Saturday, April 27, 2024
Homeព័ត៌មានជាតិបុណ្យខួប៤ឆ្នាំលោកកែម ឡី ភរិយាប្រកាសធ្វើនៅអូស្ត្រាលី

បុណ្យខួប៤ឆ្នាំលោកកែម ឡី ភរិយាប្រកាសធ្វើនៅអូស្ត្រាលី

ភ្នំពេញ ៖ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍន៍ ដែលត្រូវបានឃាតករសម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសរៀបចំធ្វើបុណ្យខួបគម្រប់ ៤ឆ្នាំ នៃការស្លាប់របស់ស្វាមីអ្នកស្រី នៅវត្តពុទ្ធរង្សី ទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយអ្នកស្រីបានអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី អញ្ជើញចូលរួមឱ្យបានច្រើន។

អ្នកស្រីប៊ូ រចនា បានបង្ហោះកម្មវិធីបុណ្យដែលធ្វើដោយសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម នៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “ជម្រាបសួរ! ជនរួមឈាមខ្មែរ ជាទីគោរព!

នាងខ្ញុំសូមគោរពអញ្ជើញដល់លោកតា លោកយាយ ពុកម៉ែ អ៊ំ ពូមីង មា បងប្អូនទាំងអស់ ចូលរួមបុណ្យខួបគម្រប់៤ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកែម ឡី ដែលត្រូវបានឃាតករលួចបាញ់សម្លាប់នៅស្តារម៉ាត កាល់តិច ស្តុបបូកគោ ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ទាំងអយុត្តិធម៌បំផុត”។

ដោយឡែក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អ្នកស្រីប៊ូ រចនា ក៏បានសរសេរថា “នាងខ្ញុំសូមជម្រាបសួរ! ជនរួមឈាមជាទីគោរព និងក្តីនឹករលឹកពីចម្ងាយ!

១០ កក្កដា ២០១៦ – ១០ កក្កដា ២០២០ គឺជាថ្ងៃគម្រប់ខួប៤ឆ្នាំ របស់ស្វាមីនាងខ្ញុំ

ប៉ុន្តែនាងខ្ញុំប្រារព្វធ្វើនៅថ្ងៃសៅរ៍ ទី១១ កក្កដា ២០២០ នៅប្រទេសអូស្ត្រាលី នៅវត្តពុទ្ធរង្សី មែលប៊ន “ហៅវត្តធំ”។

សូមអធ្យាស្រ័យ ដោយសារតែមានជំងឺកូវីដ និងមានច្បាប់មិនអនុញ្ញាតឱ្យជួបជុំគ្នាច្រើនបាន និងដើម្បីការពារសុវត្ថិភាពផងនោះ ដូច្នេះទើបការរៀបចំបុណ្យរំលឹកខួប៤ឆ្នាំនេះ មិនបានធំដុំដូចរាល់ឆ្នាំឡើយ”។

គួររំលឹកថា លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គមដើម្បីកាអភិវឌ្ឍ និងជាអ្នកវិភាគនយោបាយសង្គមល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាត នៃស្ថានីយប្រេងកាល់តិច ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអះអាងថា ខ្លួនឈ្មោះជួប សម្លាប់។ ក្រោយមកជនសង្ស័យរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។

ក្រោយពេលលោកកែម ឡី ជាស្វាមី ត្រូវគេធ្វើឃាត បន្ទាប់ពីធ្វើបុណ្យបញ្ចុះសពរួចរាល់ អ្នកស្រីប៊ូ រចនា ភរិយាលោកកែម ឡី ខណៈកំពុងមានផ្ទៃពោះជាង៧ខែ បាននាំកូនប្រុសទាំង៤នាក់ ភៀសខ្លួនទៅស្នាក់នៅប្រទេសថៃ មួយរយៈ រហូតកូនប្រុសទី៥ សម្រាលហើយ ទើបអ្នកស្រីនិងកូនប្រុសទាំង៥ ទទួលបានសិទ្ធិជ្រកកោនជាអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលី មកទល់សព្វថ្ងៃ៕

RELATED ARTICLES