Saturday, April 27, 2024
Homeព័ត៌មានជាតិម៉ែអស់ទ្រាំហើយ... ទង្វើកូនប្រុសរូបនេះហួសហេតុពេក

ម៉ែអស់ទ្រាំហើយ… ទង្វើកូនប្រុសរូបនេះហួសហេតុពេក

ខេត្តកណ្តាល ៖ កូនប្រុសចិត្តកោងកាចម្នាក់មួយថ្ងៃៗមិនគិតខ្វល់ខ្វាយរឿងធ្វើការងាររកស៊ីអ្វីទាំងអស់ ដឹងតែពីដើរលេងទាត់ខ្យល់សេពគប់មិត្តភក្តិមិនល្អ ផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ លុះនៅសុខៗក្រោកពីដេកក៏ទាមទារម៉ែចែកកេរ លុះម្តាយមិនព្រមក៏ផ្ទុះកំហឹងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់ រហូតដល់ម្តាយទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចចាប់អូសកកូនប្រុសយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសទារម៉ែចែកកេរអត់បានបែរជាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង។

ជនបង្កខាងលើមានឈ្មោះឡេង ប៊ុនស៊ាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះមានឈ្មោះបេន ចន្ទ័ណា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយបង្កើតរបស់ជនបង្កនិងស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កខាងលើគឺជាមនុស្សដែលមិនមានការងារអ្វីធ្វើនោះទេ មួយថ្ងៃៗដើរលេងប៉ោឡែពពាក់ពពូនផឹកស៊ីជាមួយមិត្តភក្តិ និងតែងបង្កបញ្ហាអុកឡុកអ្នកផ្ទះស្ទើររាល់ថ្ងៃ។ ហើយជាញឹកញាប់ជនបង្កតែងតែរំអុកឱ្យម្តាយបែងចែកទ្រព្យសម្បត្តិមកឱ្យរូបគេ ដើម្បីយកទៅចាយវាយ​ប៉ុន្តែម្តាយមិនព្រម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនបង្កបានទៅដើរលេងអស់ចិត្តក៏ត្រឡប់មកផ្ទះវិញដេក លុះដល់ម៉ោងបាយថ្ងៃត្រង់ ក្រោកពីដេក ស្រាប់តែរំអុកទារម្តាយឱ្យចែកកេរដល់ខ្លួនម្តងទៀត ប៉ុន្តែស្ត្រីជាម្តាយមិនបានឆ្លើយតបអ្វីទាំងអស់ ជាហេតុធ្វើឱ្យកូនប្រុសចិត្តកំណាចផ្ទុះកំហឹងស្រែកឡូឡាពេញផ្ទះ និងបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាយទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតអស់ជាច្រើន។

ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់កូនប្រុសរូបនេះតទៅទៀតមិនបាន ទើបស្ត្រីជាម្តាយបានសម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកប៉ុស្តិ៍​ ដើម្បីសាកសួរនិងបន្តនីតិវិធី៕

RELATED ARTICLES