Saturday, April 27, 2024
Homeព័ត៌មានជាតិតាមពិត បាន២ដងរួចទៅហើយ តែនៅមិនអស់ចិត្តទៀត

តាមពិត បាន២ដងរួចទៅហើយ តែនៅមិនអស់ចិត្តទៀត

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលល្បាតពេលយប់ ពួនស្ទាក់ចាប់ឃាត់ខ្លួន ព្រោះមានការសង្ស័យ លុះពេលសួរនាំទៅ ទើបធ្លាយរឿងលួចម៉ូតូ២គ្រឿងក្នុងមូលដ្ឋាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវលេខ១០៣ ស្ថិតក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងល្បាតឃាត់ខ្លួននេះ ឈ្មោះរុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្លាប់ប្រើគ្រឿងញៀនរយៈពេលជាង២ឆ្នាំមកហើយ និងបានសារភាពថា ខ្លួនធ្លាប់លួចម៉ូតូចំនួន២គ្រឿង ក្នុងដើមខែកក្កដា ឆ្នាំ២០២០នេះ ។

នគរបាលខណ្ឌចំការមន បានឱ្យដឹងថា  នៅមុនពេលកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ល្បាតក្នុងភូមិសាស្ត្រ ដើម្បីបង្កាទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ស្រាប់តែជួបប្រទះជនសង្ស័យខាងលើ ហើយក៏ឆែកត្រួតពិនិត្យរកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ ក៏នាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់លួចម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក មិនចាំស្លាកលេខ (ដោះបោះចោល) នៅផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មិនចាំថ្ងៃខែ និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ 1HY-0792 លួចនៅផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅក្នុងអំឡុងដើមខែកក្កដា។ មុនពេលប៉ូលិសឃាត់ខ្លួនបម្រុងដើរលួចទៀត ក៏ត្រូវកម្លាំងល្បាតប្រទះឃើញឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យរូបនេះ បញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ម៉ូតូពេលលួចបាន រូបគេដោះគ្រឿងយកទៅលក់បានលុយទិញថ្នាំញៀន ចំណែកម៉ូតូរូបគេភ្លេចមិនដឹងទុកនៅទីណាទេ ទើបនគរបាលបង្ហាញម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញទុកចោលនៅក្នុងដីឡូត៍នោះ ជនសង្ស័យឆ្លើយថា ពិតជាម៉ូតូដែលខ្លួនធ្លាប់លួចកន្លងមកមែន។

ប្រភពដដែលបន្តថា ម៉ូតូ២គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HY-0792 និងម៉ូតូគុបមូល ពណ៌ទឹកប៊ិក គ្មានស្លាកលេខនេះ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានល្បាតឃើញគេប្លុងចោលនៅដីឡូត៍ទុកចោលមួយកន្លែងកាលពី ថ្ងៃទី០៣ និងថ្ងៃទី០៤ ក្នុងខែកក្កដា កន្លងទៅ។

ជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូ២គ្រឿង សមត្ថកិច្ចនឹងស្រាវជ្រាវរកម្ចាស់ ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបន្ថែមទៀត៕

RELATED ARTICLES