Saturday, April 27, 2024
Homeព័ត៌មានជាតិពួកគាត់លេងមួយប្រាវ.. សូម្បីតែបុគ្គលិកបម្រើការទីនោះ ក៏រងរបួសដែរ

ពួកគាត់លេងមួយប្រាវ.. សូម្បីតែបុគ្គលិកបម្រើការទីនោះ ក៏រងរបួសដែរ

ភ្នំពេញ ៖ បុរសចំនួន២ក្រុមបាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងផឹកស៊ីមួយកន្លែងដោយអង្គុយតុក្បែរគ្នា លុះក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងខ្លួនក៏ចេះតែសម្លឹងមើលមុខក្នុងន័យឌឺដងដាក់គ្នាទៅវិញទៅមក ជាហេតុធ្វើឱ្យផ្ទុះជាជម្លោះឈានដល់អំពើហិង្សាកែវហោះចានហើរផ្អើលពេញហាងផឹកស៊ី ធ្វើឱ្យមនុស្សរងរបួសជាច្រើននាក់។

ករណីអំពើហិង្សាក្នុងហាងផឹកស៊ីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានយីហោកន្លែងចាស់ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមការបញ្ជាក់ពីបុរសជាអ្នកគ្រប់គ្រងភោជនីយដ្ឋានខាងលើដែលជាកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្ញៀវមួយក្រុមមានគ្នាជិត២០នាក់ បាននាំគ្នាចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់ជាធម្មតា។ ខណៈនោះក៏មានភ្ញៀវមួយក្រុមទៀតមានគ្នា៨នាក់បានចូលមកផឹកស៊ីតុក្បែរគ្នាដែរ ដោយភាគីទាំងសងខាងមិនមានទំនាស់អ្វីនឹងគ្នានោះទេ។

ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ភាគីទាំងសងខាងចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចេះតែអង្គុយសម្លឹងមើលមុខគ្នាទៅវិញទៅមកក្នុងន័យឌឺដងដាក់គ្នា លុះបន្តិចក្រោយមកភាគីខាងមានគ្នា៨នាក់ បាននាំគ្នាចេញទៅក្រៅរួចដើរចូលមកវិញ ហើយក៏យកដបស្រាបៀរវាយទៅភាគីខាងមានគ្នាជិត២០នាក់ ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលវាយតប់គប់គ្នាទៅវិញទៅមកបង្កើតបានជាទិដ្ឋភាពកែវហោះចានហើរពេញក្នុងហាង និងធ្វើឱ្យមានមនុស្សរងរបួសជាច្រើននាក់ ក្នុងនោះក៏មានបុគ្គលិកបម្រើការក្នុងហាងដែលមិនដឹងខ្យល់អី ក៏ទទួលរងរបួសក្រោមស្នាដៃក្រុមជនបង្កទាំងនោះដែរ រីឯសម្ភារជាច្រើនក្នុងហាងបានទទួលរងការបាក់បែកខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ក្រុមជនបង្កមិនបង្អង់យូរបាននាំគ្នាឡើងជិះរថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់។

បន្ទាប់មក សមត្ថកិច្ចបានចុះមកសួរនាំនិងនាំអ្នកគ្រប់គ្រងហាងកើតហេតុខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ដើម្បីជួយបំភ្លឺជុំវិញករណីហិង្សា និងដាក់បណ្តឹងងាយស្រួលសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES