Friday, April 26, 2024
Homeព័ត៌មានជាតិម្ចាស់មិនដឹងទេ អ្នកជិតខាងប្រាប់ ទើបភ្ញាក់ខ្លួនព្រើតតែម្តង

ម្ចាស់មិនដឹងទេ អ្នកជិតខាងប្រាប់ ទើបភ្ញាក់ខ្លួនព្រើតតែម្តង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបឹងទំពុន២ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តជនរងគ្រោះលួចយកធុងបាស់មួយគ្រឿង កាលពីយប់ថ្ងៃទី១៩ ខែមករា កន្លងទៅ នៅចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះ ឈ្មោះយឹម ស៊ីដូនិច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ២៤C ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមន្ត្រីក្រសួងយុត្តិធម៌។

សម្ភារៈបាត់បង់ បែកកញ្ចក់រថយន្តម៉ាកហាយឡែនឌឺរ ពណ៌ស ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ ២U-១៧៦៩ ផ្នែកខាងឆ្វេងចំនួន១ផ្ទាំង និងធុងបាស់ចំនួន១។

សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៩យប់ ជនរងគ្រោះ បានយករថយន្តរបស់ខ្លួនមកចតមុខផ្ទះនៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលក្នុងផ្ទះសម្រាកបាត់ទៅ។

រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក ស្រាប់តែអ្នកជិតខាងប្រាប់ថា រថយន្តបែកកញ្ចក់ហើយ ពេលនោះជនរងគ្រោះចេញទៅមើលឃើញរថយន្តខ្លួនបែកកញ្ចក់និងបាត់ធុងបាស់ក្នុងរថយន្តចំនួនមួយគ្រឿងទៀត ទើបទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឱ្យជួយស្រាវជ្រាវរកជនសង្ស័យចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីទទួលបានបណ្តឹងនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្តលួចយកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ។

លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ បានឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចខាងលើ យកទៅសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំថ្មវាយបំបែកកញ្ចក់រថយន្តលួចយកធុងបាស់ចំនួនមួយគ្រឿង ក្នុងរថយន្តរបស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES