Saturday, April 27, 2024
Homeព័ត៌មានជាតិមូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបា មកដល់នៅប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩

មូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបា មកដល់នៅប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ ៖ កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយមូលនិធិ ជែកម៉ា និងមូលនិធិ អាលីបាបា បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃសៅរ៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ-១៩។

ថ្ងៃនេះ នៅក្នុងពិធីដែលធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ដោយមានការចូលរួមដោយឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រគល់កញ្ចប់ធ្វើតេស្តឲ្យជាផ្លូវការដល់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅឯទីស្តីការក្រសួងសុខាភិបាល។ ហើយក្រសួងសុខាភិបាលកម្ពុជា នឹងបែងចែកឧបករណ៍ធ្វើតេស្តទាំងនេះទៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ-១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើបតែមកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបានយ៉ាងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ជែកម៉ា និងមូលនិធិ អាលីបាបា ចំពោះការជួយឧបត្ថម្ភនេះ”។

តំណាងមូលនិធិ ជែកម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការ គឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមានលទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស”។

អំណោយប្រគល់ជូនប្រទេសកម្ពុជា លើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនិធិទាំងនេះ ក្នុងការផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ី ចំនួន១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី២១ ខែមីនា ថ្មីៗនេះ។

ប្រទេសទាំង១០នោះ រួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្ការ។ ជារួមប្រទេសទាំង១០នេះ នឹងទទួលម៉ាសក៍សរុបចំនួន១,៨លានបន្ទះ, កញ្ចប់ធ្វើតេស្តចំនួន២១០០០០កញ្ចប់, និងសម្លៀកបំពាក់ការពារខ្លួនចំនួន ៣៦០០០សម្រាប់ ក៏ដូចជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដទៃទៀត ដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រ វាស់កម្តៅថ្ងាស់។

គិតត្រឹមពេលនេះ មូលនិធិទាំងពីរបានប្រគល់អំណោយជាសម្ភារវេជ្ជសាស្រ្តសារវ័ន្តសំខាន់ៗ ទៅដល់ប្រទេសចំនួន២៣ហើយ ដោយជាសរុបមានម៉ាសក៍ចំនួន៧,៤លានបន្ទះ, ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន៤៨៥០០០កញ្ចប់, សម្លៀកបំពាក់ការពារខ្លួនចំនួន១០០០០០សម្រាប់ និងឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗជាច្រើនទៀត។
អំណោយទាំងនេះគឺជាផ្នែកមួយក្នុងចំណោមកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីសំណាក់មូលនិធិ ជែកម៉ា និងមូលនិធិ អាលីបាបា ដើម្បីគាំទ្រដល់តំបន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ-១៩។

អំណោយទាំងនេះរួមមានការយក និងប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អាមេរិកឡាទីន, អ៊ឺរ៉ុប, និងអាហ្រ្វិក។

មូលនិធិទាំង២ បានបោះពុម្ពផ្សាយ និងចែកចាយកូនសៀវភៅដែលណែនាំលម្អិតអំពីមេរៀន និងការអនុវត្តន៍ល្អៗពីមន្ទីរពេទ្យ First Affiliated Hospital, សាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជឺជាំង (Zhejiang University School of Medicine), សម្រាប់អ្នកជម្ងឺមេរោគកូវីដ ១៩៖ https://covid-19.alibabacloud.com/

កិច្ចផ្តួចផ្តើម និងអំណោយថ្មីៗជាច្រើនទៀតត្រួវបានគេរំពឹងថាមានចេញប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ៕

RELATED ARTICLES