Saturday, April 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ស្នើសុំរុស្សុី ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា

សម្តេចហ៊ុន សែន ស្នើសុំរុស្សុី ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំរុស្ស៉ី ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

សម្តេចហ៊ុន សែន បានស្នើសុំបែបនេះ ក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាថូលី បូរ៉ូវិក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នាវិមានសន្តិភាព ។

នៅក្នុងជំនួបនោះ លោក អាណាថូលី បូរ៉ូវិក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតរុស្ស៉ី បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន (Vladimir Putin) ចំពោះសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរសម្ដេច មានសុខភាពល្អ។

នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតរុស្ស៉ី ក៏បានគោរពជម្រាបជូនសម្តេចហ៊ុន​ សែនអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងដ៏ល្អ ដែលមានជាមួយគ្នាជាយូរមកហើយ។ លោកបានមានប្រសាសន៍ថា ទំនាក់ទំនងការទូត មកទល់ពេលនេះ គឺមានរយៈពេល ៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។

នៅក្នុងបេសកកម្មការទូតនៅកម្ពុជា នេះ លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស  សេដ្ឋកិច្ច ពាណិជ្ជកម្ម  វប្បធម៌ ការទូត និងវិស័យដទៃទៀត ដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

លោក អាណាថូលី បូរូវីក បានថ្លែងអំណរគុណ និងអបអរសាទរចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ចំពោះខួបទី២៧ នៃថ្ងៃបង្កើតនិងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ តាមពិតទៅ លោកអាណាថូលី បូរូវីក បានមកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៨៤ ជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី ។លោកបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយលោកក៏អាចនិយាយភាសាខ្មែរ បានយ៉ាងច្រើនទៀតផង។ លោកបានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។

ជាការឆ្លើយតប សម្តេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនចំពោះសម្តេច ។ សម្ដេច បានយល់ស្របជាមួយនឹងអ្វីដែលលោកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្ស៉ី ដែលបានជួយដល់ប្រទេសកម្ពុជា កន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលកម្ពុជា នាពេលនោះ កំពុងតែជួបវិបត្តិជាច្រើន បន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មក។ មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជា ក្នុងសម័យនោះ។ ប៉ុន្តែរុស្ស៉ី ជាមិត្តដែលបានជួយកម្ពុជា រហូតមក។

នៅក្នុងជំនួបនោះ សម្ដេចហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ី មកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជា រីកចម្រើនរហូតមកដល់ពេលនេះ។

លើសពីនេះទៅទៀត សម្តេចនាយករដ្ឋមន្រ្តី ​ក៏បានសម្តែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ។ សម្ដេច បានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 នេះ អាចជួយដល់ពិភពលោកយើង ក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច​ សង្គម និងទំនាក់ទំនងរវាងប្រទេសជាច្រើន នៅក្នុងពិភពលោក។   ទន្ទឹមនឹងនោះដែរ​ សម្តេចហ៊ុន សែន ក៏បានស្នើសុំដល់រុស្ស៉ី ផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

មននឹងបញ្ចប់កិច្ចពិភាក្សា​ សម្តេចហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី​ និងលោកនាយករដ្ឋមន្រ្តីរុស្សី​ ព្រមទាំងជូនពរលោកឯកអគ្គរដ្ឋទូតរុស្សីថ្មី​ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

RELATED ARTICLES