Friday, April 26, 2024
Homeនយោបាយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ថាប្រជាធិបតេយ្យពុំឋិតនៅលើមាត់អួតអាងនោះឡើយ

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ថាប្រជាធិបតេយ្យពុំឋិតនៅលើមាត់អួតអាងនោះឡើយ

ភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រជាធិបតេយ្យពុំឋិតនៅលើមាត់អួតអាងនោះឡើយ ធាតុពិតរបស់វា គឺជាលទ្ធផលដែលប្រជាជនរស់នៅដោយសុខសាន្តជ្រកនៅក្រោមម្លប់នៃច្បាប់ជាតិ។

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ថា ”ចាប់តាំងឆ្នាំ១៩៩៣ មក ចលនាតស៊ូគ្រប់ភាគី លើកលែងតែពួកកម្ពុជាប្រជាធិបតេយ្យ សុទ្ធតែអួតអាងថា ពួកខ្លួននាំយកប្រជាធិបតេយ្យ មកកម្ពុជា ហើយចោទគណបក្សប្រជាជនកម្ពុជា ថាពួកកុម្មុយនីស្ត។

ឆ្នាំ១៩៩៣ ក្រោយកិច្ចព្រមព្រៀងសន្តិ-ភាពទីក្រុងប៉ារីស UNTAC បានរៀបចំការបោះឆ្នោតជាលើកដំបូង ដោយគ្មានភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ជាលទ្ធផល មានគណបក្ស៣ធំៗ ដែលតំណាងឱ្យប៉ូល ៣ធំៗ នៅកម្ពុជា ៖

១- គណបក្សហ៊្វុនស៊ិនប៉ិច តំណាងឱ្យ សម្តេចឪ

២- គណបក្សប្រជាជនកម្ពុជា តំណាងឱ្យ ៧មករា

៣- គណបក្សសេរីនិយម ព្រះពុទ្ធសាសនា លោកតាសឺន សាន តំណាងឱ្យក្រុមសាធារណរដ្ឋ។

ដោយលទ្ធផល បានបញ្ជាក់ថា មនោគមន៍វិជ្ជាបែបសាធារណរដ្ឋ បែបអាមេរិកាំងនិយម នៅកម្ពុជា នៅមានកម្រិតទាបនៅឡើយ ទើបផែនការរបស់ពួកបរទេស ចាប់ផ្តើមប្រើយុទ្ធនាការ រយៈពេលវែង ហេតុដូច្នេះហើយ ទើបយើងបានឃើញអង្គការសង្គមស៊ីវិលជាច្រើន ធ្វើការងារលើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កើតឡើងជាច្រើនដែលជាចង្កោមនៃការងារ ផ្តោតលើការផ្លាស់ប្តូរ”។

លោកជា ច័ន្ទបរិបូរណ៍ សរសេរបន្តថា “អំនួតពួកអ្នកនយោបាយ ៖ ក្រោយពីគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យពួកសាធារណរដ្ឋខ្លះដែលបង្កប់ខ្លួនក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បានបំបែកខ្លួនចេញទៅបង្កើតគណបក្សផ្សេងៗ ដោយអួតអាងថា ខ្លួនឬពួកខ្លួន ជាអ្នកប្រជាធិបតេយ្យ Sic។

រីឯក្រុមសង្គមស៊ីវិល ក៏បានបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមបែបយកមនុស្សខ្វាក់ ៣នាក់ ឱ្យទៅស្ទាបដំរី ដោយម្នាក់ៗស្ទាបកន្លែងផ្សេងៗគ្នា រួចហើយទុកឱ្យមនុស្សខ្វាក់ទាំង៣ ប្រកែកគ្នារឿងសត្វដំរី ហើយពួកគេទៅបាត់។

រីឯពួកជើងឯកនយោបាយ ដែលអួតអាងថា ពួកគេជាជើងឯកប្រជាធិបតេយ្យ ក៏បានបាក់បែកគ្នាជាបន្តបន្ទាប់ តាមរយៈអំនួតរៀងៗខ្លួន ដោយចោទប្រកាន់គ្នាទៅវិញទៅមកថា ពួកអានេះក្រុមឆ្កែនោមដាក់ពួកអាក្បត់ ពួកអាសំរាម ពួកអាសាច់ស្អុយ៘”។

លោកជា ច័ន្ទបរិបូរណ៍ សរសេរបន្តទៀតថា “រីឯគណបក្សប្រជាជនកម្ពុជា ពុំបានអួតអាងថា ជាជើងឯកប្រជាធិបតេយ្យអ្វីនោះឡើយ ក៏ប៉ុន្តែគណបក្សនេះជាជើងឯកគ្មានគូប្រៀប ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពទឹកដី ដែលដែនដីនេះបាក់បែក និងធ្លាក់ចុះជាង៥០០ឆ្នាំ នាពេកន្លងមក ប្រែជាការអភិវឌ្ឍប្រទេស និងជាគ្រឹះដ៏រឹងមាំក្នុងការការពារសន្តិភាព របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្ក ព្រះមហាក្សត្រ និងអភិវឌ្ឍន៍ប្រទេស តាំងពីក្រោមសូន្យ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ដូចយើងបានឃើញនាពេលនេះ ហើយប្រជាជនជាសាក្សីស្រាប់។

គេបានមើលឃើញ គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនដែលរត់ចោលប្រជាជន ម្តងណាឡើយ ហើយគណបក្សនេះបានដើរតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា យ៉ាងខ្ជាប់ខ្ជួន។

សរុបសេចក្តីមក ប្រជាធិបតេយ្យ វាពុំឋិតនៅលើមាត់អួតអាងនោះឡើយ ធាតុពិតរបស់វា គឺជាលទ្ធផលដែលប្រជាជនរស់នៅដោយសុខសាន្ត ជ្រកនៅក្រោមម្លប់នៃច្បាប់ជាតិ”៕

RELATED ARTICLES