហើយមានក្បាលធំដូចមនុស្សក្រៅភព។

ករណីស្ត្រីមានផ្ទៃពោះឈឺស្លាប់ទាំងកូនក្នុងផ្ទៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ គុជ សារឿន ហៅជ្រូក អាយុ៣៧ឆ្នាំ មានកូនក្នុងផ្ទៃអាយុ៤ខែ និងកូនស្រី២នាក់ទៀត រស់នៅជាមួយប្តីឈ្មោះសាឡាន់ រ៉ន អាយុ៣១ឆ្នាំ ជាកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

តាមសម្តីបុរសជាប្តីបានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) បានកើតមានអាការទន់ដៃជើងប្រហែល១០ថ្ងៃមកហើយៗបានស្លាប់នៅព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តែម្តង។ ពេលសាកសួរថា ហេតុដូចម្តេចមិនបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យ? បុរសជាប្តីរូបនេះបានបញ្ជាក់យ៉ាងខ្លីថា ដោយបញ្ហាសេដ្ឋកិច្ចគ្រួសារ ពោលគឺគ្មានប្រាក់។ តែអ្នកស្រុកថា គ្រួសារខាងលើមានប័ណ្ណក្រីក្រអាចទៅមន្ទីរពេទ្យគ្រប់ពេល ដោយមិនចំណាយប្រាក់ ។

អ្នកភូមិនិយាយថា គ្រួសារខាងលើទីទាល់ក្រខ្លាំងណាស់ សូម្បីតែប្រាក់ធ្វើបុណ្យសពក៏គ្មានដែរ អាស្រ័យលើអ្នកស្រុករៃអង្គាសគ្នាជួយតែប៉ុណ្ណោះ។ ដោយសារភាពក្រីក្រ សាកសពត្រូវបានអ្នកស្រុកជួយដឹកបញ្ជូនទៅតម្កល់នៅបរិវេណវត្តឃោស្ថារាម ហៅវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

នៅកន្លែងកើតហេតុ គេឃើញកូនស្រីជនរងគ្រោះ២នាក់ ដែលម្នាក់អាយុ៧ឆ្នាំ ហើយម្នាក់ទៀតដែលកើតជំងឺស្វិតដៃជើង មានក្បាលធំ ត្រូវជីដូនបីនឹងដៃ ដោយពេលខ្លះបុរសជាឪពុកបីត្រកង ដែលធ្វើឱ្យទិដ្ឋភាពក្នុងពិធីបុណ្យសពនោះ កាន់តែសោកសង្រេងថែម១កម្រិតទៀត។

ជាមួយនេះ គ្រួសារខាងលើបានអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តា ជួយឧបត្ថម្ភសង្គ្រោះក្មេងស្រីទាំង២នាក់ឱ្យរួចផុតពីជំងឺដង្កាត់ និងមានហូបចុកគ្រប់គ្រាន់ដូចគេឯងផង៕

RELATED ARTICLES