Saturday, April 27, 2024
Homeព័ត៌មានជាតិសំណាងហើយពូ... ឥណ្ឌាអត់អី គ្រាន់តែខ្មែរបះជើង

សំណាងហើយពូ… ឥណ្ឌាអត់អី គ្រាន់តែខ្មែរបះជើង

ភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកបើកបរបោះពួយយ៉ាងលឿនគេចពីម៉ូតូខាងមុខ ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករះម៉ូតូកង់បីដូចគ្នា ដែលចតស្ងៀមចំនួន៣គ្រឿងជាបន្តបន្ទាប់ បណ្តាលឱ្យរងការខូចខាត ដោយមានមួយគ្រឿងក្រឡាប់ តែពុំមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌លឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានគេចពីម៉ូតូមកពីខាងមុខងាកទៅស្តាំ ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកម៉ូតូកង់បីដូចគ្នាដែលចតឈប់នៅចិញ្ចើមផ្លូវ មាន២គ្រឿងកង់បីឥណ្ឌា និងមួយគ្រឿងទៀត ប្រភេទកង់បីសណ្តោងរបស់ខ្មែរ ធ្វើឱ្យម៉ូតូកង់បីសណ្តោងក្រឡាប់បះជើង តែពុំបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ គឺខូចខាតតែសម្ភារៈប៉ុណ្ណោះ។

ក្រោយកើតហេតុ ភាគីខាងម៉ូតូកង់បី សណ្តោងរបស់ខ្មែរ ទោះជាបានក្រឡាប់មែនពិត តែមិនរងការខូចខាត ទើបម្ចាស់មិននៅរកខុសត្រូវ ឬទាមទារសំណងឡើយ សុំតែជួយលើកឡើងវិញ ហើយបន្តដំណើរទៅមុខ ដោយមិនចង់នៅវែងឆ្ងាយ។

រីឯម៉ូតូកង់បីឥណ្ឌា ២គ្រឿងរងការខូចខាត ត្រូវបានភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីបង្កសុខចិត្តចេញថ្លៃជួសជុលឱ្យទាំងស្រុង ដើម្បីបញ្ចប់រឿងនៅកន្លែង ទុកជាការរាប់អាន ព្រោះសុទ្ធតែជាអ្នកប្រកបមុខរបរដូចគ្នា៕

RELATED ARTICLES