Friday, April 26, 2024
Homeព័ត៌មានជាតិដោតឌុយម៉ូទ័របូមទឹកបានបន្តិចស្រាប់តែដាច់ទៅវិញ កូនឆ្ងល់ដើរទៅមើល ភ្ញាក់ផ្អើលតែម្តង

ដោតឌុយម៉ូទ័របូមទឹកបានបន្តិចស្រាប់តែដាច់ទៅវិញ កូនឆ្ងល់ដើរទៅមើល ភ្ញាក់ផ្អើលតែម្តង

ខេត្តកំពង់ធំ ៖ ឪពុកកូន២នាក់បាននាំគ្នារៀបចំតម៉ូទ័របូមទឹក ដើម្បីបូមទឹកស្ទឹងយកមកទុកប្រើប្រាស់ លុះពេលតម៉ូទ័ររួច ឪពុកក៏ប្រាប់ឱ្យកូនប្រុសទៅដោតឌុយភ្លើងនៅក្នុងផ្ទះ ស្រាប់តែដោតឌុយរួចភ្លើងក៏ដាច់ទៅវិញ លុះកូនប្រុសរត់ទៅមើលឪពុកក៏ប្រទះឃើញឪពុកស្លាប់អណ្តែតទឹកស្ទឹងបាត់ទៅហើយ។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទឹកស្ទឹងខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសូទ្រ សឹម អាយុ៦១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះសឹម ចិត្រា អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងឪពុក (ជនរងគ្រោះ) បានយកម៉ូទ័របូមទឹកទៅបូមទឹកស្ទឹងនៅខាងក្រោយផ្ទះ ដើម្បីយកទឹកទុកប្រើប្រាស់។

ប្រភពបានបន្តថា លុះរៀបម៉ូទ័ររួច ឪពុកបានប្រាប់ខ្លួនឱ្យទៅដោតឌុយភ្លើងនៅផ្ទះ ហើយពេលនោះរូបគេបានប្រាប់ឪពុកវិញថា “ពុកឯងឡើងសិនមក” លុះនិយាយរួច រូបគេក៏បានដើរសំដៅទៅផ្ទះវិញ និងបានដោតឌុយភ្លើងនោះដើម្បីបូមទឹក លុះបន្តិចក្រោយមកក៏ដាច់ភ្លើងវិញ។

ប្រភពបន្តទៀតថា ឃើញបែបនេះ រូបគេនឹកឆ្ងល់ក៏ដកឌុយនោះចេញវិញ រួចរត់ទៅមើលឪពុកនៅកន្លែងម៉ូទ័របូមទឹក ស្រាប់តែទៅដល់ក៏ឃើញឪពុកខ្លួនស្លាប់អណ្តែតទឹកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ និងជំនាញស្រុក រួមទាំងអាជ្ញាធរភូមិ-ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសព រួចបញ្ជាក់ថា សាកសពពុម៉ាំនស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មនោះឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយឆក់ចរន្តអគ្គីសនី។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES