Saturday, April 27, 2024
Homeព័ត៌មានជាតិជាងសោជនជាតិវៀតណាម លួចរថយន្តយ៉ាងយូរ២នាទី

ជាងសោជនជាតិវៀតណាម លួចរថយន្តយ៉ាងយូរ២នាទី

ភ្នំពេញ ៖ ជនជាតិវៀតណាមជាមុខសញ្ញាចោរលួចរថយន្តម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកប្រតិបត្តិការបង្ក្រាបបាន ក្រោយរូបគេបានធ្វើសកម្មភាពលួចរថយន្តទំនើប១គ្រឿង នៅចំណុចភូមិស្វាយប៉ាក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ប្រតិបត្តិការបង្ក្រាបចោរដៃឆើតជំនាញលួចរថយន្តទំនើបនេះ ត្រូវបានធ្វើឡើងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្តាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានបន្តថា ក្រោយទទួលបានបទបញ្ជាពីប្រធាននាយកដ្ឋាន លោកបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញាបាន និងធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ដែលជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C៤៥៦៣១៣១។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា រូបគេពិតជាបានលួចរថយន្ត ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8393 ប្រាកដមែន។

ជនសង្ស័យបន្តសារភាពថា សម្រាប់រថយន្តប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ចុះក្រោម មិនពិបាកលួចនោះទេ ដោយប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ទាំងឧបករណ៍ផ្តាច់ជីភីអេស និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារទាំងនេះគេយកមកពីប្រទេសវៀតណាម។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានដែកកាច់សោររថយន្ត១ ឧបករណ៍ផ្តាច់ប្រព័ន្ធជីភីអេសចំនួន១គ្រឿង ឧបករណ៍សម្រាប់ភ្ជាប់ជាមួយស្មាតឃីចំនួន១គ្រឿង ដែកកាច់សោសូឡិចចំនួន១ និងរថយន្តរបស់ជនរងគ្រោះ ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8393។

លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបាននេះជាមុខសញ្ញាគ្រោះថ្នាក់បំផុត ដោយរូបគេមានមុខរបរជាជាងសោ ហើយមានទាំងឧបករណ៍គ្រប់គ្រាន់ ដើម្បីប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ពិសេស ការលួចរថយន្តស្មាតឃី។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះ ជនរងគ្រោះក៏បានស្នើដល់ស្ថាប័នតុលាការដើម្បីផ្តន្ទាទោសមុខសញ្ញាលួ រថយន្តនេះឱ្យបានតឹងរឹងបំផុត ហើយក៏បានអរគុណដល់កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យ៕

RELATED ARTICLES