Saturday, April 27, 2024
Homeព័ត៌មានជាតិបានត្រឹម៦រាត្រីប៉ុណ្ណោះ... ឪពុកខាងស្រីទៅដល់ ផ្អើលពេញភូមិ

បានត្រឹម៦រាត្រីប៉ុណ្ណោះ… ឪពុកខាងស្រីទៅដល់ ផ្អើលពេញភូមិ

ខេត្តតាកែវ ៖ គូស្នេហ៍វ័យក្មេងមួយគូបានទាក់ទងស្នេហាគ្នាយ៉ាងស៊ីជម្រៅរហូតដល់ខាងប្រុសថ្លើមធំ ហ៊ានពង្រត់ខាងស្រីចេញពីផ្ទះទៅសម្ងំស្នាក់នៅស្រុកកំណើតរបស់ខ្លួន និងថែមទាំងបានរួមរ័កស្នេហាគ្នាអស់រយៈពេល6រាត្រី ដឹងអីឪពុកខាងស្រីស៊ើបដឹងតាមរកមុខឃើញ ក៏ប្តឹងសមត្ថកិច្ចចុះទៅចាប់វាយខ្នោះដល់ ផ្ទះ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យពង្រត់កូនស្រីគេមករួមរ័ក6រាត្រីនេះ បានធ្វើឡើងកាលពីវេលាម៉ោង5ល្ងាច ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង។

យុវជនជាប់សង្ស័យពង្រត់កូនស្រីគេយកទៅរួមរ័កមេត្រី រហូតត្រូវឪពុកខាងស្រីនាំប៉ូលិស ចុះចាប់ដល់ផ្ទះ មានឈ្មោះស្តើង ទី អាយុ20 ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ម.ល អាយុ14ឆ្នាំ មានលំនៅក្នុងម្តុំ ផ្សារបវេល ស្រុកបវេល ខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើយុវជនឈ្មោះស្តើង ទី ថាបានពង្រត់កូនស្រី របស់គាត់ដែលស្ថិតក្នុងវ័យជាអនីតិជននៅឡើយ ចេញពីផ្ទះឯខេត្តបាត់ដំបងតាំងពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 ដោយនាំគ្នាមកសម្ងំនៅផ្ទះខាងប្រុសក្នុងភូមិឃុំកើតហេតុខាងលើ និងថែមទាំងបានលួងលោមរួមភេទជាមួយកូនស្រីគាត់ទាំងមិនទាន់គ្រប់អាយុរហូតដល់បានសម្រេចទៀតផង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំដោយលោកវរៈសេនីយ៍ទោ ប៉ិច វណ្ណា បានចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ រួមនឹងជនរងគ្រោះយកមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស្តើង ទី បានឆ្លើយសារភាពថា រវាងរូបគេនិងក្មេងស្រីរងគ្រោះ ត្រូវជាសង្សារនឹងគ្នាហើយ ពួកគេទាំង2នាក់ស្រលាញ់គ្នាដោយចិត្តនិងចិត្តអស់រយៈពេលជាច្រើនខែមកហើយ។

ជនសង្ស័យបន្តថា ក្រោយមករូបគេក៏បាននាំស្រីស្នេហ៍មកលេងស្រុក ដោយបានឡើងជិះឡានក្រុងចេញពីខេត្តបាត់ដំបង ឆ្ពោះមកខេត្តតាកែវ តាំងពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 រួចក៏បានមកស្នាក់នៅផ្ទះរបស់គេឯស្រុកកំណើតក្នុងខេត្តតាកែវ និងថែមទាំងបានព្រមព្រៀងគ្នារួមរ័កមេត្រីទៀតផង ពោលគឺមិនបានបង្ខិតបង្ខំនោះឡើយ។

ជនសង្ស័យបន្តទៀតថា លុះក្រោយមកបន្ទាប់ពីបាត់កូនស្រីចេញពីផ្ទះ ឪពុកខាងស្រីក៏បានតាមស្វែងរកនិងស៊ើបដំណឹងដឹងថា ពួកគេទាំង2នាក់ កំពុងសម្ងំនៅខេត្តតាកែវ ក៏តាមមករករួចប្តឹងសមត្ថកិច្ចឱ្យចាប់រូបគេជាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានឪពុកម្តាយនាំយកត្រឡប់ទៅផ្ទះឯខេត្តបាត់ដំបងវិញបាត់ទៅហើយ៕

RELATED ARTICLES