Friday, April 26, 2024
Homeព័ត៌មានជាតិប្រកាសរកមនុស្ស ឱ្យរង្វាន់១០លាន តែ១ម៉ោង សមត្ថកិច្ចរកឃើញ

ប្រកាសរកមនុស្ស ឱ្យរង្វាន់១០លាន តែ១ម៉ោង សមត្ថកិច្ចរកឃើញ

ភ្នំពេញ ៖ បន្ទាប់ពីលោកផែង វណ្ណៈ តារាហ្វេសប៊ុកល្បីឈ្មោះ និងជាអ្នកសារព័ត៌មានមួយរូប បានប្រកាសជូនរង្វាន់ដល់អ្នកទាំងឡាយណាដែលរកឃើញយុវជនម្នាក់ ឈ្មោះទ្រី សៀងហៃ ដែលមានគណនីហ្វេសប៊ុកឈ្មោះ “Try Seanghai”  នូវទឹកប្រាក់ចំនួន១០លានរៀល រំលងបានតែ១ម៉ោងប៉ុណ្ណោះ សមត្ថកិច្ចខេត្តកំពត បានរកឃើញភ្លាម។

លោកផែង វណ្ណៈ បញ្ជាក់ថា យុវជនដែលលោកស្វែងរកនោះបានជេរប្រមាថលោកយ៉ាងធ្ងន់ធ្ងរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

លោកផែង វណ្ណៈ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ថា “បើមានបងប្អូនណាបានស្គាល់អាសយដ្ឋានរបស់ឈ្មោះ Try Seanghai សូមផ្តល់ព័ត៌មានមកខ្ញុំ ខ្ញុំនឹងជូនសគុណ១០លានរៀល។ ខ្ញុំស្វែងរកមនុស្សម្នាក់នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ដែលឈ្មោះម្នាក់នេះបានជេរប្រមាថខ្ញុំយ៉ាងធ្ងន់ធ្ងរ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ លេខតេលេក្រាមខ្ញុំ ០១២ ៩៣៣ ៨៨៣ សូមអរគុណ!”។

បន្ទាប់ពីលោកបានប្រកាសខាងលើរួច រំលងបាន១ម៉ោងក្រោយមក លោកផែង វណ្ណៈ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តកំពត បានរកឃើញម្ចាស់គណនីហ្វេសប៊ុក Try Seanghai នោះហើយ ហើយលោកបានឡើងទៅខេត្តកំពត ភ្លាមៗផងដែរ ដើម្បីដាក់ពាក្យបណ្តឹង។ 

លោកផែង វណ្ណៈ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃដដែលថា “សូមអរគុណសមត្ថកិច្ចនគរបាលខេត្តកំពត ដែលបានរកឃើញម្ចាស់គណនីហ្វេសប៊ុក Try Seanghai បានឆាប់រហ័ស។ ពេលនេះ ទោះបីខ្ញុំឈឺ ក៏ខ្ញុំឡើងទៅខេត្តកំពត ឥឡូវដែរ ដើម្បីទៅដាក់ពាក្យបណ្តឹង។ ពេលនេះឈ្មោះ Try Seanghai បានមកដល់កន្លែងនគរបាលហើយ។

យ៉ាងណា នៅល្ងាចថ្ងៃដដែល លោកផែង វណ្ណៈ បានបង្ហោះសារថាខ្ញុំបានមកដល់កំពតហេីយជួបឈ្មោះ​ ទ្រី​ សៀងហៃ​ តាមការសាកសួររបស់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​ គាត់​បាន​បដិសេធ​មិនបាន​ជេរខ្ញុំ​ទេ​ ។ គណនី​ហ្វេសប៊ុក​ឈ្មោះ​ Try Seanghai គឺ​ជន​អនាមិក​បាន​លួចយកមកប្រេី​ប្រាស់​ ជេរ​ប្រមាថ​មនុស្ស​ជាច្រើន​ ។ ដោយយល់ថា​ ប្អូនក៏ជាជនរងគ្រោះដែរ​ ខ្ញុំមិនបានប្ដឹងប្អូនទេ​ តែខ្ញុំ​និង​ប្អូន​ប្រុស​បានរួម​គ្នា​ដាក់​ពាក្យ​បណ្ដឹង​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួង​មហាផ្ទៃ​ ដេីម្បី​ស្រាវជ្រាវ​រកជន​អនាមិក​នោះ​មកផ្ដន្ទាទោស​តាមច្បាប់​”៕

RELATED ARTICLES