Saturday, April 27, 2024
Homeព័ត៌មានជាតិពួកគាត់ខ្នះខ្នែងជួយភ្លាមៗដែរ... ប៉ុន្តែនៅតែមិនទាន់

ពួកគាត់ខ្នះខ្នែងជួយភ្លាមៗដែរ… ប៉ុន្តែនៅតែមិនទាន់

ខេត្តត្បូងឃ្មុំ ៖ យុវតីចំនួន៣នាក់បាននាំគ្នាចុះទៅលេងទឹកយ៉ាងសប្បាយកាកក្អាយ ជាអកុសល ស្រាប់តែរអិលជើងចូលទៅកន្លែងទឹកជ្រៅ គួបផ្សំនឹងមិនសូវចេះហែលទឹកផង ទើបបណ្តាលឱ្យលង់ទឹកស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម។

ករណីយុវតី៣នាក់លង់ទឹកស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ មានទីតាំងស្ថិតនៅខាងលិចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ។

យុវតីរងគ្រោះទាំង៣នាក់ដែលនាំគ្នាចុះលេងទឹក រួចលង់ស្លាប់ទាំងអស់គ្នា រួមមាន ទី១- ឈ្មោះគាន សុខឃាង អាយុ១៩ឆ្នាំ ទី២- ឈ្មោះឈិន សុខនី អាយុ១៨ឆ្នាំ និងទី៣- ឈ្មោះឈិន ស្រីនាថ អាយុ១៦ឆ្នាំ។ យុវតីទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះទាំង៣នាក់ខាងលើ បាននាំគ្នាធ្វើដំណើរមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ បន្ទាប់មកក៏បាននាំគ្នាចុះទៅលេងទឹកនៅចំណុចខាងក្រោមស្ពានការដ្ឋានចិន ព្រែកជីកទី១ យ៉ាងសប្បាយ។ ស្រាប់តែបន្តិចក្រោយមក យុវតីទាំង៣នាក់បានរអិលជើងចូលទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់លិចចូលទឹកបាត់ខ្លួនទាំង៣នាក់ ខណៈដែលពួកនាងមិនសូវចេះហែលទឹកផង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ច បានមកដល់ទីតាំងកើតហេតុ នាំគ្នាចុះរាវរកយុវតីទាំង៣នាក់ភ្លាមៗដែរ តែទម្រាំរាវរកឃើញ ពួកនាងបានឈ្លក់ទឹកស្លាប់អស់ទៅហើយ។

បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន លោកមេភូមិស្វាយពក មេភូមិមេលោង តំណាងលោកមេឃុំ និងលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសព រួចបញ្ជាក់ថា  សពគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ យុវតីរងគ្រោះទាំង៣នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមែនជាករណីឃាតកម្មឡើយ។

សពយុវតីរងគ្រោះទាំង៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES