Friday, April 26, 2024
Homeព័ត៌មានជាតិចូលរួមមង្គលការបងប្អូន មិនបានសប្បាយ បែរជាស្រក់ទឹកភ្នែក

ចូលរួមមង្គលការបងប្អូន មិនបានសប្បាយ បែរជាស្រក់ទឹកភ្នែក

ខេត្តព្រៃវែង ៖ ក្មេងប្រុស២នាក់ត្រូវបានឪពុកម្តាយនាំទៅចូលរួមពិធីមង្គលការសាច់ញាតិ លុះទៅដល់ខណៈដែលចាស់ៗកំពុងរវល់ក្នុងពិធី ក៏ស្រាប់តែក្មេងប្រុសទាំង២នាក់បានបបួលគ្នាចុះទៅងូតទឹកស្រះលេង បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ស្រុកបាភ្នំ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើដែលលង់ទឹកស្លាប់ មានអាយុត្រឹមតែ១២ទៅ១៣ឆ្នាំប៉ុណ្ណោះ និងត្រូវជាសាច់ញាតិនឹងគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះទាំង២នាក់ រួមទាំងក្រុមគ្រួសារបាននាំគ្នាទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍បងប្អូននៅកន្លែងកើតហេតុ។ លុះពេលដែលឪពុកម្តាយសាច់ញាតិកំពុងរវល់ក្នុងពិធី ក៏ស្រាប់តែក្មេងប្រុសទាំង២នាក់ បាននាំគ្នាដើរលេងនៅក្នុងភូមិ។

លុះទៅដល់ឃើញស្រះទឹក ក៏បបួលគ្នាចុះទៅលេងទឹក ស្រាប់តែអកុសលបានរអិលជើងចូលកន្លែងទឹកជ្រៅបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ខណៈដែលគ្មានចាស់ទុំណាម្នាក់បានប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលនោះឡើយ។

ក្រោយកើតហេតុ បន្ទាប់ពីបាត់កូនយូរពេក ទើបឪពុកម្តាយបាននាំគ្នាតាមរក និងសង្ស័យថា កូនលង់ទឹក ក៏ចុះរាវរកស្រាប់តែប្រទះឃើញកូនប្រុសទាំង២នាក់លង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការផ្អើលឆោឡោពេញក្នុងពិធីមង្គលការ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES