Friday, April 26, 2024
Homeព័ត៌មានជាតិកូនខ្លាខណ្ឌដូនពេញ ៤នាក់ ជាប់អន្ទាក់ប៉េអឹមខណ្ឌចំការមន

កូនខ្លាខណ្ឌដូនពេញ ៤នាក់ ជាប់អន្ទាក់ប៉េអឹមខណ្ឌចំការមន

ភ្នំពេញ ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿង គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានមួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួនសោះ ដោយគ្រាន់តែមានវិទ្យុទាក់ទងសៀតជាប់ចង្កេះ បែរជាតាំងខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ រួចធ្វើសកម្មភាពប្រដេញតាមឃាត់យុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវទាមទារឆែកឆេរ តែយុវជនទាំង២នាក់មិនព្រម ក៏ស្រែកឆោឡោផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ព័ទ្ធឃាត់ខ្លួននាំយកទៅសាកសួរ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋាន DOS ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនទាំង៤នាក់ដែលអះអាងថា ខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ រួមមាន ៖

ទី១-ឈ្មោះលឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ទី២-ឈ្មោះហាក់ ភារ៉ា អាយុ២៨ ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ១០D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣-ឈ្មោះកែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤។
និងទី៤-ឈ្មោះទី វិរៈ អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌ ដូនពេញ។

យោងតាមប្រភពព័ត៌មានពីយុវជន២នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ពួកគេបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ លុះដល់ម៉ោងកើតហេតុ ក៏នាំគ្នាជិះម៉ូតូបំណងត្រឡប់ទៅផ្ទះនៅម្តុំតាខ្មៅ ស្រាប់តែពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង ត្រង់ចំណុចកើតហេតុ ក៏លេចមុខយុវជន៤ខាងលើ ជិះម៉ូតូ២គ្រឿង ក្នុងនោះ ១គ្រឿងគ្មានស្លាកលេខ និង១គ្រឿងទៀត ស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ គ្មានមួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួនសោះ ដោយគ្រាន់តែមានវិទ្យុទាក់ទងសៀតជាប់ចង្កេះ បែរជាតាំងខ្លួនជាអាវុធហត្ថខណ្ឌដូនពេញ រួចបានធ្វើសកម្មភាពមកកៀរម៉ូតូពួកខ្លួនឱ្យអែបកៀន ដោយចោទប្រកាន់ថា ពួកខ្លួនជាជនសង្ស័យ តែមិនដឹងសង្ស័យពីករណីអ្វីនោះទេ។

យុវជនរងគ្រោះបន្តថា ដោយឃើញយុវជនទាំងបួននាក់ គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួនច្បាស់លាស់ ទើបពួកខ្លួនសង្ស័យជាប្រភេទពួកបន្លំខ្លួនកៀបស៊ីអ្នកដំណើរពេលយប់ ទើបប្រកែកមិនព្រមសហការ និងស្រែកឆោឡោផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាលរួចរាល់ ទើបដឹងថា ជារឿងយល់ច្រឡំ ដោយក្នុងនោះមានវត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន។ ដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងឱ្យកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធានាខ្លួនយុវជនទាំង៤នាក់ត្រឡប់ទៅវិញ៕

RELATED ARTICLES