Friday, April 26, 2024
Homeព័ត៌មានជាតិគ្រាន់តែរួចរាល់ភ្លាម ប្រពន្ធងើបទៅធ្វើការបាត់ ស្រាប់តែអ្នកជិតខាង ខលហៅមកមើលប្តី

គ្រាន់តែរួចរាល់ភ្លាម ប្រពន្ធងើបទៅធ្វើការបាត់ ស្រាប់តែអ្នកជិតខាង ខលហៅមកមើលប្តី

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយ តែទោះជាយ៉ាងណា នៅតែប្រឹងរត់ម៉ូតូឌុបទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជា ដោយមិនហ៊ានឈប់សម្រាកនោះឡើយ ព្រោះតែចង់ឱ្យជីវភាពគ្រួសារបានប្រសើរឡើង លុះកើតអាការមិនសូវស្រួលខ្លួន ក៏ទូរស័ព្ទហៅប្រពន្ធឱ្យមកកោសខ្យល់ឱ្យ លុះកោសខ្យល់រួចក៏ប្រះខ្លួនសម្រាក រីឯប្រពន្ធក៏ចេញទៅធ្វើការរោងចក្រវិញបាត់ទៅ ស្រាប់តែល្ងាចឡើងត្រឡប់មកវិញឃើញប្តីដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះទូច រ៉ាម៉េត អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានជំងឺសន្លាក់ប្រចាំកាយរយៈពេលពេលជាច្រើនឆ្នាំកន្លងមកហើយ។ សព្វថ្ងៃរូបគាត់ប្រកបមុខរបររត់ម៉ូតូឌុបបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក និងមានជីវភាពខ្វះខាតគ្មានលុយកាក់គ្រប់គ្រាន់ទៅព្យាបាលជំងឺនោះទេ គឺខំប្រឹងត្រដររត់ម៉ូតូឌុបទាំងខ្លួនឈឺទៀតផង ដើម្បីតែរកប្រាក់ចិញ្ចឹមគ្រួសារ។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្អូញត្អែរប្រាប់អ្នកជិតខាងថាមិនស្រួលខ្លួនសោះ បន្ទាប់មកអ្នកជិតខាងក៏បានខលទៅប្រាប់ប្រពន្ធជនរងគ្រោះដែលកំពុងធ្វើការនៅរោងចក្រឱ្យចុះមកមើលប្តី លុះពេលប្រពន្ធបានមកដល់ បានជួយកោសខ្យល់ប្តីសព្វគ្រប់រួចរាល់ហើយ ប្រពន្ធក៏ត្រឡប់ទៅធ្វើការវិញទៅ ចំណែកបុរសជាប្តីក៏ប្រះខ្លួនដេកក្នុងបន្ទប់ជួលនោះដែរ។

ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីជាប្រពន្ធចេញមកពីធ្វើការដល់បន្ទប់ជួល ក៏ប្រទះឃើញបុរសរងគ្រោះជាប្តីដេកស្លាប់រឹងខ្លួនទៅហើយ ទើបកើតមានការភ្ញាក់ផ្អើលដល់បងប្អូនរស់នៅក្បែរខាង នាំគ្នាលើកសពមកតម្កល់ទុកនៅដីឡូត៍មួយកន្លែង ងាយស្រួលរថយន្តចូលមកដឹកសពជនរងគ្រោះ ដោយសារផ្ទះកើតហេតុ ផ្លូវចង្អៀតពិបាករថយន្តចេញចូល។ បន្ទាប់មកនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យលើសពជនរងគ្រោះ រួចបានប្រាប់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺខ្យល់គរប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពទៅឱ្យសាច់ញាតិ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES