Saturday, April 27, 2024
Homeព័ត៌មានជាតិទឹកចាប់ផ្ដើមស្រកមែន ក៏ជនរងគ្រោះនៅបុរី VIP នៅតែទទួលបានការផ្គត់ផ្គង់

ទឹកចាប់ផ្ដើមស្រកមែន ក៏ជនរងគ្រោះនៅបុរី VIP នៅតែទទួលបានការផ្គត់ផ្គង់

ស្ថានភាពទឹកជំនន់នៅក្នុងបុរី VIP ក្នុងខណ្ឌដង្កោរ បានស្រកចុះដែលអាចឲ្យពលរដ្ឋចូលទៅរស់នៅបានវិញហើយ ដោយប្រជាជនច្រើនឡើងបានទាំងចូលទៅលាងសម្អាតផ្ទះដើម្បីរស់នៅវិញនោះផង។

យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា ពលរដ្ឋ និងកម្មករដែលរស់នៅអាស្រ័យនៅក្នុងបុរីនោះ នៅតែទទួលបាននូវការយកចិត្តទុកដាក់ ដោយក្រៅតែមានទូកសង្គ្រោះដឹកទៅដឹកមកជាប្រចាំ ម្ចាស់បុរីក៏នៅតែបញ្ចេញកញ្ចប់មូលនិធិ ដើម្បីផ្គត់ផ្គង់នូវការហូបចុក និងតម្រូវការខ្វះខាតរបស់ពលរដ្ឋនៅទីនោះផង។

យោងតាមការចុះទៅសម្ភាសន៍ជាមួយអ្នកកាសែតដោយផ្ទាល់ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺពលរដ្ឋដែលមានបញ្ហាលិចលង់ ហើយមិនចេញមករស់នៅខាងក្រៅ ត្រូវបានម្ចាស់បុរីរៀបចំឲ្យស្នាក់នៅក្នុងផ្សារ VIP ដោយខាងបុរីបានរៀបចំឲ្យមានចុងភៅដាំស្លផ្គត់ផ្គង់អាហារថ្ងៃត្រង់ និងល្ងាច ដើម្បីឲ្យអ្នករងគ្រោះទាំងនោះ បានហូបចុកដោយមិនខ្វះខាត តាំងពីស្ថានភាពលិចលង់ត្រូវបានកើតឡើងមកម្ល៉េះ។

ជាក់ស្ដែង មកទល់នឹងវេលាដែលអ្នកសារព័ត៌មានចុះទៅដល់ ក៏ម្ចាស់គម្រោងនៅតែបន្តផ្គត់ផ្គង់អាហារហូបចុក និងចែកស្បៀងជាប្រចាំ ខណៈដែលក្រុមកម្មករ គឺក្រុមហ៊ុនរៀបចំបាយជូន៣ពេលឯណោះ ជារៀងរាល់ថ្ងៃ។

ប្រភពពីចុងភៅ គឺអ្នកស្រីសេង គីម បានបញ្ជាក់ថា ក្នុងមួយថ្ងៃ ក្រុមហ៊ុនដាំបាយអស់រង្វង់២បាវ ទៅ២បាវកន្លះ ដោយអ្នកស្រី និងក្រុមចុងភៅ មិនមែនដាំបាយតម្រូវតែក្រុមកម្មករដូចមុននោះទេ តែដាំតម្រូវពលរដ្ឋគ្រប់គ្នា ដែលមុនចេញពីបុរី ហើយប្រឈមនឹងការខ្វះខាតនោះតែម្ដង។

អ្នកស្រីបន្តថា ការដាំបាយទទួលអ្នករងគ្រោះ គឺមិនមានកំណត់នោះទេ ពោលគឺដាំបន្តដូចធ្វើបុណ្យភូមិ ដោយសូម្បីតែភ្ញៀវ និងក្រុមជួយសង្គ្រោះមកពីខាងក្រៅ ក៏ទទួលបាយទឹកនោះដែរ។ ក្នុងនោះអ្នករងគ្រោះខ្លះដែលមិនមែនជាកម្មកររបស់បុរី ក៏ក្រុមហ៊ុនទទួលបាយទឹកផងដែរ តាំងពីមានបញ្ហាទឹកលិចក្នុងថ្ងៃដំបូង។

អ្នកស្រីបន្តទៀតថា ការលើកឡើងថា កម្មករខ្លះជួបរឿងអត់បាយ ព្រោះចេញទៅណាក៏មិនរួច គឺជារឿងបំផ្លើសសុទ្ធសាធ ដោយសារភាពជាក់ស្ដែង គឺអ្នកជាប់នៅក្នុងបុរី សុទ្ធតែមានទូកសង្គ្រោះចាំដឹកដល់កន្លែងស្នាក់នៅ ដោយក្រៅពីទូកដែលបុរីរៀបចំ ទូកខាងខណ្ឌ និងសាលាក្រុង ក៏មានមិនខ្វះនោះដែរ។

 អ្នកស្រីបន្ថែមថា អ្នករងគ្រោះ មិនថាស្នាក់នៅក្នុងកន្លែងដែលបុរីរៀបចំ និង ទីទួលដែលសាលាក្រុងរៀបចំនោះទេ គឺសុទ្ធតែមានការទទួលបាយទឹកឲ្យហូបចុកទាំងអស់ ដោយមិនដល់ថ្នាក់ត្រូវដេកអត់បាយដូចការលើកឡើងនោះឡើយ លើកលែងតែក្រុមជួយសង្គ្រោះទៅជួយហើយ មិនព្រមចេញមក។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ត្រូវគេឃើញឆ្លាស់គ្នាប្រចាំការមើលខុសត្រូវចំពោះការប្រឈមរបស់អ្នករងគ្រោះនៅក្នុងបុរី ជាមួយនឹងលោកហម រ៉ន ដែលជាម្ចាស់គម្រោងជាដៃគូ ស្ទើរទាំងយប់ទាំងថ្ងៃនោះផង ដើម្បីចាត់ចែងនូវកង្វះខាតរបស់អ្នករងគ្រោះនៅក្នុងបុរីកុំអោយខ្វះខាត។ ទីតាំងដែលជួយសង្គ្រោះនោះ ក៏ត្រូវអគ្គនាយកទាំងពីរដឹកជញ្ជូនស្បៀងអាហារទាំងទូកៗ ដើម្បីឲ្យក្រុមចុងភៅ និងក្រុមការងារចាត់ចែងការហូបចុក និងម្ហូបអាហារដល់អ្នករងគ្រោះ ជាពិសេសអ្នកមិនចេញទៅណាកុំអោយខ្វះខាត។

ជាក់ស្ដែង មកទល់នឹងល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បើទោះជាស្ថានភាពទឹកចាប់ផ្ដើមស្រកខ្លះ ដែលអាចអោយពលរដ្ឋរងគ្រោះត្រឡប់ចូលទៅនៅផ្ទះបានរៀងខ្លួន ក៏ម្ចាស់ក្រុមហ៊ុនទាំងពីរនៅតែបន្តបញ្ចេញមូលនិធិសង្គ្រោះ តាមរយៈការរៀបចំទូកដឹកជញ្ជូន និង បន្តដឹកស្បៀងដើម្បីឲ្យក្រុមចុងភៅ ចាត់ចែងដាំបាយដាំទឹក និង ធ្វើម្ហូបអាហារទទួលទាំងកម្មករ និង ទាំងអ្នកដែលត្រូវការការហូបចុកពីការចាត់ចែងបុរីដដែល។

លោកស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនបុរី VIP បានថ្លែងបញ្ជាក់ថា ស្ថានភាពលិចទឹកនៅក្នុងពេលនេះ មិនមែនលិចតែបរិវេណបុរី VIP នោះទេ ពោលគឺសង្កាត់ចំនួន៩ នៅខណ្ឌដង្កោ សុទ្ធតែត្រូវបានលិច បន្ទាប់ពីការបាក់ទំនប់ធ្វើឲ្យស្ទឹងព្រែកត្នោត បង្ហៀរទឹកជន់លិចតាំងពីទឹកដីខេត្តកំពង់ស្ពឺ មក។ ជាការទទួលខុសត្រូវ លោកថា ខាងបុរីមិនគ្រាន់តែជួយដោះស្រាយរឿងរៀបចំទូកសង្គ្រោះជូនពលរដ្ឋ និង ចែកស្បៀងអាហារដល់អ្នករងគ្រោះប៉ុណ្ណោះទេ គឺខាងបុរីទាំងមូលក៏រៀបចំកន្លែងស្នាក់នៅ ក្នុងពេលទឹកជន់ខ្លាំង និងរៀបចំដាំបាយដាំទឹកទទួលអ្នកមិនចេញទៅណាទាំងអស់ ឲ្យមានអាហារហូបចុកផងដែរ ដែលនេះគឺបន្ទុកដ៏ធំក្នុងការចំណាយ។

យ៉ាងណាមិញ លោកថា ស្ថានភាពជនលិចនៅក្នុងបុរី គឺមានកម្រិតតែរង្វង់២តឹក ឬ ៣តឹកប៉ុណ្ណោះ ទើបក្រោយស្វាងភ្លៀងពលរដ្ឋឆាប់បានចូលនៅ ដែលខុសពីបុរីជិតខាង គឺនៅលិចជ្រៅនៅឡើយ៕

RELATED ARTICLES