Friday, April 26, 2024
Homeព័ត៌មានជាតិឪពុកមានវិប្បដិសារៈខ្លាំងណាស់ មិនគួរប្រើកូនតូច ឱ្យមកចាំស្រែ

ឪពុកមានវិប្បដិសារៈខ្លាំងណាស់ មិនគួរប្រើកូនតូច ឱ្យមកចាំស្រែ

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំម្នាក់បានជិះកង់ធ្លាក់ចូលទឹកប្រឡាយ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធម័ ខណៈដែលឪពុកប្រើឱ្យទៅចាំស្រែមើលស្រូវពង្រោះ ខ្លាចមានគោក្របីចុះស៊ីបំផ្លាញ បែរជាអកុសលប្រៀបដូចប្រើកូនឱ្យទៅស្លាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកឯវាលស្រែចម្ងាយ៥០០ម៉ែត្រ ពីផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតនៅភូមិត្រពាំងអំពឹល ឃុំសំបួរ ស្រុកស្វាយទាប។

ក្មេងប្រុសរងគ្រោះខាងលើ មានឈ្មោះចាន់ រ៉ាដាយុទ្ធ អាយុ៧ឆ្នាំ មានឪពុកឈ្មោះចាន់ ស៊ីណាត ម្តាយឈ្មោះស៊ឹម សារ៉ាត់ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុករបស់ក្មេងប្រុសរងគ្រោះបានប្រើកូនប្រុសឱ្យទៅចាំស្រូវពង្រោះ នៅឆ្ងាយពីផ្ទះចម្ងាយប្រហែល៥០០ម៉ែត្រ ដោយខ្លាចមានគេលែងគោក្របីចូលស៊ីស្រូវក្នុងស្រែរបស់ខ្លួន។ បន្ទាប់មកក្មេងប្រុសរងគ្រោះក៏បានទាញកង់ជិះចេញពីផ្ទះ កាត់តាមភ្លឺស្រែ សំដៅទៅមើលស្រូវ ស្រាប់តែអកុសលមិនដឹងយ៉ាងម៉េចពេលជិះកង់ដល់ភ្លឺប្រឡាយទីតាំងកើតហេតុខាងលើ ក៏រអិលដួលទាំងកង់ទាំងមនុស្សធ្លាក់ចូលប្រឡាយជម្រៅជិត២ម៉ែត្រ លិចក្បាលក្មេង បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលក្មេងប្រុសរងគ្រោះមិនចេះហែលទឹកនោះទេ។

តាមសម្តីបុរសជាឪពុកក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីបាត់កូនយូរពេកមិនឃើញត្រឡប់មកផ្ទះវិញ ទើបគាត់បានចេញទៅតាមរក លុះទៅដល់កន្លែងស្រូវពង្រោះពុំឃើញកូន ស្រាប់តែឃើញកង់ធ្លាក់នៅក្នុងទឹកប្រឡាយ ក៏មានការសង្ស័យបានចុះរាវរកកូនក្រែងកូនលង់ទឹក ពេលរាវរកកូនបានឃើញកូនលង់លេចក្នុងទឹកប្រឡាយ តែជាអកុសលកូនជាទីស្រឡាញ់បានស្លាប់បាត់ទៅហើយ។

បុរសជាឪពុកមានការសោកស្តាយ និងមានវិប្បដិសារីជាខ្លាំង មិនគួរប្រើកូនតូចឱ្យមកចាំស្រែមើលស្រូវបែបនេះសោះ ដែលប្រៀបបាននឹងប្រើកូនឱ្យទៅស្លាប់។

ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES