Saturday, April 27, 2024
Homeព័ត៌មានជាតិអភិបាលខេត្តកណ្តាល បរិច្ចាគប្រាក់ខែ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អភិបាលខេត្តកណ្តាល បរិច្ចាគប្រាក់ខែ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តកណ្តាល ៖ លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន០៧ខែ គឺចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។  

ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោកគង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល០៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា ប្រាក់បៀវត្សរបស់លោកជាចំនួនទឹកប្រាក់មួយតិចតួច តែជាស្មារតីនៃការចែករំលែក និងជាស្មារតីនៃការជួយគ្នារបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោ ដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

RELATED ARTICLES