Saturday, April 27, 2024
Homeព័ត៌មានជាតិមុនមានរឿងនេះ គាត់តែងប្រាប់កូនក្មួយថា ពិបាកចិត្តខ្លាំងណាស់

មុនមានរឿងនេះ គាត់តែងប្រាប់កូនក្មួយថា ពិបាកចិត្តខ្លាំងណាស់

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថាបានកើតមានជំងឺផ្លូវចិត្ត ដោយចេះតែត្អូញត្អែរប្រាប់គេឯងថា ពិបាកចិត្តខ្លាំងណាស់ លុះឆ្លៀតពេលដែលប្តីក្រោកពីព្រលឹមដើរចេញទៅហាត់ប្រាណបាត់ ស្រាប់តែស្ត្រីរងគ្រោះបានសម្រេចចិត្តចងកសម្លាប់ខ្លួន លុះបុរសជាប្តីត្រឡប់មកវិញប្រទះឃើញស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនមានឈ្មោះ ហេង អុល អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះអ៊ី ភឿន អាយុ៦៦ឆ្នាំ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ គាត់បានក្រោកចេញទៅដើរហាត់ប្រាណតាមទម្លាប់ រហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញប្រពន្ធរបស់គាត់ចងកទៅហើយ ទើបគាត់បានស្រែកឆោឡោហៅកូនចៅ បងប្អូនអ្នកជិតខាងឱ្យមកជួយកាត់ខ្សែចំណង និងលើកដាក់ប្រពន្ធចុះមកក្រោមធ្វើចលនាបេះដូង រួចប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ភ្លាមៗដែរ តែអកុសលពេលទៅដល់គ្រូពេទ្យពិនិត្យរួចបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បុរសជាប្តី បានបញ្ជាក់ថា កន្លងមកប្រពន្ធរបស់គាត់បានកើតមានជំងឺផ្លូវចិត្ត ដោយតែងតែនិយាយប្រាប់កូនក្មួយ និងអ្នកស្គាល់គ្នាថា គាត់ពិបាកចិត្តខ្លាំងណាស់ ព្រោះគ្មានលុយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ឆ្លៀតពេលគាត់ជាប្តីមិននៅផ្ទះ ប្រពន្ធគាត់ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងក) ប្រាកដមែន ដោយប្រើក្រមាក្រឡាការ៉ូ ពណ៌ក្រហមលាយស ប្រវែង១,៤០ម៉ែត្រ ចងកជាប់នឹងធ្នឹមដំបូលផ្ទះ បណ្តាលឱ្យស្លាប់។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES