Friday, April 26, 2024
Homeព័ត៌មានជាតិអគារស្នាក់ការបក្សកាន់អំណាច ៣០លានដុល្លារ សម្ពោធថ្ងៃទី២៨ មិថុនា

អគារស្នាក់ការបក្សកាន់អំណាច ៣០លានដុល្លារ សម្ពោធថ្ងៃទី២៨ មិថុនា

ភ្នំពេញ ៖ អគារថ្មីដ៏ធំស្កឹមស្កៃនៃស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបបានសាងសង់រួចរាល់ ចំណាយថវិកាជាង៣០លានដុល្លារនោះ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ សម្តេចហ៊ុន សែន ក៏បានប្រតិកម្មចំពោះអ្នករិះគន់រឿងការសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា នោះផងដែរថា ដោយសម្តេចបញ្ជាក់ថា ថវិកាសម្រាប់សាងសង់អគារថ្មីនេះ គឺបានមកពីសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា គ្មានអ្វីលំបាកទេត្រឹមលុយ៣០លានដុល្លារ សម្រាប់សាងសង់បក្សកាន់អំណាចនោះ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំសូមប្រាប់ថា អ្នកឯងចង់ថាម៉េចថាទៅ នៅថ្ងៃទី២៨ ខែមិថុនា នេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើពិធីសូត្រមន្តចូលឡើងអគារហើយ ចូលនៅអគារហើយ។ កុំអីយកថ្ងៃសុក្រ យើងនិយាយតាមជើងលេខ ប៉ុន្តែជាប់រវល់ តែថ្ងៃ២៨ គឺចំថ្ងៃខួបគណបក្សប្រជាជនកម្ពុជា ហើយចំថ្ងៃសីល ផងដែរ”។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមប្រឆាំងដែលថា បានលុយពីណាធ្វើស្នាក់ការគណបក្សប្រជាជនកម្ពុជា នោះថា លុយបានមកពីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា មានគ្រប់មជ្ឈដ្ឋានទាំងអស់ មានទាំងពាណិជ្ជករ កម្មករ កសិករ និងសេដ្ឋី កូនសេដ្ឋី។ ដូច្នេះមានអ្វីពិបាកត្រឹមលុយជាង៣០លានដុល្លារ សម្រាប់សាងសង់អគារបក្សកាន់អំណាចនោះ!

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

សម្តេចហ៊ុន សែន ថ្លែងចំអកឱ្យអតីតគណបក្សប្រឆាំងថា “អ្នកឯងចង់ធ្វើអ្វីមួយ ដើររៃលុយថាធ្វើនេះ ធ្វើនោះពីសមាជិករបស់អ្នក ជារឿងរបស់អ្នកឯង។ អ្នកខ្លះចលនាគ្នាបង្កើតទូរទស្សន៍ ប៉ុន្តែមិនចេញ ទៅចេញព្រះអាទិត្យ ឬព្រះចន្ទទៅវិញ ហើយបាត់លុយគេ មិនដឹងទៅណា មិនដឹងទេ”។

គួរបញ្ជាក់ថា អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើទីតាំងអគារចាស់ ដែលមានផ្ទៃដីទំហំប្រមាណ១,៦ហិកតារ និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អគារជាង៥០០០០ម៉ែត្រក្រឡា ដែលពេលនេះត្រូវបានសាងសង់រួចរាល់ទាំងស្រុង។

កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ ២០២០ សម្តេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ទទួលសំណង់អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥) ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន៥៨៨ថ្ងៃ និងទទួលសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប តំណាងដោយនាយឧត្តមសេនីយ៍ ខេង សុមេធ។

សម្តេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ពេលចុះហត្ថលេខាទទួលអគារគណបក្សថ្មី

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញពិនិត្យការសាងសង់នៅពេលនេះ គឺសាងសង់សម្រេចបានប្រមាណ៣០%ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាប្រភេទ ៤F ដែលអាចឱ្យយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ៕

ខៀវទុំ

RELATED ARTICLES