Saturday, April 27, 2024
Homeព័ត៌មានជាតិមកពីកំពង់ចាម ទិញថ្នាំស្វាយប៉ាក ជក់នៅពញាឮ សមត្ថកិច្ចបញ្ជូនទៅតាខ្មៅ

មកពីកំពង់ចាម ទិញថ្នាំស្វាយប៉ាក ជក់នៅពញាឮ សមត្ថកិច្ចបញ្ជូនទៅតាខ្មៅ

ខេត្តកណ្តាល ៖ យុវជន៥នាក់ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ខណៈពួកគេកំពុងផ្តុំគ្នាជក់ថ្នាំញៀន នៅត្រង់ចំណុចទំនប់បឹងជោរ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយពួកគេទាំង៥នាក់ឡើងមកពីខេត្តកំពង់ចាម ទៅទិញថ្នាំញៀននៅស្វាយប៉ាក រួចយកទៅជក់នៅទីនោះ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននេះ រួមមាន ៖

ទី១-ឈ្មោះអ៊ុន រីសាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុងទឹកនោម

ទី២-ឈ្មោះសៀង តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុងទឹកនោម។

ទី៣-ឈ្មោះ ហ៊ិន សេងហាវ ភេទប្រុស អាយុ១៨ឆ្នាំ ជន-ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុងទឹកនោម។

ទី៤-ឈ្មោះ ជា វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុងទឹកនោម។

ទី៥-ឈ្មោះសៀង ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាសែន ឃុំ សូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុងទឹកនោម។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា សារធាតុញៀនមេតំហ្វេតាមីនចំនួន៤កញ្ចប់តូច ទម្ងន់០.៦៧ក្រាម។ ម៉ូតូចំនួន២គ្រឿង (ម៉ាកហុងដាហ្ស៊ូមើរ ពាក់ស្លាកលេខភ្នំពេញ 1FW-7100 និងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខកំពង់ចាម 1W-0339)។ ទូរសព្ទ័ដៃចំនួន៤គ្រឿង (ម៉ាក HIYA , ម៉ាក oppo, true និង Iphone)។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ប្រទះឃើញជនសង្សយ័ខាងលើកំពុងធ្វើសកម្មភាពសង្សយ័ចែកចាយគ្រឿងញៀន ក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះចិន។

ភ្លាមនោះ កម្លាំងប៉ុស្តិ៍និងកម្លាំងផ្នែកជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ ឃើញជនសង្សយ័ក៏បានហៅសួរនាំត្រួតពិនិត្យឃើញម្សៅក្រាមសថ្លា ដែលសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់តូច ដែលជនសង្ស័យបានទម្លាក់ចោលពេលឃើញកម្លាំងសមត្ថកិច្ចទៅដល់ ហើយក៏បានបង្ក្រាបចាប់ឃាត់ខ្លួននិងដកហូតវត្ថុតាងបានដូចខាងលើបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនៅចំពោះមុខទាំង៤កញ្ចប់នេះ ពិតជាថ្នាំញៀនដែលពួកគេបានទិញមកពីស្វាយប៉ាក ដើម្បីទុកប្រើប្រាស់ និងចូលមកកន្លែងកើតហេតុ គោលបំណងជក់ថ្នាំញៀន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ បន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES