Friday, April 26, 2024
Homeព័ត៌មានជាតិម្នាក់ៗខកចិត្តមិនស្ទើរ ក្រោយពេលចាប់ខ្លួនម្ចាស់ក្រុមហ៊ុន អ៊ីណារីតា ពាក់ព័ន្ធសែកស្អុយ

ម្នាក់ៗខកចិត្តមិនស្ទើរ ក្រោយពេលចាប់ខ្លួនម្ចាស់ក្រុមហ៊ុន អ៊ីណារីតា ពាក់ព័ន្ធសែកស្អុយ

ភ្នំពេញ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា អ្នកជំនួញដីឡូត៍ល្បីឈ្មោះមួយរូបត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆបោកនិងចេញមូលទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)។

តាមប្រភពពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកឌីម សួនណាត ប្រធានក្រុមហ៊ុនអ៊ីណារីតា ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោកនិងចេញមូលទានបត្រគ្មានសាច់ប្រាក់។ សមត្ថកិច្ចបង្ហើបប្រាប់ថាមានប្រជាពលរដ្ឋច្រើនណាស់ដែលចង់បានការប្រាក់ខ្ពស់បានចាញ់បោកក្រុមហ៊ុនអ៊ីណារីតានេះ ហើយទឹកប្រាក់ប្រមាណពី២០០លានទៅ៣០០លានដុល្លារ ត្រូវបានឈ្មោះឌីម សួនណាត បោកពីប្រជាពលរដ្ឋ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា លោកឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យក្រុមហ៊ុនអ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD) បានភូតភរនិងឆបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណ២០០ទៅ៣០០លានដុល្លារ។

ជនរងគ្រោះម្នាក់ដែលសុំមិនបញ្ចោញឈ្មោះបានរៀបរាប់ប្រាប់ថា គាត់បានចូលខ្លួនរកស៊ីជាមួយនឹងក្រុមហ៊ុនមួយនេះអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយចាប់ផ្តើមតាំងពីអំឡុងខែតុលា ឆ្នាំ២០១៨កន្លងមក។ ដើមឡើយគាត់បានស្គាល់ក្រុមហ៊ុនុមួយនេះតាមរយៈមិត្តភក្តិម្នាក់ដែលបានណែនាំគាត់ឱ្យចូលហ៊ុនរកស៊ីជាមួយ តាមរយៈការដាក់ប្រាក់ចងការឱ្យក្រុមហ៊ុន និងទទួលបានការប្រាក់មកវិញយ៉ាងខ្ពស់ ពោលគឺចំណេញកប់ក្តោងតែម្តង។

ប្រភពដដែលបន្តថា តាមគោលការណ៍របស់ក្រុមហ៊ុនរាល់អ្នកដែលយកប្រាក់ទៅធ្វើពាណិជ្ជកម្ម (trade) ជាមួយនឹងខាងក្រុមហ៊ុននឹងទទួលបានអត្រាការប្រាក់យ៉ាងខ្ពស់ ពោលគឺទទួលបាន២៥ភាគរយក្នុង១ខែ ចំណែកអ្នកដែលអាចរកបានមនុស្សទៅចូលរួមជាមួយក្រុមហ៊ុនបាន ក្នុងម្នាក់នឹងទទួលបាន៥ភាគរយពីក្រុមហ៊ុនបន្ថែមទៀត។ ចំពោះនីតិវិធីនៃការទទួលការប្រាក់មកវិញគឺខាងក្រុមហ៊ុនបានចេញជាមូលទានប័ត្រ (សែក) ដែលអាចបើកក្នុងរយៈពេលចាប់ពី១០ទៅ១៥ថ្ងៃម្តងដែលរូបភាពនេះគឺជាការចងចិត្តមនុស្សជាច្រើនឱ្យយកប្រាក់ទៅ​tradeជាមួយក្រុមហ៊ុនដើម្បីទទួលយកផលនៃការធ្វើវិនិយោគ រហូតអ្នកខ្លះត្រូវលក់គោក្របីដីធ្លីផ្ទះសម្បែងឬដើរខ្ចីលុយកាក់គេយកមកធ្វើវិនិយោគជាមួយក្រុមហ៊ុនទៀតផង។

ប្រភពខាងលើបានអះអាងថា រហូតមកដល់ពេលនេះគាត់មានប្រាក់នៅជាប់ជាមួយនឹងការវិនិយោគជាមួយក្រុមហ៊ុនអ៊ីណារីតា ប្រមាណ១២០០០ដុល្លារឯណោះ ស្រាប់តែចុងក្រោយខណៈដែលគាត់កំពុងមានក្តីរំពឹងខ្ពស់នឹកថា នឹងទទួលបានផលចំណេញកាន់តែច្រើនធ្វើឱ្យជីវិតកាន់តែប្រសើរឡើង បែរជាផ្ទុះរឿងសមត្ថកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនក្នុងរឿងឆបោកទៅវិញ ធ្វើឱ្យក្តីស្រមៃរបស់គាត់ទាំងប៉ុន្មានត្រូវរលាយអស់ដូចអំបិលត្រូវទឹក។

ដោយឡែក ប្រភពមួយផ្សេងទៀតបានរៀបរាប់ដោយសុំមិនបញ្ចោញឈ្មោះដូចគ្នាថា គាត់ក៏បានផុងខ្លួនជាមួយនឹងការវិនិយោគជាមួយនឹងក្រុមហ៊ុនអ៊ីណារីតា នេះផងដែរ ដោយដំបូងឡើយគាត់បានយកប្រាក់ចំនួន១ពាន់ដុល្លារ ទៅវិនិយោគជាមួយនឹងក្រុមហ៊ុន ហើយក៏ទទួលបានការប្រាក់៣០ភាគរយ ពោលគឺបានប្រាក់៣០០ដុល្លារត្រឡប់មកវិញភ្លាមៗ ជាហេតុធ្វើឱ្យគាត់នឹកគិតថាពិតជាចំណេញមែន ក៏បានទៅរកប្រាក់ចំនួន២ពាន់ដុល្លារមកដាក់វិនិយោគបន្ថែមទៀត និងទទួលយកនីតិវិធីបើកការប្រាក់រៀងរាល់កន្លះខែម្តង។ ក្នុងនោះការបើកយកការប្រាក់នៅលើកទី១ ឃើញថាមានសភាពប្រក្រតី បើកប្រាក់ធម្មតាចំនួន៦០០ដុល្លារ ស្រាប់តែចូលមកដល់អំឡុងខែមិថុនា ដែលត្រូវបើកយកការប្រាក់នៅលើកទី២ ស្រាប់តែពេលដែលគាត់ទៅបើកប្រាក់ បែរជាត្រូវខាងក្រុមហ៊ុនប្រាប់ថា ប្រព័ន្ធមានបញ្ហារអាក់រអួលផង ណាមួយមានបញ្ហាបាត់ប្រាក់ផង ហេតុនេះក្រុមហ៊ុនក៏បានណែនាំឱ្យគាត់ទៅបើកប្រាក់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ស្ថិតនៅម្តុំផ្សារអ៊ីអន២វិញ។ ស្រាប់តែពេលទៅដល់ស្នាក់ការកណ្តាល ឃើញថាមានមនុស្សយ៉ាងច្រើនសុទ្ធតែមករង់ចាំបើកប្រាក់ដូចគ្នា ហើយក៏មិនមានអ្នកណាម្នាក់បើកប្រាក់បានដែរ ហើយចាប់តាំងពីពេលនោះមកក៏ចាប់ផ្តើមមានភាពរកាំរកូសរហូត ពោលគឺបើកប្រាក់លែងបានសោះតែម្តង។ លុះមកដល់ថ្មីៗនេះក៏មានដំណឹងថា ប្រធានក្រុមហ៊ុនត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ទើបគាត់ភ្ញាក់ខ្លួនថាចាញ់ការឆបោករបស់ក្រុមហ៊ុន។ 

តាមប្រភពពីជនរងគ្រោះផ្សេងទៀត បានប្រាប់ថា ពួកគាត់បានវិនិយោគជាមួយលោកឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុន ENARITA development Co.,LTD ដែលក្នុងកុងត្រានោះមានធានាសែកនិងស្នាមផ្តិតមេដៃរបស់លោកឌីម សួនណាត ផ្ទាល់ ដែលជាហេតុធ្វើឱ្យគាត់ទុកចិត្ត។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ក៏មានការដកប្រាក់តាមសែកមិនបាន ហើយលោកឌីម សួនណាត បានលួងលោមដល់ជនរងគ្រោះថា ធនាគារជាតិធ្វើការបង្កកលុយគាត់ ហើយធ្វើការស៊ើបអង្កេតដោយសារចរន្តលុយច្រើនពេក ហើយបង្គាប់ជនរងគ្រោះឱ្យទៅដកនៅក្រុមហ៊ុនលោកផ្ទាល់វិញ។ តែក្រោយមក លោកចេះតែពន្យារពេលរហូត លុះដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅតែមិនឃើញក៏មានពាក្យបណ្តឹងរបស់ជនរងគ្រោះចូលទៅក្រសួងមហាផ្ទៃ ប្តឹងលោកឌីម សួនណាត ពីបទល្មើសជាក់ស្តែងហើយធ្វើការស៊ើបអង្កេតតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពីលោកឌឹម សួនណាត ឬតំណាងក្រុមហ៊ុន ENARITA deve-lopment Co.,LTD បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Enarita ត្រូវបានមហាជនដឹងថា កាលពីកន្លងមកធ្លាប់បានប្រកាសពីគម្រោងលក់ដីរបស់ខ្លួននៅក្នុងតំបន់លំហែកាយជាច្រើនគម្រោងនៅក្នុងខេត្តសៀមរាប បាត់ដំបង ប៉ៃលិន និងព្រះវិហារ ជាដើម។ ប៉ុន្តែពេលនេះស្រាប់តែធ្លាយដំណឹងនៃការចោទប្រកាន់ថា បានឆបោកអតិថិជនរបស់ខ្លួន រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនទៅវិញ…៕

RELATED ARTICLES