Saturday, April 27, 2024
Homeព័ត៌មានជាតិប្រពន្ធរកស៊ីគ្មានពេលសម្រាក ប្តីគិតតែព្យាយាមម្តងហើយម្តងទៀត

ប្រពន្ធរកស៊ីគ្មានពេលសម្រាក ប្តីគិតតែព្យាយាមម្តងហើយម្តងទៀត

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺប្រចាំកាយផង ណាមួយខូចចិត្តនឹងរឿងប្រពន្ធអត់សូវរវីរវល់មើលថែផង ទើបធ្វើឱ្យកើតមានចិត្តប្រចណ្ឌ រហូតដល់ធ្លាប់លេបថ្នាំផង អារកខ្លួនឯងផង ប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះតែត្រូវកូនៗ រួមនឹងអ្នកជិតខាងបានឃើញជួយសង្គ្រោះទាន់ពេលរហូត លុះចុងក្រោយខណៈដែលក្រុមគ្រួសារភ្លេចខ្លួនក៏រត់ទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយចន្ទីក្បែរផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចដើមស្វាយចន្ទី ក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅខាងក្រោយវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ក្នុងភូមិអណ្តូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនរូបនេះ មានឈ្មោះហុង សាវុធ អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះឈាង រ៉ែម អាយុ៤១ឆ្នាំ មុខរបរលក់ដូរ និងមានកូនចំនួន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់) ក្នុងបន្ទុកគ្រួសារ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង។

តាមសម្តីយុវតីឈ្មោះហុង ពិសី អាយុ១៧ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ឪពុករបស់នាង (ជនរងគ្រោះ) បានកើតមានជំងឺប្រចាំកាយមួយរយៈមកហើយ ហើយក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ ឪពុកហាក់កើតមានអារម្មណ៍ប្លែកណាស់ ចេះតែចង់សម្លាប់ខ្លួនច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះ ឪពុករបស់នាងធ្លាប់លេបថ្នាំផង ប្រើប្រាស់កាំបិតចាក់អារកខ្លួនឯងផងចងកផង តែមិនបានសម្រេចម្តងណាទេ ព្រោះតែត្រូវពួកនាងជាកូនៗ រួមទាំងអ្នកជិតខាងប្រទះឃើញជួសង្គ្រោះទាន់ពេលរហូត។

យុវតីជាកូនស្រីរូបនេះ បន្តថា ស្រាប់តែមកដល់រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០  ខណៈដែលពួកនាងជាកូនៗដេកលក់ ស្រាប់តែនៅវេលាម៉ោង៣រសៀលថ្ងៃដដែល ពេលដឹងខ្លួនឡើងក៏បាត់ឪពុក ទើបនាំគ្នាដើរស្វែងរក។

លុះដល់វេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃដដែល ទើបប្រទះឃើញឪពុកចងកនៅលើដើម ស្វាយចន្ទី ដោយយកខ្សែភ្លើងចងក ទើបស្រែកឆោឡោផ្អើលអ្នកភូមិជួយស្រាយទម្លាក់ រួចប្រញាប់ដឹកឪពុកនាងយកទៅមណ្ឌលសុខភាព ក្បែរភូមិ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យ រួចប្រាប់ថា ឪពុករបស់នាងបានស្លាប់បាត់ទៅហើយ ទើបដឹកសពវិលត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

ដោយឡែក យោងតាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយហើយមានជំងឺផ្លូវចិត្តទៀត ខណៈដែលស្ត្រីជាប្រពន្ធហាក់មិនសូវរវល់អើពើជួយមើលខ្លួនជាប្តីសោះឡើយ ជាហេតុធ្វើឱ្យជនរងគ្រោះជាប្តីកើតរោគប្រចណ្ឌ ហើយព្យាយាមសម្លាប់ខ្លួនច្រើនលើកហើយ មិនបានសម្រេច ព្រោះកូនៗនិងប្រជាពលរដ្ឋក្បែរខាងជួយ ទើបតែលើកនេះក៏បានរត់ទៅចងករហូតដល់ស្លាប់ដូចបំណងតែម្តង។

យ៉ាងណាក្តី នៅមិនទាន់មានការបំភ្លឺពីសាមី ខ្លួនស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះខាងលើនោះឡើយ ជុំវិញការលើកឡើងនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅសាកសួរពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES